ដោយ៖​ សុវណ្ណកុម្ភៈ/ភ្នំពេញ៖ ​សហព័ន្ធកីឡាបាល់ទាត់ថៃបានបង្ហាញនូវមហិច្ឆតាប្រជែងយកយកមេដាយមាស២គ្រឿងលើប្រភេទកីឡាបាល់ទាត់ទាំងពីរវិញ្ញាសាគឺបុរស និងនារី ក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ ឆ្នាំ២០២៣ នៅប្រទេសកម្ពុជា។

សារព័ត៌មានក្នុងស្រុកមួយរបស់ថៃ Siamsport បានបង្ហាញថាក្នុងកិច្ចប្រជុំត្រួតពិនិត្យផែនការនិងផ្ដល់ថវិកាដល់អត្ពលិកជម្រើសជាតិសម្រាប់ការចូលរួមប្រកួតកីឡាស៊ីហ្គេមឆ្នាំ ២០២៣ នៅកម្ពុជាលោក Prawit Wongsuwan ប្រធានអូឡាំពិកថៃបានស្នើទៅសហព័ន្ធកីឡា បាល់ទាត់ថៃគឺធ្វើយ៉ាងណាយកមេដាយមាសឲ្យបានទាំង២គ្រឿងផ្នែកបាល់ទាត់បុរសអាយុក្រោម២៣ឆ្នាំនិងបាល់ទាត់នារី។

លោកបានព្រមានថាប្រសិនបើមានការបាត់បង់មេដាយមាសណាមួយក្នុងចំណោមពីរខាងលើត្រូវតែមានអ្នកទទួលខុសត្រូវ។សហព័ន្ធកីឡាបាល់ទាត់ថៃក៏គ្រោងបញ្ជូនក្រុមបាល់ ទាត់ជម្រើសជាតិអាយុក្រោម២១ឆ្នាំដែលជាឈុតសម្រាប់ការចូលរួមប្រកួតស៊ីហ្គេមនៅកម្ពុជានោះទៅបោះជំរំហ្វឹកហាត់នៅអារ៉ាប់រួម(UAE)រយៈពេល២សប្ដាហ៍ដើម្បីធានាដល់ការប្រជែងមេដាយមាសនោះ៕