ដោយ៖ រ៉ាម៉ន / ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានប្រវែង ១៨៧,០៥ គីឡូម៉ែត្រ ដែលបានតភ្ជាប់ពីភូមិ១ សង្កាត់សំរោងក្រោម ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ដល់ភូមិ១ សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នាព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ នេះ បានចាប់ផ្តើមបើកឱ្យប្រជាពលរដ្ឋ ប្រើប្រាស់សាកល្បង ដោយឥតគិតថ្លៃ រយៈពេល១ខែ ចាប់ពីព្រឹកនេះហើយ។

ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ គឺជាផ្លូវល្បឿនលឿនទី១ និងជាផ្លូវរបៀង យុទ្ធសាស្ត្រ សំខាន់បំផុតនៅកម្ពុជា ជួយកាត់បន្ថយ ពេលវេលាធ្វើដំណើរ ពីរាជធានីភ្នំពេញ ទៅផែសមុទ្រក្រុងព្រះសីហនុ ពីចំនួនប្រាំម៉ោង មកត្រឹមតែពីរម៉ោង ប៉ុណ្ណោះ និងជួយកាត់បន្ថយតម្លៃភស្តុភារកម្មផងដែរ។

សូមជម្រាបដែរថា នៅលើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ មានកន្លែងឈប់សម្រាក និងផ្តល់សេវាកម្ម ចំនួន ៤ ទីតាំង នៅតាមបណ្តោយផ្លូវ ដែលទីតាំងនីមួយៗ មានចំណតយានយន្ត ស្ថានីយប្រេងឥន្ធនៈ បន្ទប់ទឹក អាហារដ្ឋាន និងកន្លែងផ្តល់ សេវាកម្មផ្សេងៗ។ ទីតាំងទាំង ៤ រួមមាន៖ ទីតាំងកំពង់ស្ពឺ (គ.ម ៤០), ទីតាំងកំពង់ស្ពឺ ខាងលិច (គ.ម ៦៣), ទីតាំងកំពង់សិលា (គ.ម ១០៩) និងទីតាំងព្រៃនប់ខាងលិច (គ.ម ១៥៦)។

ផ្លូវល្បឿនលឿននេះ ត្រូវបានបែងចែកជា ៣ គន្លងទៅ និង ៣ គន្លងមក ដែលក្នុងនោះ រួមមាន៖ * គន្លងផ្លូវសម្រាប់ចរាចរណ៍ធម្មតា៖ អ្នកបើកបរយានយន្តគ្រប់ប្រភេទ ត្រូវបើកបរ តាមគន្លងផ្លូវខាងស្ដាំ នៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតា។

 

* គន្លងផ្លូវសម្រាប់ជែង៖ ក្នុងករណីសុំជែង អ្នកបើកបរយានយន្តត្រូវឱ្យសញ្ញាប្ដូរទិស ខាងឆ្វេងយ៉ាងតិច ៥វិនាទី ហើយត្រូវងាកទៅគន្លង ផ្លូវខាងឆ្វេងនៃផ្លូវល្បឿនលឿន ដែលជាគន្លងផ្លូវសម្រាប់ជែង។ នៅពេលជែងផុត អ្នកបើកបរត្រូវឱ្យសញ្ញាប្ដូរទិសខាងស្ដាំ ដើម្បីងាកចូលគន្លងផ្លូវ សម្រាប់ចរាចរណ៍ធម្មតាវិញ។

ក្នុងករណីចរាចរណ៍មមាញឹក អ្នកបើកបរយានយន្ត អាចប្រើប្រាស់គន្លងផ្លូវទាំង ២ បាន។ ដោយឡែក រថយន្តធុនធ្ងន់ ត្រូវប្រកាន់យកគន្លងផ្លូវ សម្រាប់ចរាចរណ៍ ធម្មតាដដែល។ ក្នុងករណីនេះ យានយន្តនៅតាមគន្លងផ្លូវណាមួយ បើកបរលឿនជាង មិនចាត់ទុកជាការជែងឡើយ ហើយយានយន្តដែលស្ថិតនៅក្រោយគេ ត្រូវប្រើភ្លើងសញ្ញា អាសន្នជាដំណឹង។

* គន្លងផ្លូវសម្រាប់ឈប់បន្ទាន៖ គន្លងផ្លូវសម្រាប់ឈប់បន្ទាន់ មិនត្រូវបានអនុញ្ញាតឱ្យ យានយន្តទូទៅប្រើប្រាស់ឡើយ លើកលែងតែយានយន្តពន្លត់អគ្គិភ័យ យានយន្ត សង្គ្រោះរបស់មន្ទីរពេទ្យ យានយន្តនគរបាល យោធា កងរាជអាវុធហត្ថ យានយន្តថែទាំផ្លូវ ដែលកំពុងបំពេញភារកិច្ច និងយានយន្តដែលខូច ឬមានគ្រោះថ្នាក់ចរាចរណ៍ ឬមានករណីអាសន្ន។

ផ្លូវល្បឿនលឿននេះ បានការកំណត់ល្បឿនបើកបរ ល្បឿនទាបបំផុត(អប្បបរមា) និងលឿនបំផុត (អតិបរមា ) ដូចជា៖ ទី១៖ ល្បឿន 60 – 120 km/h រថយន្តគ្រួសារ / ធុនស្រាល ទី២៖ ល្បឿន 60 – 100 km/h រថយន្តធុនធ្ងន់ មិនមានសណ្តោងសឺម៉ីរ៉ឺម៉ក ឬម៉ូតូ 500cc / 27 kW ឡើងទៅ ទី៣៖ ល្បឿន 60 – 80 km/h រថយន្តសណ្តោងសឺម៉ីរ៉ឺម៉ក ឬសណ្តោងយាន ដំណើរកម្សាន្ត ។ ករណីផ្លូវកោង ច្រកចូលចំហៀង ទៅផ្លូវល្បឿនលឿន អ្នកបើកបរ ត្រូវបានកំណត់ឱ្យបើកបរត្រឹមតែ 40 km/h ប៉ុណ្ណោះ រួចទើបត្រូវបង្កើនល្បឿនដល់ 60 km/h។ ដោយឡែក កន្លែងដែលចាំបាច់ត្រូវបន្ថយល្បឿន ក៏ត្រូវបានដាក់នូវ គំនូសរំញ័រ (Rumble Stripes) ដើម្បីដាស់តឿន ដល់អ្នកបើកបរផងដែរ។

ផ្លូវល្បឿនលឿននេះដែរ មានច្រកចេញ-ចូល ទាំងអស់ចំនួន ៨ ទីតាំង រួមមានដូចជា៖ *ច្រកទី១ ភ្នំពេញ (ផ្លូវកប់ស្រូវ) គីឡូម៉ែត្រ ៣ * ច្រកទី២ កំពង់ស្ពឺកើត គីឡូម៉ែត្រ ២៦ * ច្រកទី៣ កំពង់ស្ពឺលិច គីឡូម៉ែត្រ ៤៣ * ច្រកទី៤ ត្រែងត្រយឹង គីឡូម៉ែត្រ ៧៦ * ច្រកទី៥ កំពង់សិលា គីឡូម៉ែត្រ ១១៤ * ច្រកទី៦ ស្រែអំបិល គីឡូម៉ែត្រ ១៣៥ * ច្រកទី៧ ស្ទឹងហាវ គីឡូម៉ែត្រ ១៧២ * ច្រកទី៨ ព្រះសីហនុ គីឡូម៉ែត្រ ១៨២ ។

សូមជម្រាបដែរថា ផ្លូវល្បឿនលឿននេះ សាងសង់ដោយក្រុមហ៊ុន PPSHV Expressway Co., Ltd និងក្រុមហ៊ុនបុត្រសម្ព័ន្ធនៃ ក្រុមហ៊ុនសាជីវកម្ម ស្ពានថ្នល់ចិន (CRBC) និងត្រួតពិនិត្យ បច្ចេកទេស ដោយក្រុមហ៊ុន MINCONSULT SDN. BHD. ប្រើរយៈពេលសាងសង់ ៤៨ខែ គ្រោងចំណាយថវិកាជិត ២ពាន់លានដុល្លារ សហរដ្ឋអាមេរិក មានគន្លងផ្លូវចំនួន៤គន្លង ទទឹងផ្លូវសរុប ២៤,៥ ម៉ែត្រ មានផ្លូវបំបែកទិស ៧ កន្លែង មានកន្លែងឈប់សម្រាក ចំនួន ៣ កន្លែង ចំណតរថយន្ត ១ កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំចំនួន ៤ កន្លែង ស្ពានធំ និងស្ពានមធ្យម ចំនួន ៤០ កន្លែង ស្ពានតូចចំនួន ៥ កន្លែង ដែលឆ្លងកាត់រាជធានី ភ្នំពេញប្រមាណ ៨ គីឡូម៉ែត្រ និងខេត្តចំនួន ៤ បួន ក្នុងនោះ៖ ខេត្តកណ្តាល ប្រវែង ៩,១ គីឡូម៉ែត្រ ខេត្តកំពង់ស្ពឺ ប្រវែង ៨០,៨ គីឡូម៉ែត្រ ខេត្តកោះកុង ប្រវែង ១,៩២ គីឡូម៉ែត្រ និងខេត្តព្រះសីហនុ ប្រវែង ៨៩,៨៩ គីឡូម៉ែត្រ៕/V