ដោយ៖ដេប៉ូ/ភ្នំពេញ៖ លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និង កីឡាបានថ្លែងថាបំណិនសតវត្សទី២១ គឺនឹងបានចូលរួមចំណែកយ៉ាងសំខាន់មួយទៀតក្នុងវិស័យអប់រំដែលជាការជួយចូលរួមការអភិវឌ្ឍយុវជនកម្ពុជានាពេលអនាគត។

ការថ្លែងបញ្ជាក់ពីសំណាក់ លោក រដ្ឋមន្រ្តីក្រសួងអប់រំ និងជាអនុប្រធានប្រចាំការនៃក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីអភិវឌ្ឍយុវជន បែបនេះធ្វើឡើងក្នុងសិក្សាសិក្ខាសាលាស្ដីពី “ថ្នាលបំណិនសតវត្សរ៍ទី២១ របស់យុវជន” ដែលបានរៀបចំឡើងនៅថ្ងៃទី ៣០ ខែ កញ្ញា ឆ្នាំ ២០២២នាសាកលវិទ្យាល័យជាតិគ្រប់គ្រងក្នុងរាជធានីភ្នំពេញ។ បើតាមទំព័រហ្វេសប៊ុករបស់ក្រសួងអប់រំបានបញ្ជាក់ថា សិក្ខាសាលានេះរៀបចំឡើងក្នុងគោលបំណងឱ្យយុវជនទទួលបានចំណេះដឹងអំពីបំណិនសតវត្សរ៍ទី២១ តាមរយៈការចែករំលែករបស់វាគ្មិន និងវេទិកាពិភាក្សា ដើម្បីតម្រង់ទិសការអភិវឌ្ឍសក្ដានុពលរបស់ខ្លួន គឺជាធាតុចូលយ៉ាងសំខាន់ដល់ការអភិវឌ្ឍគោលនយោបាយ និងផែនការសកម្មភាពជាតិស្ដីពីការអភិវឌ្ឍយុវជនកម្ពុជានាពេលអនាគត៕