ដោយៈ មេក វិ​ន​/​ភ្នំពេញ​៖​ខ្ញុំ​ឈ្មោះ លឹម ផា អាយុ​៦១​ឆ្នាំ មាន​ទីកន្លែង​កំណើត​នៅ​ភូមិ​តា​ព័រ ឃុំ​ពង្រ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប​។ បច្ចុប្បន្ន​ខ្ញុំ​រស់នៅក្នុង​ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ​។​

នៅក្នុង​ឆ្នាំ​១៩៧២​ខ្ញុំ​ត្រូវបញ្ជូន​ឲ្យ​ទៅ​រស់នៅក្នុង​កងកុមារ​បែក​ពី​ឪពុក​ចាស់ជរា​ដេក​នៅផ្ទះ​តែម្នាក់ឯង​។​ខ្ញុំ​នៅ​កងកុមារ​មួយ​រយៈ​ខ្មែរក្រហម​ក៏បាន​ចាត់តាំង​ខ្ញុំ​ឲ្យ​មើល​ការខុសត្រូវ​ក្រុម​កុមារ​តូចៗ​ជាង​ខ្ញុំ​ចំនួន​២០​នាក់​។​ខ្ញុំ​ដឹកនាំ​កុមារ​ក្នុង​ក្រុម​ទៅធ្វើ​ការជីក​និង​គាស់​គល់ឈើ​នៅក្នុង​ចម្ការ​ចេញ​ឲ្យ​អស់​ដើម្បី​ដាំ​ដំណាំ​។​រីឯ​ការងារ​មួយចំនួនទៀត​គឺ​ខ្ញុំ​ដឹកនាំ​កុមារ​ធ្វើស្រែ​ដក​ស្ទូង​និង​យក​លាមក​លាយ​ជាមួយ​ដីដំបូក​ធ្វើជា​ជី​សម្រាប់​ដាក់​ស្រែ​។ ជី​ដាក់​ស្រែ​កាល​ជំនាន់​នោះ​ផ្សំ​ពី​សំបក​ស្ដៅ សម្បក​ស្លែង និង​ស្លឹក​ទន្ទ្រានខែត្រ​។​

លឹម ផា អាយុ​៦១​ឆ្នាំ នៅ​ភូមិ​ឬ​ស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ ខេត្ត​ឧ​ត្ត​រ​មានជ័យ នៅ​ខែកញ្ញា ឆ្នាំ​២០២២​។ (​បណ្ណសារ​មជ្ឈមណ្ឌល​ឯកសារ​កម្ពុជា​)

ពេល​ដល់​រដូវវស្សា​ម្ដងៗ ខ្ញុំ​រួមទាំង​កុមារ​ជាច្រើន​នាក់​ទៀត​ចេញទៅ​ស្ទូង បើទោះបីជា​យើង​ខ្លាច​ឈ្លើង​យ៉ាងណា​ក៏​មិន​ហ៊ាន​ឈប់​ដែរ​ព្រោះ​ខ្លាច​មេកង​ដែល​ឈរ​មើល​ពីក្រោយ​វាយ​ធ្វើបាប​។ ចំណែក​ការហូបចុក​នៅក្នុង​កង​កុមារ​មានការ​ខ្វះខាត​។ ខ្ញុំ​តែងតែ​លួច​បាយ ត្រី សាច់ ដាក់​ក្នុង​សំពត់​យកទៅ​ឲ្យ​ឪពុក​របស់ខ្ញុំ​ដែល​រស់នៅក្នុង​កង​ចាស់ជរា​។ ថ្ងៃមួយ​ប្រធាន​សហករណ៍​បានដឹងថា​ខ្ញុំ​លួច​ត្រី ហើយក៏​ចាប់​ខ្ញុំ​យកទៅ​ណែនាំ​កុំ​ឲ្យ​មាន​លើក​ទី​២ ឬ​ទី​៣​ទៀត​ជាដាច់ខាត​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​មេកង​បម្រុង​នឹង​យក​ខ្ញុំ​ទៅ​សម្លាប់ចោល​បន្ទាប់ពី​ខ្ញុំ​និយាយ​តាម​ក្មេងៗ​ដទៃ​ដោយ​ពាក្យ​មួយ​ឃ្លា​ថា «​ចិន​ធ្វើស្រែ ខ្មែរ​ធ្វើ​ជី​»​។

​ខ្ញុំ​ធ្វើការ​នៅ​កងកុមារ​រហូតដល់​ឆ្នាំ​១៩៧៥ ក៏​ឃើញ​មានការ​ជម្លៀស​ប្រជាជន​ពី​ភ្នំពេញ និង​ពី​កំពង់ក្ដី​ឲ្យ​មក​រស់នៅ​ក្នុងភូមិ​រប​ស់​ខ្ញុំ​។ កាលណោះ ក្រុមគ្រួសារ​ប្រជាជន​ដែល​ជម្លៀស​មក​សុទ្ធតែ​មានកូន​ប្រុស ស្រី​ក​ម្លោះ​ក្រមុំ ដែល​សុទ្ធតែ​អ្នកមានចំណេះដឹង ដូចជា គ្រូបង្រៀន​ជាដើម​។ ខ្ញុំ​ចាំ​ថា​ប្រជាជន​ដែល​ជម្លៀស​មក​ទាំងនេះ​គឺ​ស្លាប់​សមាជិកគ្រួសារ​រប​ស់​មិត្ត​នារី ហ៊ីង ស្ទើរ​អស់ ដោយសារ​ខ្មែរក្រហម​ចោទ​គ្រួសារ​គាត់​ថា ខ្សែ សេ​.​អ៊ី​.​អា គឺ​នៅរស់​តែ​មិត្ត​នារី ហ៊ីង ម្នាក់​ប៉ុណ្ណោះ​។ កាលណោះ ខ្ញុំ​ពិតជា​មានការ​សោកស្ដាយ​ជាមួយនឹង​ការបាត់បង់​ក្រុមគ្រួសារ​របស់​មិត្ត​នារី ហ៊ីង ណាស់ ព្រោះ​គាត់​ត្រូវ​រស់នៅ​ឯកោ​ម្នាក់ឯង​។

​ខ្ញុំ​នៅ​ធ្វើការ​ក្នុង​កងកុមារ​រហូតដល់​កងទ័ព​វៀតណាម​វាយ​ចូលមក​នៅ​ដើមឆ្នាំ​១៩៧៩ សហករណ៍​និង​កងកុមារ​របស់ខ្ញុំ​ក៏ត្រូវ​បាន​រំសាយ​ចោល​។ ខ្ញុំ និង​ឪពុក រួមទាំង​បងប្អូន​ដទៃទៀត​ត្រឡប់មក​រស់នៅ​ផ្ទះ​វិញ​។ បន្ទាប់ពី​ខ្ញុំ​បាន​ជួបជុំ​គ្រួសារ​ហើយ ខ្ញុំ​បាន​ចូលរៀន​នៅ​ថ្នាក់​ទី​១ ដោយ​កាលនោះ​ខ្ញុំ​មាន​អាយុ​១៨​ឆ្នាំ​ហើយ​។ ខ្ញុំ​បន្ត​រៀន​រហូតដល់​ចប់​ថ្នាក់​ទី​៦ ក៏​ឈប់រៀន​ដោយសារ​ខ្វះខាត​ថវិកា​។

​នៅក្នុង​ឆ្នាំ​១៩៨៩ បងស្រី​របស់ខ្ញុំ​ដែល​ចូលរួម​ជាមួយ​ខ្មែរក្រហម​បានមក​យក​ខ្ញុំ​ទៅ​នៅ​ជាមួយ​គាត់​នៅ​ភ្នំ​ដងរែក​។ មកដល់​ដំបូង បងស្រី​របស់ខ្ញុំ​ឲ្យ​ខ្ញុំ​បង្ហាត់បង្រៀន​សិស្ស​ក្មេងៗ​នៅក្នុង​ភូមិ​ឬ​ស្សី​។ កាលនោះ ខ្ញុំ​ឃើញ​មាន​ថ្នាក់រៀន​ចំនួន​២​បន្ទប់​តែប៉ុណ្ណោះ​។ ខ្ញុំ​បង្រៀន​ក្មេងៗ​រហូតដល់​ឆ្នាំ​១៩៩៦ ក៏បាន​រៀបការ​ជាមួយ​ប្ដី​របស់ខ្ញុំ​ដែលជា​កងទ័ព​ខ្មែរក្រហម​។ កាល​ខ្ញុំ​នៅ​ធ្វើជា​គ្រូបង្រៀន តា​ម៉ុក បាន​បើកប្រាក់​ឲ្យ​ខ្ញុំ​ចំនួន​៥០០​រៀល​។ ខ្ញុំ​បាន​យកប្រាក់​នោះ​ទៅ​ទិញ​ក្រណាត់​នៅ​កន្លែង​ពាណិជ្ជកម្ម​ខ្មែរក្រហម​ដែល​ស្ថិតនៅ​ភូមិ​ស្រះ​ឈូក​សព្វថ្ងៃនេះ​។ មួយរយៈ​ក្រោយមក កងទ័ព​រដ្ឋាភិបាល​បាន​វាយ​ចូលដល់​ស្រុក​អន្លង់វែង ហើយ​កងកម្លាំង​របស់​ខ្មែរក្រហម​មួយចំនួន​ក៏បាន​រត់​ឡើងលើ​ភ្នំ​ដងរែក​។ ពេលនោះ​ខ្ញុំ​មានកូន​មួយ​ហើយ ដូច្នេះ​ខ្ញុំ​និង​គ្រួ​សារបាន​ផ្លាស់​ទៅ​រស់នៅ​ជំរំ​ភូ​ណ​យ រហូតដល់​កងកម្លាំង​ខ្មែរក្រហម​ធ្វើ​សមាហរណកម្ម​ចុះចូល​ជាមួយ​រាជរដ្ឋាភិបាល​នៅ​ស្រុក​អន្លង់វែង ទើប​ខ្ញុំ​ចុះមក​រស់នៅ​ក្នុងភូមិ​ឬ​ស្សី ឃុំ​ផ្អាវ ស្រុក​ត្រពាំង​ប្រាសាទ​រហូតមកដល់​ប​ច្ចុ​ប្បន្ន​៕​សរន​