​ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ យុទ្ធនាការ​Beyond the Games​របស់​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​)​ដើម្បី​បំផុស​ចលនា​មហាជន​ឱ្យបាន​យល់ដឹង​បន្ថែមទៀត​ពី​មហា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​នឹងធ្វើ​ម្ចាស់ផ្ទះ​ជា​លើកដំបូង​នោះ​ត្រូវបាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ឬ​ខេ​ម​សុក​(CAMSOC) គាំទ្រ​ពេញទំហឹង​។​

​យុទ្ធនាការ​ខាងលើ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ នេះ នៅ​អគារ The Kampus​ដោយមាន រដ្ឋមន្ដ្រី រដ្ឋលេខាធិការ ថ្នាក់ដឹកនាំ​ក្រសួង​-​ស្ថាប័ន មន្ដ្រីរាជការ ព្រឹទ្ធាចារ្យ សិល្បករ សិល្បការិនី ភ្ញៀវកិត្តិយស ពិសេស​វត្តមាន​របស់​កីឡាករ​-​កីឡាការិនី​ជម្រើសជាតិ​កម្ពុជា សរុប​ប្រមាណ​៣០០​នាក់ ចូលរួម​។​

​លោក វ៉ា​ត់ ចំរើន ក្នុងនាម​គណៈកម្មាធិកា​រ​ជាតិ​CAMSOC​បាន​ចូលរួម​អបអរសាទរ​និង​កោតសរសើរ និង​វាយតម្លៃ​ខ្ពស់ ចំពោះ​ការរៀបចំ​បើក​យុទ្ធនាការ​ក្រៅពី​កីឡា បានន័យថា​លើសពី​អ្វី​ដែលជា​កីឡា ដែលជា​កម្មវិធី​មួយ​ដ៏​ពិសេស​ដើម្បី​គាំទ្រ​ដល់​ការ​បំផុស​ចលនា​មហាជន​ទូទៅ ឲ្យ​ជ្រូត​ជ្រាប​បន្ថែម នូវ​ការរៀបចំ​មហា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​-​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើកដំបូង ដែល​កម្ពុជា​ធ្វើ​ម្ចាស់ផ្ទះ​។​

​យុទ្ធនាការ​នេះ គឺជា​ក្ដីសង្ឃឹម​និង​ការជឿជាក់​យ៉ាង​មុតមាំ​សម្រាប់​ឆ្ពោះទៅរក​គោលដៅ​ដែល គណៈកម្មការ​រៀបចំ​ចង់បាន​ពិសេស​ក្រោម​ការដឹកនាំ​ដ៏​ឈ្លាសវៃ​និង​មានបទពិសោធន៍​ខ្ពស់​របស់ លោក​ហ៊ុន​ម៉ា​នី​ប្រធាន​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​រហូត​លេចចេញ​ជា​លទ្ធផល និង​ផ្លែផ្កា ដែល​នឹង​ជួយ​សម្រាល​ការងារ​មួយចំនួន​របស់​CAMSOC​ប្រកបដោយ​ទំនុកចិត្ត​និង​ប្រសិទ្ធភាព​។​លោក​សង្ឃឹមថា​យុទ្ធនាការ​នេះ​នឹង​ក្លាយជា​មេដែក​មួយ​ដើម្បី​ឆក់យក​បេះដូង​របស់​ប្រជាពលរដ្ឋ​ទាំងអស់ ឲ្យ​ចូលរួម​កាន់តែ​សស្រាក់សស្រាំ​ថែមទៀត​។​

​លោក វ៉ា​ត់ ចំរើន បានបង្ហាញ​សុទិដ្ឋិនិយម​ថា «​យើង​ពិតជា​រំភើប​រីករាយ​ខ្លាំងណាស់​ដែល​សហភាព សហព័ន្ធ​យុវជន​កម្ពុជា​របស់​យើង​បាន​ផ្ដួច​ផ្ដើមធ្វើ​កិច្ចការ​ដ៏​មាន​សារសំខាន់​នេះ​ឡើង​សម្រាប់​ជា​ប្រវត្តិសាស្ដ្រ​មនុស្សជាតិ​សម្រាប់​ជា​ប្រវត្តិសាស្ដ្រ​នៃ​ប្រទេសជាតិ​របស់​យើង​និង​ជាការ​ដាស់​ស្មារតី​នៃ​មនសិការ​របស់​ជាតិ​ទាំងមូល​រួមគ្នា​ជា​ធ្លុង​មួយ​ឯកភាព​ជាតិ​តែមួយ​ឆ្ពោះទៅរក​សុភមង្គល​និង​គោលដៅ​នៃ​ភាពសុខសាន្ដ​និង​សន្ដិភាព​យូរអង្វែង​របស់​កម្ពុជា​។​

​លោក​សុខ​សប្បាយ​ណា​អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​និង​ជា​ប្រធាន​ប្រតិបត្តិ​នៃ​យុទ្ធនាការ Beyond the Games បាន​ថ្លែង​ក្នុង​ពិធី​បើក​យុទ្ធនាការ​នេះ​ថា Beyond the Games​នឹង​ក្លាយ ជា​យុទ្ធនាការ​មួយ ជាមួយ​យុទ្ធនា​ការរួម​របស់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ឆ្នាំ​២០២៣ ដែល​ធ្វើឡើង​ក្នុង​គោលបំណង​សំខាន់ៗ​បី រួមមាន​៖១-​យក​ព្រឹត្តិការណ៍ ស៊ី​ហ្គេម​និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ដើម្បី​លើកតម្កើង​កម្ពុជា​លើសពី​កីឡា​លើសពី​ស៊ី​ហ្គេម​លើសពី​អាស៊ាន​ប៉ា​រ៉ា​ហ្គេម​ប៉ុន្ដែ​លើកតម្កើង​កម្ពុជា​ទាំងមូល​តាមរយៈ​ការបង្ហាញ​ពីមុខ​មាត់​សុខសន្ដិភាព​សមត្ថភាព​ឧត្តមភាព​និង​សក្ដានុពល​របស់​កម្ពុជា​។​២-​ផ្សារភ្ជាប់​តម្លៃ​នៃ​ការរៀបចំ​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​ជាមួយ​​មោទកភាព​នូវ​អ្វីដែល​កម្ពុ​ជាមាន ក្នុងនាម​ជា​ម្ចាស់ផ្ទះ និង​រំលេច​ភាពសម្បូរ​សប្បាយ ការរីកចម្រើន វប្បធម៌​អរិយធម៌​និង​មោទកភាព​ជាតិ​ប្រកបដោយ​សុទិដ្ឋិនិយម​ភាពជឿជាក់​និង​ក្ដីសង្ឃឹម​ចំពោះ​អនាគត​កម្ពុជា​។​៣-​ជំរុញ​ឲ្យ​សាធារណជន​ស្វែងយល់​បន្ថែម​ទៀតហើយ​បន្សល់​នូវ​ស្មារតី​និង​ចងចាំ​នូវ​អនុស្សាវរីយ៍​ល្អៗ​ទាំង​មុន អំឡុងពេល និង​ក្រោយ​ព្រឹត្តិការណ៍​៕​ N