​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ ការវាយប្រហារ​របស់​រុស្ស៊ី​មួយ​លើ​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា បាន​សម្លាប់​មនុស្ស​យ៉ាង​តិច​២៣​នាក់ និង​បង្ក​របួស​រាប់សិប​នាក់​ទៀត នៅ​ពេល​តែ​ប៉ុន្មាន​ម៉ោង​មុន​រដ្ឋាភិបាល​ទីក្រុង​​មូ​ស្គូប្រកាស​កាត់ទឹកដី​អ៊ុ​យក្រែន​បន្ថែម​ទៀត​ទៅជាឧ​ប​សម្ពន្ធរុស្ស៊ី​។​

​អភិបាល​តំបន់​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា លោក អូឡេកសាន់​ដ្រ៍ ស្តា​រុក​(Oleksandr Starukh )​បានប្រកាស​ដូច្នេះ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​កាលពី​ថ្ងៃ​សុក្រ​។​លោក​បាន​និយាយថា​មាន​អ្នករងរបួ​២៨​នាក់​​នៅពេល​កងកម្លាំង​រុស្ស៊ី​ផ្តោត​ការវាយប្រហា​រលើ​ក្បួន​មនុស្សធម៌​មួយ​ដែល​តម្រង់​ទៅកាន់​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី​។​

​ស្តា​រុក បាន​និយាយថា អ្នក​នៅ​ក្នុង​ក្បួន​រថយន្ត​នេះ​មាន​ផែនការ​ធ្វើ​ដំណើរ​ចូល​ក្នុង​ទឹកដី​កាន់កាប់​ដោយ​រុស្ស៊ី​ដើម្បី​នាំយក​សាច់ញាតិ​របស់​គេ​ទៅកាន់​កន្លែង​មាន​សុវត្ថិភាព​។​

​លោក​បាន​ថត​បង្ហោះ​រូបភាព​រថយន្ត​ឆេះ​និង​សាកសព​មនុស្ស​នៅលើ​ផ្លូវថ្នល់​។​

​ភាគី​រុស្ស៊ី​នៅ​មិនទាន់​ប្រតិកម្ម​យ៉ាងណា​ចំពោះ​ការចោទប្រកាន់​នេះ​។​

​ការវាយប្រហារ​នេះ​កើត​ឡើង​នៅ​ពេល​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​ត្រៀម​ដាក់​បញ្ចូល​តំបន់​អ៊ុយ​ក្រែន​ចំនួន​បួន​ទៅ​ជា​ផ្នែក​នៃ​ទឹកដី​រុស្ស៊ី​ក្រោយ​ការបោះ​ប្រជាមតិ​មួយ​កាលពី​ចុង​សប្តាហ៍​មុន​នៅក្នុង​ទឹកដី​អ៊ុយ​ក្រែន​ដែល​ខ្លួន​បាន​វាយកាន់កាប់​។​តំបន់​ទាំងនោះ​រួម​មាន​ទឹក​ដី​នៅ​ជិត​ទីក្រុង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា ទីក្រុង​ដែល​ស្ថិតនៅក្រោម​ការកាន់កាប់​របស់​អ៊ុ​យក្រែននៅឡើយ​។​

​អ្នកនាំពាក្យ​វិមាន​ក្រឹម​ឡាំង​លោក ឌី​មី​ទ្រី ប៉េ​ស្កូវ កាលពី​ថ្ងៃ​ព្រហស្បតិ៍​បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា តំបន់​បួន​របស់​អ៊ុ​យក្រែន រួម​មាន​លុន​ហាន់់ស​ខ៍​(Luhansk) ដូណិត​ស​ខ៍ (Donetsk)​ឃើ​សុន​(Kherson)​និង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា​(Zaporizhzhia) នឹង​ចូល​ជាមួយ​រុស្ស៊ី​ក្នុង​ពិធី​មួយ​នៅ​វិមាន​ក្រឹម​ឡាំងនាថ្ងៃសុក្រ ដែល​មាន​ការចូលរួម​ពី​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន ។​

​ជា​ការឆ្លើយតប ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​ឡេន​ស្គី បាន​កោះ​បើកកិច្ចប្រជុំ​គ្រាអាសន្ន​មួយ​របស់​ក្រុមប្រឹក្សា​សន្តិសុខ​ជាតិ​និង​យោធា​របស់​លោក​នៅ​ថ្ងៃ​សុក្រ​។​លោក​ក៏​បាន​ឆ្លៀត​អំពាវនាវ​​អោយ​ក្រុម​ជនជាតិ​នៅ​រុស្ស៊ី ជា​ពិសេស​អ្នក​នៅ​តំបន់​ដា​ហ្គេ​ស្តង់​( Dagestan)​ដែល​ជា​តំបន់​ក្រីក្រ​ជាងគេ​មួយ​នៅ​រុស្ស៊ី ចេញ​មក​ប្រឆាំង​សង្គ្រាម​រុស្ស៊ី​នៅ​អ៊ុ​យក្រែន​។​

​ក្នុងពេល​ជាមួយគ្នា អាម៉េរិក​និង​សម្ពន្ធមិត្ត​បាន​សន្យា​ដាក់ទណ្ឌកម្ម​ថែម​លើ​រុស្ស៊ី​និង​ផ្តល់​ជំនួយ​រាប់​លាន​ដុល្លារ​បន្ថែមទៀត​ក្នុង​ការគាំទ្រ​ជា​ពិសេស​សំរាប់​អ៊ុ​យក្រែន ។​

​ពូ​ទីន មុន​នេះ​កាលពី​ថ្ងៃ​សុក្រ​បាន​ចេញ​ក្រិត​មួយ​ទទួលស្គាល់​ឯករាជ្យភាព​នៃ​តំបន់​ឃើ​សុន និង​ហ្សា​ប៉ូរី​ហ្ស៍​យ៉ា ជា​ចំណាត់ការ​ដូចជា​គ្នា​នឹង​អ្វីដែល​លោក​បាន​ធ្វើ​ជាមួយ​នឹង​តំបន់​លុន​ហាន់​សខ៍និង​ដូណិត​ស​​ខ៍ កាលពី​ខែ​កុម្ភៈ និង​តំបន់​គ្រី​ម៉េនៅ​ពេលមុននោះ​។​

​អ៊ុយ​ក្រែន​បាន​ប្តេជ្ញា​វាយ​យក​តំបន់​នេះ​មកវិញ រួម​ទាំងតំបន់គ្រី​ម៉េ តែ​លោកពូ​ទី​ន​បាន​ព្រមាន​ថ្មីៗ​នេះ​ថា លោក​មិន​ខ្លាច​ប្រើ​សព្វាវុធ​នុយក្លេអ៊ែរ​ទេ​ដើម្បី​ការពារ​ទឹកដី​រុស្ស៊ី​៕

​ទាហាន​រុស្ស៊ី​ថ្មី កំពុង​បញ្ជូន​ទៅ​កាន់​សមរភូមិ​