ដោយ៖តារារិទ្ធ(សៀមរាប)៖នៅព្រឹកថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ស្អែកនេះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានឹងបន្តជួបសំណេះ សំណាលជាមួយប្រជាពលរដ្ឋ ២,៧៥១គ្រួសារផ្សេងទៀតដែលបានស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់ អាជ្ញាធរជាតិអប្សរា ទៅរស់នៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់។

កាលពីថ្ងៃទី ១៣ ខែកញ្ញា កន្លងទៅសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តរើលំនៅឋាននិងសំណង់ខុសច្បាប់នៅតំបន់រមណីយដ្ឋាន អង្គរនិងតំបន់ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាប្រមាណ ១,១១៧ គ្រួសាររួចម្តងមកហើយ ។

សូមរំលឹកថារាជរដ្ឋាភិបាលកម្ពុជាកាលពីខែសីហាកន្លងទៅនេះតាមរយៈគណៈកម្មការអន្តរក្រសួងមួយដឹកនាំដោយលោកឧបនាយករដ្ឋមន្ត្រី ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំ ដែនដីនគរូបនីយកម្មនិងសំណង់បានបើកយុទ្ធនាការទ្រង់ទ្រាយធំក្នុងការវាស់វែងកំណត់និយាមកាក្បាលដីនៅរមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រង របស់អាជ្ញាធរជាតិអប្សរាក៏ដូចជារុះរើសំណង់ខុសច្បាប់ចេញពីតំបន់ទាំងនេះ។

ការបើកយុទ្ធនាការនេះបានធ្វើឡើងបន្ទាប់ពីប្រាសាទក្នុងតំបន់រមណីយអង្គរបានរងការព្រមានពីអង្គការយូណេស្កូក្នុងការដកតំបន់រមណីយដ្ឋានអង្គរចេញពីបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកព្រោះតែសំណង់ជាច្រើនត្រូវបានសង់ឡើងផ្ទុយពីលក្ខខណ្ឌកំណត់ដោយអង្គការយូណេស្កូក្រោយពេលដាក់បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោកកាល ពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ ។

របាយការណ៍របស់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់បានឱ្យដឹងថាក្រុមការងារសម្រេចបានការវាស់វែងនិងស្រង់ទិន្នន័យក្បាលដីដែលប្រជាពលរដ្ឋកាន់កាប់ក្នុង តំបន់រមណីយដ្ឋានអង្គរស្ថិតនៅ ១១៤ ភូមិ, ២៤ឃុំ/សង្កាត់និង ៥ក្រុង/ស្រុកស្មើនឹង ៩៧,៨៥៥ក្បាលដីទំហំ ២៩,១៧៤ហិកតា។ជាមួយគ្នានោះប្រជាពលរដ្ឋស្ម័គ្រចិត្តរុះរើសំណង់ខុស ច្បាប់ចេញពីតំបន់រមណីយដ្ឋានអង្គរនិងតំបន់ដទៃទៀតស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរាបានចាប់ឆ្នោតជ្រើសរើសដីឡូតិ៍ទៅតាំងទីលំនៅថ្មីនៅតំបន់អភិវឌ្ឍ ន៍រុនតាឯកសរុប៣,៨៦៨ គ្រួសារ ។ ប្រជាពលរដ្ឋស្ម័គ្រចិត្តនិងបានរុះរើតូប រោង កញ្ចុះ និង ផ្ទះសាងសង់ខុសច្បាប់ស្ថិតក្នុងតំបន់រមនីយដ្ឋានអង្គរបានប្រមាណ ៤០០តូប។

ទន្ទឹមនឹងការងារវាស់វែងនិងស្រង់ទិន្នន័យក្បាលដីនៅតំបន់រមណីយដ្ឋានអង្គរក៏ដូចជាតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរាហើយនោះក្រុមការងារក៏បានប្រឹងប្រែងសម្រេចការងារបែងចែកដីឡូតិ៍ ការឈូសឆាយដី និង កសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅភូមិធម្មជាតិរុនតាឯក កន្លែងដែលពលរដ្ឋត្រូវផ្លាស់ទីទៅរស់នៅផងដែរ។ ដើម្បីសម្រួលដល់ ការរស់នៅរបស់ប្រជាពលរដ្ឋលើភូមិធម្មជាតិរុនតាឯកសម្តេចតេជោ ហ៊ុន សែន បានដាក់ចេញបទបញ្ជា ឱ្យរៀបចំប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធនានា មានផ្លូវ ទឹក ភ្លើង សាលារៀន មន្ទីរពេទ្យ ផ្សារ បណ្តាញអ៊ីនធើណេតជាដើម ។ សម្តេចតេជោក៏បានសម្រេចផ្តល់ដីទំហំ ២០ម៉ែត្រ គុណនឹង ៣០ម៉ែត្រ ផ្តល់បណ្ណក្រីក្រ បណ្ណស្ត្រីមានផ្ទៃពោះ ផ្តល់ដីពេលបំបែកគ្រួ សារ ឧបត្ថម្ភថវិកា ១លាន ៤សែនរៀល ស្បៀងអាហារមួយចំនួនធំនិងស័ង្កសីសម្រាប់ធ្វើផ្ទះចំនួន ៣០សន្លឹកក្នុងមួយគ្រួសារ។

បច្ចុប្បន្នកិច្ចការរៀបចំដីនិងសាងសង់ហេដ្ឋារចនាសម្ព័ន្ធនានាត្រូវបានសម្តេចតេជោនាយករដ្ឋមន្ត្រីផ្តល់តួនាទីភារកិច្ចជូនទៅកងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន សៀមរាប ដើម្បីសម្រេចឱ្យបានតាមបទបញ្ជាលើការងារកសាងហេដ្ឋារចនាសម្ព័ន្ធ និងរៀបចំសំអាតព្រៃយកដីជូនប្រជាពលរដ្ឋឲ្យបានឆាប់ ។ គ្រឿងចក្រសរុបជាង ២០០គ្រឿងនិងកម្លាំង ជាង ១ពាន់នាក់បំពេញប្រតិបត្តិការលើការដ្ឋានរៀបចំភូមិឋានធម្មជាតិរុនតាឯក ។

របាយការណ៍បានបង្ហាញថាការឈូសឆាយរៀបចំដីឡូតិ៍នៅភូមិធម្មជាតិរុនតាឯកសម្រេចបានទំហំជាង ៤៣១ ហិកតាស្មើនឹងជាង ៧៦ ភាគរយនៃផ្ទៃដីសរុបទំហំ ៥៦៦ហិកតា។ ការស្ថាបនាផ្លូវក្រួសក្រហមបានប្រវែងប្រមាណ ២០ គីឡូម៉ែត្រ, ការសាងសង់អគារសិក្សាថ្មីចំនួន ២ខ្នង ស្មើនឹង ២៤បន្ទប់និងអគារទីចាត់ការ និងបណ្ណាល័យ ១ខ្នង ស្មើនឹង៣ បន្ទប់ សម្រេចបាន ១៥ភាគរយ។ ការសាងសង់មណ្ឌលសុខភាពរួមមានអគារជំងឺទូទៅ ១ខ្នង, អគារសម្ភព ១ខ្នង និងអគារស្នាក់នៅរបស់គ្រូពេទ្យ ១ខ្នង សម្រេចបាន១៥ភាគ រយ, ការសាងសង់ផ្សារចំនួន ៨ខ្នង សម្រេចបាន ៥ភាគរយ។ ការរៀបចំប្រព័ន្ធបញ្ជូនទឹកស្អាតចាប់ពីចំណុចផ្សារអង្គ្រងតាមបណ្តោយផ្លូវជាតិលេខ៦៦ចូលដល់ទីតាំងតំបន់អភិវឌ្ឍន៍រុនតាឯកប្រវែង១៧គីឡូម៉ែត្រកំពុងត្រូវបានរៀបចំដំណើរការ។ សាងសង់បង្គោលអង់តែនទូរស័ព្ទចំនួន ៥ បង្គោលក្នុងនោះ ២បង្គោលគ្រោងនឹងបញ្ចប់ការសាងសង់ នៅសប្តាហ៍ទី១ ខែវិច្ឆិកា ឆ្នាំ២០២២ និង៣បង្គោលទៀតគ្រោងសាងសង់ជាបន្តបន្ទាប់។ ការរៀបចំតបណ្តាញអគ្គិសនីជំហានទី១ នៅក្នុងតំបន់១និងតំបន់២នៃតំបន់អភិវឌ្ឍន៍ រុនតាឯកសម្រេចបានប្រមាណ ៥ភាគរយ ។ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទបានចុះបណ្តុះបណ្តាលផ្នែកកសិកម្មនិងចែកកូនមាន់ កូនទា កូនត្រីនិងពូជបន្លែជូនប្រជា ពលរដ្ឋផងដែរ។

សម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសំណេះសំណាលជាមួយពលរដ្ឋស្ម័គ្រចិត្តមករស់នៅភូមិរុនតាឯកកាលពីដើមខែកញ្ញាបានបង្ហាញការប្តេជ្ញាចិត្តប្រែក្លាយភូមិរុនតាឯកពីតំបន់ ព្រៃទៅជាតំបន់អភិវឌ្ឍន៍និងមានបំណងធ្វើឱ្យភូមិរុនតាឯកទៅជាទីក្រុងថែមទៀតផង ៕