​ដោយៈ​សុវណ្ណ​កុម្ភៈ​/​ភ្នំពេញ​៖​ប្រធាន​ក្រុម​កង់​ភ្នំ​ជម្រើសជាតិ​គឺ​កីឡាករ ហួត លយ​រស្មី​ដែល​ពេលនេះ កំពុងតែ​បោះជំរុំ​ហ្វឹកហាត់​កីឡា​កង់​ភ្នំ​ក្នុងស្រុក​បន្ទាយស្រី​ខេត្តសៀមរាប​បានបញ្ជាក់​ថា​រូបគេ​មាន​មោទនភាព​ដែល​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ប្រកួត​តំណាងឱ្យ​កម្ពុជា នា​ព្រឹត្តិការណ៍​ស៊ី​ហ្គេម ឆ្នាំ​២០២៣ ។

​ជា​កីឡាករ​ដែលមាន​ដើមកំណើត​នៅ​ខេត្តសៀមរាប​រស្មី​បាន​និយាយថា​រូបគេ​ជាប់​ជា​កីឡាករ​ជម្រើស ជាតិ​កង់​ភ្នំ​ក្នុង​ឆ្នាំ​២០១៨​ក្រោយ​សហព័ន្ធ​កីឡា​ទោចក្រយាន​ពិនិត្យឃើញ​គេ​មាន​សិទ្ធ​ផល​ល្អ បន្ទាប់ពី​ការប្រកួត​ថ្នាក់ជាតិ​រួច​ត្រូវបាន​បញ្ចប់​នោះ​។​រូបគេ​មាន​មោទនភាព​ដែល​បាន​ក្លាយជា​កីឡាករ​ជម្រើសជាតិ​ដែល​ត្រូវបាន​សហព័ន្ធ​និង​គ្រូបង្វឹក​ជ្រើសរើស​ឱ្យ​ហ្វឹកហាត់​ក្នុង​ជំរុំ​ត្រៀម​ការប្រកួត​កម្រិត​អន្តរជាតិ​ជាពិសេស​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម​។​គេ​បាន​ប្តេជ្ញាចិត្ត​ថា​នឹង​ប្រឹងប្រែង​ឱ្យអស់​សមត្ថភាព​ដុស​ខាត​ចំណុច​ខ្វះខាត ស្វែងរក​ចំណុចខ្លាំង ដើម្បី​ឈានទៅ​ប្រជែង​មេដាយ​ឱ្យបាន​ពី​ស៊ី​ហ្គេម នៅ​កម្ពុជា​ពីព្រោះ​ឆ្លងកាត់​ការហ្វឹកហាត់​យ៉ាង​យកចិត្តទុកដាក់​ពី​គ្រូបង្វឹក​រយៈពេល​ជាង​បី​ឆ្នាំនេះ និង​ឆ្លងកាត់​បទពិសោធន៍​ស៊ី​ហ្គេម​២​លើក​ក្នុង​២០១៩​នៅ​ហ្វីលីពីន​និង​២០២២​នៅ​ប្រទេស​វៀតណាម​បានធ្វើឱ្យ​កីឡាករ​មកពី​ខេត្តសៀមរាប​រូបនេះ​បង្ហាញ​ជំនឿ​ចិត្ត​យ៉ាង​មុតមាំ​ថា​នឹង​ឈានទៅ​ដណ្តើម​មេដាយ​អោយបាន​ជូន​កម្ពុជា​ពី​ព្រឹត្តិការណ៍​ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។​កាល​ស៊ី​ហ្គេម​លើក​ទី​៣១​នៅ​ប្រទេស​វៀតណាម​កីឡាករ​ហួត​លយ​រស្មី​ទទួលបាន​ចំណាត់ថ្នាក់​លេខ​៦ ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេម លើក​ទី​៣១ ឆ្នាំ​២០២២ នៅ​ប្រទេស​វៀតណាម និង​ថ្មីៗ​នេះ ឈ្នះ​ពានរង្វាន់​ពី​ការប្រកួត King Cup ឆ្នាំ​២០២២ នៅ​ប្រទេស​ថៃ​ទៀតផង​។​

​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេម​លើក​ទី​៣២​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​សហព័ន្ធ​កីឡា​ទោចក្រយាន បាន​ត្រៀម​៩​វិញ្ញាសា រួមមាន​៖ កង់​ភ្នំ ៥​វិញ្ញាសា , កង់​គក់ ៤​វិញ្ញាសា​។​សរុប​កីឡាករ កីឡាការិនី​ជម្រើសជាតិ​កម្ពុជា​កង់​ភ្នំ និង​កង់​គួ​កមាន​ចំនួន​១២​នាក់ ក្នុងនោះ​កីឡាករ ៨​នាក់ និង​កីឡាការិនី ៤​នាក់ ក្រោម​ការ​បង្វឹក​ពី​គ្រូបង្វឹក​៤​នាក់ ដែល​កំពុង​បន្ត​បោះជំរុំ​ហ្វឹកហាត់ នៅ​តំបន់​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ស្ថិតនៅ​ស្រុក​បន្ទាយស្រី ខេត្តសៀមរាប​៕​សរន​