​ប្រែ​សម្រួលៈ​បំណង​(​ដេល្លី​ម៉េល​)៖ រុស្ស៊ី​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​បាន​បោះឆ្នោត​វ៉េតូ​ប្រឆាំង​នឹង​សេចក្តីសំរេច​ចិត្ត​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​អង្គការសហប្រជាជាតិ​ចេញ​ដោយ​អាម៉េរិក​និង​អាល់​បាលី​​ដែល​ថ្កោលទោស​ការ​កាត់​យក​ទឹកដី​អ៊ុយ​ក្រែន​មួយ​ផ្នែក​ទៅ​ជា​ចំណែក​មួយ​របស់​រុស្ស៊ី នៅពេល​ដៃគូ​យុទ្ធសាស្ត្រ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូគឺ​ចិន បាន​បោះ​អនុប្បវាទ​។​

​មុននេះ ប្រធានាធិបតី​រុស្ស៊ី​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានប្រកាស​ការគ្រប់គ្រង​លើ​តំបន់​បួន​ដែល​ស្មើនឹង​ទឹកដី​អ៊ុ​យក្រែន​១៥​ភាគរយ ក្នុងការ​ធ្វើ​ឧបសម្ពន្ធ​(​បន្ថែម​បញ្ចូល​ទឹកដី​)​ធំ​បំផុត​នៅ​អឺរ៉ុប​ចាប់​តាំង​​ពី​សង្គ្រាម​លើក​លើក​ទី​ពីរ​មក​។​ចំណាត់ការ​នេះ​បង្ក​ការប្រឆាំង​ជំទាស់​ដាច់​ខាត​ពី​បណ្តា​ប្រទេស​លោកខាងលិច​និង​សូម្បីតែ​សម្ពន្ធមិត្ត​ជិតដិត​ខ្លះ​របស់​រដ្ឋាភិបាល​ទីក្រុង​មូ​ស្គូ​។​

​ឯកអគ្គរដ្ឋទូត​អាម៉េរិក​ប្រចាំ​អង្គការ​សហប្រជាជាតិ លីន​ដា ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​លដ៍​(Linda Thomas-Greenfield)​បាន​ដាក់ចេញ​សេចក្តីសំរេចចិត្ត​នេះ​ដែល​អំពាវនាវ​អោយ​រដ្ឋ​ជា​សមាជិក​កុំ​ទទួល​​ស្គាល់​ឋានៈ​ផ្លាស់ប្តូរ​របស់​ប្រទេស​អ៊ុ​យក្រែន និង​តំរូវ​អោយ​រុស្ស៊ី​ដក​ទាហាន​របស់ខ្លួន​ចេញពី​អ៊ុ​យក្រែន​។​

​ប្រទេស​ចំនួន​ដប់ក្នុងក្រុមប្រឹក្សា​បាន​បោះឆ្នោត​គាំទ្រ​វា នៅពេល​ចិន ហ្កា​បុង ឥណ្ឌា​និង​ប្រេ​ស៊ី​លបោះ​អនុប្បវាទ​។​

​ក្រោយ​កិច្ចប្រជុំ លោកស្រី ថូ​ម៉ាស​-​ហ្គ្រី​ន​ហ្វៀ​លដ៍ បាន​ប្រាប់​អ្នកយកព័ត៌មាន​ថា​« មិន​មាន​ប្រទេស​ណាមួយ សូម្បីតែ​មួយ​គាំទ្រ​រុស្ស៊ី ។​ច្បាស់​ណាស់​មិន​មាន​អ្នកការពារ​រុស្ស៊ី​ទេ​។​សហរដ្ឋ​អាម៉េរិក​នឹង​ងាក​ទៅ​​រក​មហាសន្និបាត​អង្គការសហប្រជាជាតិ​ដែល​មាន​សមាជិក​១៩៣​ប្រទេស​ដើម្បី​ថ្កោលទោស​អំពើ​របស់​រុស្ស៊ី​»​។​

​ឯកអគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក វ៉ាស​ស៊ី​លី ណេ​បេន​ហ្សៀ​(Vassily Nebenzia) ដែល​បាន​លើកដៃ​តែ​ឯង​ប្រឆាំង​សេចក្តីសំរេច​ចិត្តបាន​និយាយ​ថា​តំបន់​ដែល​រុស្ស៊ី​ចាប់​យក​ដោយ​​កំលាំង បាន​ជ្រើស​យក​ការ​នៅ​ជាមួយ​និង​ក្លាយជា​ផ្នែក​របស់​រុស្ស៊ី​ក្នុង​ការបោះ​ប្រជាមតិ​កាលពី​សប្តាហ៍​មុន​។​«​មិនបានការ​ថយ​ក្រោយ​ទេ​ទោះជា​សេចក្តីសំរេចចិត្ត​នៅថ្ងៃនេះ​ព្យាយាម​ប្រឆាំង​»​។​

​ចិន​បាន​បោះ​អនុប្បវាទ បានន័យថា​នៅ​កណ្តាល​ចំពោះ​សេចក្តីសំរេចចិត្ត​នេះ តែ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​«​វិបត្តិ​អូសបន្លាយ​និង​កាន់តែ​រីក​ធំ​»​។​

​ឯកអគ្គរដ្ឋទូត​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​លោក ចាង ជុន​(Zhang Jun)​បាន​និយាយថា នៅពេល​«​អធិបតេយ្យភាព​និង​បូរណភាព​ទឹកដី​របស់​គ្រប់​ប្រទេស​គួរ​ត្រូវ​ការពារ ការព្រួយបារម្ភ​អំពី​​សន្តិសុខ​ស្របច្បាប់​»​របស់​ប្រទេស​នានា​ក៏​គួរតែ​យកចិត្តទុកដាក់​ខ្លាំងក្លា​ផងដែរ​៕

​ពូ​ទីន និង​មេដឹកនាំ​ផ្តាច់ខ្លួន​ទាំង​បួន​អបអរ​ការ​កាត់​តំបន់​ទាំង​បួន​របស់​គេ​ទៅ​ជា​ផ្នែក​មួយ​របស់​រុស្ស៊ី​និង​ពិធី​ធំ​មួយ​នៅ​ក្រុង​មូ​ស្គូ​កាលពី​ថ្ងៃ​៣០​កញ្ញា​

​ប្រជាជន​រុស្ស៊ី​អបអរ​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​មួយទៀត​ដែល​លោកខាងលិច​ថ្កោលទោស​និង​មិន​ទទួលស្គាល់​