ដោយៈប.ខុន / ភ្នំពេញៈ អភិបាលខេត្តព្រះសីហនុ ជូនដំណើរអ្នកធ្វើចរាចរ លើផ្លូវល្បឿលឿន ចេញពីក្រុងព្រះសីហនុ ទៅរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី ១ ខែតុលា ដែលជាថ្ងៃដំបូងនៃការបើកឱ្យប្រើប្រាស់សាកល្បង ដោយមានរថយន្តជាច្រើនរយគ្រឿង បន្តកន្ទុយគ្នា រង់ចាំចូលផ្លូវល្បឿនលឿន នៅខាងរាជធានីភ្នំពេញ។

លោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ បានអញ្ជើញជូនដំណើរ ដល់អ្នកធ្វើដំណើរ តាមផ្លូវល្បឿនលឿន ពីខេត្តព្រះសីហនុ ទៅកាន់រាជធានីភ្នំពេញ នៅថ្ងៃបើកឱ្យប្រើប្រាស់សាកល្បង ដោយមិនយកប្រាក់ រយៈពេលពេញមួយខែតុលានេះ។ លោកជូនពរដល់អ្នកដំណើរ ឱ្យមានសុវត្ថភាព និងត្រូវ គោរពច្បាប់ចរាចរណ៍។

លោក បុរី វង្សសានិត្យ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅព្រឹកថ្ងៃទី ១ ខែតុលា ឆ្នាំ២០២២ថាៈ រថយន្តដែល បានចូលរួម ក្នុងពិធីបើកឱ្យធ្វើចរាចរលើផ្លូវល្បឿនលឿន ចេញពីខេត្តព្រះសីហនុ ក្រោមអធិបតីភាពលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ នៅក្រុងព្រះសីហនុ នាវេលាម៉ោង ៧ ព្រឹកថ្ងៃទី ១ ខែតុលា ដែលជាថ្ងៃដំបូងនេះ ឃើញមានចំនួនប្រមាណជា ៥០ គ្រឿង តែនៅខាងភ្នំពេញ មានព័ត៌មានថា មានរថយន្តរាប់រយគ្រឿង បន្តកន្ទុយគ្នា តម្រង់ជួរ ចូលមកផ្លូវល្បឿន លឿន។

លោកប្រធានមន្ទីរ បានបញ្ជាក់ថាៈ រថយន្តពីភ្នំពេញ នៅត្រឹមម៉ោង ៩ នេះ មិនទាន់ឃើញ មានមកដល់ក្រុងព្រះសីហនុនៅឡើយទេ អាចចាប់ពីម៉ោង ៩និង៣០ នាទីឡើង ទើបមានមកដល់ បើតាមល្បឿន ដែលកំណត់ឱ្យធ្វើចរាចរ លើផ្លូវល្បឿនលឿននេះ។ ថ្ងៃនេះ អាចនឹងមានអ្នកភ្នំពេញ មកកាន់ក្រុងព្រះសីហនុច្រើន ព្រោះជាថ្ងៃដំបូង នៃការបើកឱ្យ ប្រើប្រាស់ផ្លូវល្បឿនលឿន ចំថ្ងៃសៅរ៍ ឈប់សម្រាកការងារផង។

លោក​សរ កក្កដា អភិបាលក្រុងព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី ១ ខែតុលា នេះថាៈ មកដល់ម៉ោងជាង ៩ ព្រឹក ថ្ងៃទី ១ ខែតុលា នៅតាមឆ្នេរ ដែលមិនមាន ភ្លៀងជោកជាំ និងមិនមានខ្យល់បក់បោកខ្លាំង ដូចពីរ បី​ថ្ងៃមុននោះ មិនទាន់ឃើញ មានភ្ញៀវពីភ្នំពេញ​មកលេងនៅឡើយទេ។ អាចថ្ងៃបន្តិច ទើបគេមកដល់ ហើយអាចមាន ចំនួនច្រើន នៅថ្ងៃនេះ ព្រោះជាថ្ងៃដំបូងនៃកាបើកឱ្យប្រើប្រាស់សាកល្បង ផ្លូវល្បឿន លឿន ភ្នំពេញ – ព្រះសីហនុ៕/V