ដោយ​៖ សុវណ្ណ​កុម្ភៈ​/ ភ្នំពេញ​៖ ក្រុម​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​-​ដូ ITF (International Taekwondo Federation) របស់​ក្រសួងមហាផ្ទៃ​គ្រង​តំណែង​ជើងឯក​ប្រចាំឆ្នាំ​២០២២ នៃ​ព្រឹត្តិ​ការណ៍​ការប្រកួត​កីឡា​តេ​ក្វាន់​-​ដូ ITF ជ្រើសរើស​ជើងឯក​ជាតិ​ប្រចាំឆ្នាំ ២០២២​។ ដោយឡែក​ក្រុម​កីឡាករ​កីឡាការិនី​តេ​ក្វាន់​ដូ​ITF​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ឈរ​ចំណាត់​លេខ​២​។ ព្រឹត្តិការណ៍​នេះ​រៀបចំ​ដោយ​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ដោយ​ប្រើប្រាស់​ថវិកា​ឧបត្ថម្ភ​ប្រចាំឆ្នាំ​២០២២ របស់​ក្រសួង​អប់រំ យុវជន និង​កីឡា​។​

​ក្នុង​ពិធី​បិទ​ការប្រកួត និង​បំពាក់​មេដាយ​ដល់​លា​ភី​កីឡាករ​-​កីឡាការិនី​តេ​ក្វាន់​-​ដូ ITF នា​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់​លោក កែវ រ៉េមី ប្រធាន​សហព័ន្ធ​កីឡា​តេ​ក្វាន់​ដូ ITF កម្ពុជា ព្រមទាំង​មានការ​ចូលរួម​ពី​បណ្ដា​សមាជិក​ប្រតិបត្តិ​សហព័ន្ធ និង​អ្នកតំណាង​ក្លិប​ទាំង​១៧ ដែល​បាន​ចូលរួម​។​

​ក្រសួងមហាផ្ទៃ​ដែល​គ្រង​តំណែង​ជើងឯក​ដណ្តើមបាន​មេដាយ​សរុប​ចំនួន​២០​គ្រឿង​រួមមាន មេដាយមាស ៨ គ្រឿង ប្រាក់ ៤​គ្រឿង និង​សំរិទ្ធ ៨ គ្រឿង​, ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ជើងឯក​រង​ដណ្តើមបាន​មេដាយ​សរុប​១៤​គ្រឿង​រួមមាន មេដាយមាស ២ គ្រឿង ប្រាក់​៤​គ្រឿង និង​សំរិទ្ធ​៨​គ្រឿង​ពន្លឺ​យុវជន​ដណ្តើមបាន​មេដាយ​សរុប​៥​គ្រឿង​រួមមាន មេដាយមាស​២​គ្រឿង និង​ប្រាក់​៣​គ្រឿង និង​ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ​ដណ្តើមបាន​មេដាយ​សរុប​៦​គ្រឿង​រួមមាន មេដាយមាស ២ គ្រឿង ប្រាក់ ២​គ្រឿង និង​សំរិទ្ធ ២ គ្រឿង ។

ចំពោះ​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រ​ដណ្តើមបាន​មេដាយ​សរុប​៦​គ្រឿង​រួមមាន មេដាយមាស​២​គ្រឿង ប្រាក់​១​គ្រឿង និង​សំរិទ្ធ​៣​គ្រឿង​, ក្លិប​សេរីភាព​ដណ្តើមបាន​មេដាយ​សរុប​៣​គ្រឿង​រួមមាន​មេដាយមាស ២ គ្រឿង និង​ប្រាក់ ១​គ្រឿង មិត្តភាព​ដណ្តើមបាន​មេដាយមាស ២ គ្រឿង និង​ខេត្តកោះកុង​ដណ្តើមបាន​មេដាយ​សរុប​៦​គ្រឿង​រួមមាន​មេដាយមាស ១ គ្រឿង ប្រាក់ ១​គ្រឿង និង​សំរិទ្ធ ៤ គ្រឿង​។​

​លោក បួន​ហ៊ីង សុធី​យ៉ា បាន​មានប្រសាសន៍ថា ការប្រកួត​កីឡា​តេ​ក្វាន់​-​ដូ ITF ជ្រើសរើស​ជើងឯក​ប្រ​ថ្នាក់ជាតិ​នេះ​មាន​កីឡាករ​កីឡាការិនី​ចូលរួម​ចំនួន​១៣៨​នាក់​ក្នុងនោះ​​មាន​កីឡាការិនី​៤៨​នាក់ និង​កីឡាករ​ចំនួន​៩០​នាក់​មកពី​ក្លិប​ចំនួន​១៧​រួមមាន​ក្លិប​ពន្លឺ​យុវជន​ខេត្តកំពង់ស្ពឺ ក្លិប​ស​.​ស​.​យ​.​ក ខេត្តកំពង់ស្ពឺ ក្លិប​វិទ្យាស្ថាន​បច្ចេកវិទ្យា​ប្រាជ្ញា​សាស្ត្រ ក្លិប​ក្រសួងមហាផ្ទៃ ក្លិប​ក្តី​ចាស់ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ក្លិប​ខេត្តកោះកុង ក្លិប​យុវជន ក្លិប​សាលា​អន្តរជាតិ​អេប​ផល និង​ក្លិប​ថ្ម​ស​ខេត្តកោះកុង​។ ក្លិប​ជម្ពូ​វ័​ន្ត​សែន​ជ័យ ក្លិប​សេរីភាព ក្លិប​មិត្តភាព ក្លិប​នេ​ត​យ៉ង ក្លិប​គុជ​សីហ៍ ក្លិប​វិទ្យាល័យ​ពងទឹក និង​ក្លិប​ខេត្ត​ត្បូងឃ្មុំ​៕​