ដោយៈឈុំ រ៉ា បុគ្គលិក​មជ្ឈមណ្ឌល​ឯកសារ កោះ​ថ្ម​/ភ្នំពេញ៖​ខ្ញុំ​ឈ្មោះ ប្រាក់ តាំង ភេទ​ប្រុស កើត​នៅ​ឆ្នាំ​១៩៤១ នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្តកំពង់ចាម​។ បច្ចុប្បន្នខ្ញុំ​រស់នៅ​ភូមិ​ឃុំ​ដដែល​។ ខ្ញុំ​មាន​ម្តាយ​ឈ្មោះ ជា ហឿន និង​ឪពុក​ឈ្មោះ ប្រាក់ តុ​ប និង​មាន​បងប្អូន​ចំនួន​៦​នាក់​ស្រី​២​នាក់​។ ខ្ញុំ​គឺជា​កូន​ទី​២​នៅក្នុង​គ្រួសារ​។

​កាលពី​កុមារ ខ្ញុំ​មិនសូវ​បាន​រៀន​ជាប់លាប់​ទេ​។ នៅ​សម័យមុន​នៅក្នុង​ភូមិ​មានផ្ទះ​ប្រជាជន​ត្រឹមតែ​២០ ទៅ​៣០​ខ្នង​ប៉ុណ្ណោះ​។ ប្រជាជន​ទាំងអស់​នៅក្នុង​ភូមិ​រំចេក​ត្រូវបាន​បារាំង​កេណ្ឌ​ចេញពី​ភូមិ​ឲ្យ​ទៅ​រស់នៅ​ខាង​កំពង់​រាំង ព្រោះ​មាន​មេទ័ព​របស់​បារាំង​ម្នាក់​ឈ្មោះ ពាំង សេនា ត្រូវបាន​ខ្មែរ​ឥស្សរ​លួច​សម្លាប់ចោល​។ ខ្ញុំ​រស់នៅ​កំពង់​រាំង​បាន​មួយឆ្នាំ ក្រុម​ខ្មែរ​ឥស្សរ​ចូលមក​វាយ​ប៉ុស្តិ៍​របស់​បារាំង​ទៀត ចំណែក​ប្រជាជន​ដែលមាន​ការភ័យខ្លាច​ប្រមាណ​ជាង​១០០​នាក់ បាននាំគ្នា​ទៅ​រស់នៅ​ក្នុងព្រៃ​។

​ប្រាក់ តាំង បច្ចុប្បន្ន​រស់នៅ​ភូមិ​រំចេក ឃុំ​រំចេក ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ​។​(​បណ្ណសា​រម​ជ្ឈ​ណ្ឌ​ល​ឯកសារ​កម្ពុជា​)

នៅពេល​ខ្ញុំ​អាយុ​២៣​ឆ្នាំ ខ្ញុំ​បាន​រៀបការ និង​កូន​ចំនួន​៣​នាក់​។ រហូតដល់​ឆ្នាំ​១៩៧០ ក៏មាន​រដ្ឋប្រហារ​ទម្លាក់​សម្តេចព្រះ នរោត្តម សីហនុ ពេលនោះ​នៅក្នុង​ភូមិ​រំចេក​មិនមាន​ការធ្វើ​បាតុកម្ម​ឡើយ ព្រោះ​ជា​ភូមិ​ដាច់ស្រយាល​។ ប៉ុន្តែ​ខ្ញុំ​ធ្លាប់​បានឮ​ប្រជាជន​និយាយ​ឃោស​នាតៗ​គ្នា​ថា “​ជយោ​សម្តេចឪ​អ្នកណា​មិន​ទៅ​សម្លាប់ចោល​”​។

​ប្រជាជន​ដែល​រស់នៅ​ក្នុងភូមិ​រំចេក​ភាគច្រើន​ធ្វើ​ការងារ​កាប់​ឫស្សី កាប់​ឈើ កាប់​វ​ល្លិ៍ រកត្រី​និង​ធ្វើស្រែ​សម្រាប់​ផ្គត់ផ្គង់​គ្រួសារ​។ ក្រៅពីនោះ​ប្រជាជន​ប្រកបមុខរបរ​ធ្វើ​ឈ្នាង ធ្វើ​ទ្រូ ល្អី និង​ចងសន្ទូច ។ កាលពីមុន នៅក្នុង​ភូមិ​សម្បូរ​សាច់ សម្បូរ​ត្រី​ណាស់ ប្រជាជន​ចេញ​ទៅរក​តែមួយ​ភ្លែត អាច​ហូប​២​ទៅ​៣​ថ្ងៃ​មិនទាន់​អស់​ផង​។

​នៅក្នុង​ឆ្នាំ​១៩៧០​ដដែល នៅក្នុង​ភូមិ​រំចេក​មានការ​ទម្លាក់​គ្រាប់បែក​យ៉ាងច្រើន​ដែល​ធ្វើ​ឲ្យ​ផ្ទះសម្បែង​ប្រជាជន​ចំនួន​បី​ខ្នង​ត្រូវ​ភ្លើង​ឆេះ និង​ស្លាប់​ឈ្មោះ ម៉ន ម្នាក់​។ ការទម្លាក់​គ្រាប់បែក​មិន​មានបំណង​សម្លាប់​ប្រជាជន​ខ្មែរ​នោះទេ គឺ​សំដៅ​ទៅលើ​កងទ័ព​វៀត​កុង (​វៀតណាម​ខាងជើង​) ព្រោះ​មាន​កងទ័ព​វៀត​កុង​ច្រើន​បាន​ចូលមក​លាក់ខ្លួន​ក្នុងព្រៃ​នៅ​ឃុំ​រំចេក​។ កងទ័ព​វៀត​កុង​ខ្លះ​បាន​ចូលមក​នៅក្នុង​ភូមិ ប៉ុន្តែ​មិនបាន​ប៉ះពាល់​ប្រជាជន​ខ្មែរ​ទេ គឺ​គ្រាន់តែ​ចូល​មកសុំ​កន្លែង​ស្នាក់នៅ និង​រក​ម្ហូប​។ កងទ័ព​វៀត​កុង​មាន​សម្លៀកបំពាក់​ពណ៌​ស្លា​បចេក ហើយ​នៅពេល​ចេញ​ដើរ​កងទ័ព​វៀត​កុង​ទាំងនោះ​យក​ស្លឹកឈើ​មក​គ្រប​លើ​ក្បាល ដើម្បី​ការពារ​កុំ​ឱ្យ​សត្រូវ​មើលឃើញ​។

​នៅពេលនោះប្រជាជន​រស់នៅ​ក្នុងភូមិ​រំចេក​ហូបចុក និង​រស់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន​។ ប្រជាជន​ធ្វើការ​ងារ​ប្រវាស់ដៃ​គ្នា​ទៅវិញទៅមក ហើយ​ធ្វើ​ទាល់តែ​រួចរាល់​មួយកន្លែង​ទើប​នាំគ្នា​ទៅធ្វើ​មួយកន្លែង​ទៀត​ដែលជា​ទូទៅ​ប្រជាជន​ហៅថា ក្រុមសាមគ្គី​គ្នា​។ បន្ទាប់ពី​ធ្វើការ​ងារ​ប្រវាស់ដៃ​បាន​មួយឆ្នាំ ស្រាប់តែ​ខ្មែរក្រហម​ចាប់ផ្តើម​ប្រមូល​ប្រជាជន​ឲ្យ​ហូប​រួម​។

​នៅ​ថ្ងៃទី​១៧ ខែមេសា ឆ្នាំ​១៩៧៥ ខ្មែ​ក្រហម​ជម្លៀស​ប្រជាជន​ប្រមាណ​២០០​នាក់​ចេញពី​ទីក្រុង​ភ្នំពេញ​ឱ្យមក​រស់នៅ​ក្នុងភូមិ​រំចេក ឃុំ​រំចេក​។ ចំពោះ​នារីៗ​នៅក្នុង​ភូមិ​ត្រូវបាន​ជ្រើសរើស​ឲ្យ​ធ្វើជា​គ្រូពេទ្យ ចំណែក​ប្រុសៗ​ឱ្យចូល​ធ្វើជា​យោធា​។ ពេលនោះ​ប្រជាជន​ជម្លៀស​មកពី​ភ្នំពេញ​ពុំ​មានផ្ទះ​សម្រាប់​ស្នាក់​នៅទេ ដូច្នេះ​ប្រជាជន​ទាំងនោះ​ត្រូវ​ទៅ​ស្នាក់​នៅតាម​ផ្ទះ​បណ្តោះអាសន្ន​ជាមួយ​អ្នកភូមិ​។ ផ្ទះ​របស់ខ្ញុំ​ក៏មាន​អ្នក​ជម្លៀស​មកពី​ភ្នំពេញ​ស្នាក់នៅ​ដែរ ទម្រាំ​អង្គ​ការសង់​ខ្ទម​សម្រាប់​ប្រជាជន​ថ្មី​រស់នៅ​។ ពេល​ហូបបាយ​អ្នក​ជម្លៀស​មក​ថ្មី​ត្រូវ​ហូប​ជាមួយ​ប្រជាជន​ថ្មី​ដូចគ្នា​។ ចំណែក​ប្រជាជន​មូលដ្ឋាន​ហូប​ជាមួយ​អ្នក​នៅក្នុង​ភូមិ​។ ពេល​ជម្លៀស​មក​ដល់​ដំបូង​ប្រជាជន​ថ្មី​ចាញ់​ទឹកដី ហើយ​ឈឺ​គ្រុនចាញ់​ស្លាប់​អស់​ជាច្រើន​នាក់ ព្រោះ​គ្មាន​ថ្នាំ​សម្រាប់​ព្យាបាល​។ ប្រជាជន​ជម្លៀស​មក​ថ្មី និង​ប្រជាជន​មូលដ្ឋាន​ត្រូវ​ចេញទៅ​ធ្វើការ​គ្មាន​ពេល​ឈប់សម្រាក​ឡើយ​។ ប្រជាជន​ថ្មី​មកពី​ភ្នំពេញ​មិនសូវ​ចេះ​ធ្វើស្រែ​ដូច​ប្រជាជន​មូលដ្ឋាន​ឡើយ យូរៗ​ទៅ​ទើប​ប្រជាជន​ថ្មី​ទាំងនោះ​អាចធ្វើ​ស្រែ​បាន​ដូច​អ្នកភូមិ​។ ប្រជាជន​ជម្លៀស​មកពី​ភ្នំពេញ​ស្លាប់​ច្រើន​នាក់​ណាស់ ដោយសារ អត់បាយ គ្រុនចាញ់ និង​ខ្មែរក្រហម​យកទៅ​សម្លាប់ចោល​។ អ្នកស្លាប់​ទាំងនោះ​ត្រូវបាន​ខ្មែរក្រហម​យកទៅ​កប់​ចោល​នៅ​ខាងក្រោយ​វត្ត​។

​មួយរយៈ​ក្រោយមក អង្គការ​ចាប់ផ្តើម​សួរនាំ​អ្នក​ជម្លៀស​មកពី​ភ្នំពេញ​រក​អ្នក​ដែលមាន​ចំណេះដឹង មានបុណ្យ​ស័ក្តិ និង​អតីត​អ្នកធ្វើការ​កាលពី​ជំនាន់​មុន​ឱ្យ​ទៅ​រៀនសូត្រ​បន្ថែម និង​ចូលធ្វើ​ការងារ​វិញ​។ ពេលនោះ អ្នក​ដែល​ឆ្លើយថា មាន​ស័ក្តិ ធ្វើជា​ទាហាន លន់ នល់ ធ្វើ​គ្រូបង្រៀន និង​មានចំណេះដឹង ប្រមាណ​៤០​នាក់ ត្រូវ​ខ្មែរក្រហម​ចាប់ខ្លួន និង​យកទៅ​វាយ​ទម្លាក់​នៅក្នុង​អណ្តូង គឺ​មានតែ​មនុស្ស​ពីរ​នាក់​ប៉ុណ្ណោះ​បាន​រត់​រួចខ្លួន ហើយ​ត្រឡប់មក​នៅក្នុង​ភូមិ​វិញ​។

​ចំណែក​ខ្ញុំ​ត្រូវបាន​ខ្មែរក្រហម​ចាត់តាំង​ឱ្យ​ធ្វើជា​មេក្រុម ប៉ុន្តែ​ខ្ញុំ​បានប្រកែក​ព្រោះ​ខ្ញុំ​មិនចេះ​ប្រើ​មនុស្ស ហើយ​ម្យ៉ាងទៀត​ខ្ញុំ​មិនចេះ​អក្សរ​។ ខ្មែរក្រហម​មិនបាន​រករឿង​ខ្ញុំ​ទេ ហើយ​ជ្រើសរើស​អ្នកផ្សេង​ទៀត​ឲ្យ​ធ្វើជា​ប្រធាន​ក្រុម​។ ក្រោយមក ខ្មែរក្រហម​បាន​ចាត់តាំង​ខ្ញុំ​ឱ្យ​ធ្វើការ​នៅ​កងចល័ត និង​លើក​ទំនប់​នៅ​បឹង​ក្រចាប់​នៅ​តំបន់​២១ ហើយ​ប្រសិនបើ​ប្រជាជន​ណា​ប្រកែក​មិន​ទៅតាម​ការចាត់តាំង អង្គការ​នឹង​យកទៅ​សម្លាប់ចោល​ភ្លាម​។ ពេលនោះ​ប្រជាជន​មកពី​គ្រប់​ស្រុក​បាន​ទៅ​លើក​ទំនប់​នៅ​បឹង​ក្រចាប់​។ នៅ​ទីនោះ​ពុំមាន​អាហារ​ហូបចុក​គ្រាប់​គ្រាន់​ទេ គឺ​ក្នុង​មួយថ្ងៃ​មានតែ​របប​អាហារ​ពីរ​ពេល​តែប៉ុណ្ណោះ គឺ​ពេល​ថ្ងៃត្រង់ និង​ពេល​ល្ងាច​។ ក្នុង​មួយថ្ងៃ​ប្រជាជន​ត្រូវតែ​ធ្វើ​ឲ្យ​ហើយ​រួចរាល់​លើ​ផ្ទៃដី​ដែល​អង្គការ​បានកំណត់​។ សម្រាប់​ខ្ញុំ​អាចធ្វើ​បាន ប៉ុន្តែ​មាន​អ្នកផ្សេង​នៅក្នុង​ក្រុម​ជាមួយគ្នា​ធ្វើ​មិន​រួច ដូច្នេះ​ដល់ពេល​ម៉ោង​ហូបបាយ​គឺ​អង្គការ​អត់​ឲ្យ​គាត់​ហូប​ទេ​។ ខ្ញុំ​ជីក​ប្រឡាយ​នៅ​បឹង​ក្រចាប់​រយៈពេល​៤​ខែ​។

​ក្រោយមក កម្មាភិបាល​និង​កងទ័ព​មកពី​ខាង​និរតី​ចូលមក​និង​មានការ​វាយ​ប្រយុទ្ធ​គ្នា ធ្វើ​ឲ្យ​ប្រជាជន​មានការ​ច្រួលច្របល់​។ ពេលនោះ​ខ្ញុំ​បាន​រត់​ត្រឡប់មកផ្ទះ​ធ្វើស្រែ​ជាមួយ​ប្រជាជន​នៅក្នុង​ភូមិ​វិញ​។ ខ្ញុំ​មក​នៅផ្ទះ​បាន​មួយខែ កងទ័ព​មជ្ឈិម​ចូលមក​ទៀត ធ្វើ​ឲ្យ​ប្រជាជន​រស់នៅ​ភូមិភាគ​បូព៌ា​រត់​ចូល​ព្រៃ​លាក់ខ្លួន ហើយ​ខ្លះទៀត​បានគេច​ខ្លួន​ទៅ​ប្រទេស​វៀតណាម​។ ពេលនោះ ប្រជាជន​ទៅ​ដេក​នៅ​ព្រំដែន​មួយ​យប់ បន្ទាប់មក​កងទ័ព​វៀតណាម​យក​ឡាន​មក​ដឹក​ប្រជាជន​ទាំងនោះ​ទៅ​ដាក់​នៅ​ជើង​អណ្តែង​។ វៀតណាម​ចែក​អង្ករ ម្ហូប ស្រូវ​សាឡី ឱ្យ​ប្រជាជន​ហូបចុក​គ្រប់គ្រាន់​។ ខ្ញុំ​រស់នៅ​ប្រទេស​វៀតណាម​រយៈពេល​៤​ខែ ក្រោយ​មក​វៀតណាម​បាន​បញ្ជូន​ខ្ញុំ​និង​ប្រជាជន​ភៀសខ្លួន​ត្រឡប់មក​ស្រុ​កំណើត​វិញ ។ ពេល​មក​ភូមិ​វិញ ផ្ទះសម្បែង​ខ្លះ​បាន​បាក់បែក​ស្ទើរតែ​ទាំងអស់ ចំណែក​ផ្ទះ​ខ្ញុំ​មិនមាន​ខូច​ឡើយ​។ ក្រោយមក​ខ្ញុំ​ចាប់ផ្តើម​កាប់ឆ្ការ​ព្រៃដាំ​ដំណាំ និង​ធ្វើស្រែ ទម្រាំ​មាន​អាហារ​ហូប​គ្រប់គ្រាន់​។ នៅក្នុង​របប​ខ្មែរក្រហម​ប្អូន​របស់ខ្ញុំ​ម្នាក់​ឈ្មោះ ប្រាក់ សឿន ត្រូវបាន​ខ្មែរក្រហម​ចាប់​ធ្វើជា​ទាហាន ហើយ​ត្រូវបាន​ខ្មែរក្រហម​សម្លាប់ចោល​៕​សរន