ដោយៈ គង់​ហេង / កំពង់ចាម​៖ រដ្ឋបាលខេត្ត​កំពង់ចាម បាន​បញ្ជូន​ក្រុម​សិល្បៈ​មហាជន ដើម្បី​ចូលរួម​ប្រកួតប្រជែង ជាមួយ​ក្រុម​ល្ខោន​បាក​សាក់​ខេត្ត និង​រាជធានី ចំនួន បួន ផ្សេងទៀត នៅ​មហោស្រព​ល្ខោនបាសាក់ នាយកដ្ឋាន​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ដែល​នឹង​ប្រព្រឹត្ត​ចាប់ពី​ថ្ងៃទី ៣ ដល់ ៤ តុលា ខាងមុខនេះ ។​

​លោក សឹង ភា​រុំ ប្រធាន​មន្ទីរ​វប្បធម៌ និង​វិចិត្រសិល្បៈ ខេត្តកំពង់ចាម បានឱ្យដឹង នៅក្រោយ​បញ្ចប់​ការ​សំណេះសំណាល​របស់លោក អ៊ុន ចាន់​ដា ជា​អភិបាលខេត្ត កំពង់ចាម និង​សហការី ជាមួយ​ក្រុម​សិល្បៈ​ផ្នែក​ល្ខោនបាសាក់ និង​មន្ត្រី​នៃ​មន្ទីរ​នេះ កាលពី​ថ្ងៃទី​៣០ កញ្ញា ម្សិលមិញ​ថាៈ ក្រុម​ល្ខោនបាសាក់ ដែល​ត្រូវ​ចូលរួម​ប្រកួតប្រជែង មួយក្រុម​នេះ ជា​ក្រុម​សិល្បៈ​មហាជន របស់លោក ស៊ាន សុផល ហៅ​នាយ​ប៉េង​ប៉េះ ដែល​សមាជិក ជា​តួ​សម្តែង​សរុប​ចំនួន ២០ នាក់​។​

​លោក​ប្រធាន​មន្ទីរ​វប្ប​ធ៌ និង​វិចិត្រសិល្បៈ រូបនេះ បានឱ្យដឹង​ទៀតថាៈ ក្រុម​ល្ខោនបាសាក់ ឈ្មោះ​មហាជន​នេះ បាន​ធ្លាប់​ចូលរួម​ប្រកួត ជម្រុះ​ជាមួយ​ក្រុម​ល្ខោនបាសាក់ ពី​បណ្តា​រាជធានី ខេត្ត សរុប​ចំនួន ២៥ នាពេល​កន្លងមក ហើយ​បាន​ជាប់​ជាមួយ​ខេត្ត រាជធានី ចំនួន ប្រាំ សម្រាប់​វគ្គ​ផ្តាច់ព្រ័ត្រ នៅ​នាយកដ្ឋាន​សិល្បៈ នៃ​ក្រសួង​វប្បធម៌ និង វិចិត្រសិល្បៈ ចាប់ពី​ថ្ងៃទី ៣ ដល់ ៤ ខែតុលា ឆ្នាំ​២០២២ នេះ មាន​ក្រុម​ល្ខោនបាសាក់ រាជធានី​ភ្នំពេញ​, ខេត្តកំពង់ចាម​, ខេត្តកណ្តាល​, ខេត្ត​កែប និង​ខេត្តបន្ទាយមានជ័យ​។​

​នៅ​ក្នុងឱកាស​សំណេះសំណាល លោក អភិបាលខេត្ត​កំពង់ចាម បាន​មានប្រសាសន៍ ថាៈ សូម​ខិតខំ​ប្រឹងប្រែង​លើកកម្ពស់ នូវ​តម្លៃ​វប្បធម៌​ជាតិ​យើង ដោយ​ប្រកាន់​ភ្ជាប់​នូវ គោលការណ៍ រក្សា​វប្បធម៌​ជាតិ​យើង ឱ្យបាន​ថ្កុំថ្កើង តាមរយៈ​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ គឺ​រួមគ្នា​ចែករំលែក ធ្វើយ៉ាងណា ការពារ​នូវ​អ្វី​ដែលជា​អត្តសញ្ញាណ​របស់​ខេត្ត​។ ជាពិសេស សិល្បៈ​ផ្នែក​ល្ខោនបាសាក់ ខេត្តកំពង់ចាម​នេះ គឺ​ល្បី​ខ្ទរខ្ទារ ទូទាំងប្រទេស ទទួល​ការចាប់អារម្មណ៍ ទាក់ទាញ​ពី​ប្រជាពលរដ្ឋ ក៏ដូចជា មជ្ឈដ្ឋាន​ទូទៅ នរណា ក៏​ចង់ មើល​ទស្សនា​ដែរ ។​

​លោក​អភិបាលខេត្ត​កំពង់ចាម បាន​បន្តថាៈ អីចឹង ពេលនេះ ជា​ឱកាស​នៃ​ការប្រកួត ប្រជែង ចាប់ពី​ថ្ងៃទី ១ ដល់ ៤ ខែតុលា គឺជា​ឱកាស នៃ​ការ​ប្រជែង​សមត្ថភាព ដែល​ត្រូវធ្វើ ឱ្យបាន​លទ្ធផល​ល្អប្រសើរ ទទួលបាន​ការគាំទ្រ​ម​ក​វិញ គឺ​យើង​អាច​ពិភាក្សាគ្នា បង្កើតជា​ក្រុម​សម្តែង​មួយ ដើម្បី​នាំមក​នូវ​ការរីកចម្រើន លើ​វិស័យ​សិល្បៈ​បុរាណ​មួយ​នេះ និង​សូម​ជូនពរ​ក្រុម​សិល្បៈ​មហាជន ទទួលបាន​ជោគជ័យ​ទាំងអស់គ្នា​។​

​សូមបញ្ជាក់ថា បន្ទាប់ពី​ការ​សំណេះសំណាល លោក​អភិបាលខេត្ត​កំពង់ចាម បាន​ជួយឧបត្ថម្ភ​ដល់​ក្រុម​សិល្បៈ​មហាជន ល្ខោនបាសាក់ ទាំង ២០ នាក់ ដែល​ត្រូវ​ចូល រួម​ប្រកួតប្រជែង ដណ្តើម​ជ័យលាភី ក្នុង​ម្នាក់ ២០​ម៉ឺន​រៀល និង​សោហ៊ុយ​នៃ​ការធ្វើដំណើរ ចំនួន មួយ​លាន រៀល​បន្ថែមទៀត​៕ V / N