​ប្រែ​សម្រួលៈ​បំណង​(​ប៊ី​ប៊ីស៊ី​)៖ អនុសេនីយ៍ឯក​ម្នាក់​នៅ​ប្រទេស​បួ​គី​ណា ហ្វា​សូ​(Burkina Faso)​បាន​ប្រកាស​តាម​ទូរទស្សន៍​កាលពី​ថ្ងៃ​សុក្រ​ថា ក្រុម​នាយទាហាន​បាន​បណ្តេញ​មេដឹកនាំ​យោធា វរ​សេនីយ៍​​ទោ ប៉ូល​-​ហង់​រី ដា​មី​បា​(Paul-Henri Damiba)​។​អនុសេនីយ៍ឯក អ៊ីប្រាហ៊ីម ត្រាវ​រ៉េ​(Ibrahim Traore)​បាន​លើក​ហេតុផល​ថា​លោក​បណ្តេញ​លោក​ដា​មី​បា​ដោយសារ​មេដឹកនាំ​រូប​នេះ​អម​ត្ថភាព​​ក្នុង​ការដោះស្រាយ​ការបះបោរ​របស់​ពួក​អ៊ីស្លាម​។​

​ពួក​ទាហាន​រដ្ឋប្រហារ​ប្រកាស​បណ្តេញ​មេ​ដឹក​នា​យោធា​ដា​មី​បា​កាលពី​យប់​ថ្ងៃ​សុក្រ​

​លោក​បាន​ប្រកាសថា ព្រំដែន​ត្រូវ​បាន​បិទ​គ្មាន​កាល់កំណត់​និង​រាល់​សកម្មភាព​នយោបាយ​ត្រូវ​ផ្អាក​។​

​សូម​រំលឹក​ថា របប​យោធា​របស់​លោក​ដា​មី​បា បាន​ផ្តួលរំលំ​រដ្ឋាភិបាល​ជាប់​ឆ្នោត​មួយ​កាលពី​ខែ​មករា ដោយ​សំអាង​លើ​ហេតុផល​បរាជ័យ​ក្នុង​ការបញ្ឈប់​ការវាយប្រហារ​របស់​ពួក​សកម្មប្រយុទ្ធ​អ៊ីស្លាម​។​តែ​រដ្ឋា​​ភិបាល​របស់​លោកក៏​មិន​អាច​បង្ក្រាប​អំពើហិង្សា​របស់​ពួក​ជី​ហាត​។​កាលពី​ថ្ងៃ​ចន្ទ ទាហាន​១១​នាក់​ត្រូវបាន​សម្លាប់​នៅ​ពេល​ពួកគេ​អម​ការពារ​ក្បួន​រថយន្ត​ស៊ីវិល​មួយ​នៅ​ខាងជើង​ប្រទេស​។​

​មុន​នេះ​កាលពី​ថ្ងៃ​សុក្រ វរសេនីយ៍ទោ​ដា​មី​បា បាន​អំពាវនាវ​អោយ​ប្រជាជន​នៅ​អោយ​ស្ងៀម​ក្រោយ​មានការ​បាញ់កាំភ្លើង​នៅ​ផ្នែក​ខ្លះ​នៃ​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ​(Ouagadougou)​។​

​ទាហាន​ប្រដាប់អាវុធ​ប្រមាណ​២០​នាក់ ដោយ​ភាគច្រើន​ពាក់​ម៉ាស់​គ្រប​មុខ បាន​បង្ហាញ​ខ្លួន​ក្នុង​កញ្ចក់​ទូរទស្សន៍​នៅ​មុន​ម៉ោង​៨​យប់​បន្តិច ដោយ​ទាហាន​ម្នាក់​អាន​សេចក្តីថ្លែងការណ៍​ចុះហត្ថលេខា​ដោយ​​អនុសេនីយ៍ឯក អ៊ីប្រាហ៊ីម ត្រាវ​រ៉េ ថា «​ប្រឈម​ស្ថានការណ៍​កាន់តែ​ចុះ​ដុនដាប​ទៅ យើង​បាន​ព្យាយាម​ជាច្រើនលើក​ដើម្បី​អោយ​លោក ដា​មី​បា ផ្តោត​ជា​ថ្មី​លើ​អន្តរកាល​អំពី​បញ្ហា​សន្តិសុខ​។​អំពើ​របស់​ដា​មី​បា​​ជា​បណ្តើរៗ​ទាក់ទាញ​អោយ​យើង​យល់​ថា មហិច្ឆតា​របស់​គាត់​ងាក​ចេញ​ពី​អ្វី​ដែល​យើង​ចង់​ធ្វើ​។​យើ​សំរេច​ដក​គាត់​ចេញ​នៅថ្ងៃនេះ​»​។​

​បំរាម​គោចរ​មួយ​ក៏​ត្រូវ​បាន​ប្រកាសឡើង​ចាប់ពី​ម៉ោង​៩​យប់​ដល់​ម៉ោង​៥​ព្រឹក​។​

​ឥឡូវ ទីកន្លែង​ស្នាក់នៅ​របស់​លោក ដា​មី​បា គ្មាន​នរណា​ដឹង​ទេ​។​

​ក្នុងពេល​ជាមួយគ្នា សហរដ្ឋ​អាម៉េរិក​បាន​និយាយថា ខ្លួន​មាន​ការព្រួយបារម្ភ​ជា​ពន់ពេក​ចំពោះ​ព្រឹត្តិការណ៍​នៅ​បួ​គី​ណា ហ្វា​សូ និង​បាន​លើកទឹកចិត្ត​អោយ​ពលរដ្ឋ​ខ្លួន​នៅក្នុង​ប្រទេស​អាហ្វ្រិក​នេះ​កំហិត​​ចលនា​។​អ្នកនាំពាក្យ​ក្រសួងការបរទេស​ម្នាក់​បាន​និយាយថា​« យើង​អំពាវនាវ​អោយ​វិល​ទៅរក​ភាពស្ងប់ស្ងាត់​និង​អត់ធ្មត់​ពី​គ្រប់​តួអង្គ​»​។​

​ចំណែក​អង្គការ​សហគមន៍​សេដ្ឋកិច្ច​របស់​បណ្តា​រដ្ឋ​អាហ្វ្រិក​ខាងលិច​(ECOWAS) បាន​ថ្កោលទោស​ចំណាត់ការ​យោធា​នេះ ដោយ​ថា​ខ្លួន​បញ្ជាក់​ឡើងវិញ​ការប្រឆាំង​ជំទាស់​ចំពោះ​ការដណ្តើម​អំណាច​ដោយ​​មធ្យោបាយ​អ​ធម្មនុញ្ញ​៕

​ជោគវាសនា​របស់​វរ​សេនីយ៍​ទោ ប៉ូល​-​ហង់​រី ដា​មី​បា នៅ​មិនទាន់​ដឹង​ជា​យ៉ាងណា​នៅឡើយ​ទេ​

​ប្រជាជន​បួ​គី​ណាហ្វា​សូ ចេញ​មក​ស្វាគមន៍​នៅពេល​ទាហាន​ត្រូវបាន​ដាក់ពង្រាយ​នៅក្នុង​រដ្ឋធានី​អៅ​ហ្គា​ឌូ​ហ្គូ​