ដោយៈ ភ្នំ​ស្វាយ / បន្ទាយ​មាន​ជ័​យៈ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​ដឹកនាំ​កិច្ចប្រជុំ កាលពី​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ ស្តីពី​ការធ្វើ​បច្ចុប្បន្នភាព លើ​បញ្ជី​ឈ្មោះ​កម្លាំង​ការពារ​ការិយាល័យ​បោះឆ្នោត នៅតាម​ក្រុង​-​ស្រុក​ទាំង​៩ និង​បូកសរុប​លទ្ធផល​ការងារ ខែកញ្ញា ដើម្បី​លើក​ទិសដៅ អនុវត្តន៍​បន្ត សម្រាប់​ខែតុលា ដល់​កម្លាំង​នគរបាល​ទូទាំង​ខេត្ត​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ត្រី រ៉ែ​ម វីរ​: ស្នងការរង​ផែនការ​ងារ​សេនាធិការ ស្នងការដ្ឋាន នគរបាល​ខេត្តបន្ទាយមានជ័យ បាន​រាយការណ៍​ពី​លទ្ធផល​ការងារ ដែល​សម្រេចបាន កាល​ខែ​កន្លងមក និង​ផ្សព្វផ្សាយ អំពី​ផែនការ​ធ្វើ​បច្ចុប្បន្នភាព កែសម្រួល​សមាសភាព កម្លាំង ចូលនិវត្តន៍ មរណភាព កម្លាំង​ផ្លាស់ចេញ និង ការប្រែប្រួល​ចំនួន​ការិយាល័យ បោះឆ្នោត​។​

​ក្នុងឱកាស​នោះ លោក​ឧ​ត្ត​ម​សេនីយ៍​ទោ សិទ្ធិ ឡោះ ក៏បាន​ដាក់ចេញ​នូវ​ផែនការ​ដល់ ថ្នាក់ដឹកនាំ​គ្រប់​កងឯកភាព ត្រូវ​ពង្រឹង​ការគ្រប់គ្រង​កម្លាំង​ក្រោម​ឱវាទ បញ្ជី​វត្តមាន វិន័យ​។ ជំរុញ​ដល់​មន្ត្រីក្រោមឱវាទ បន្ត​អភិវឌ្ឍន៍​សមត្ថភាព ចំណេះ ជំនាញ វិជ្ជាជីវៈ និង​បច្ចេកវិទ្យា ដើម្បី​បំពេញការងារ ភារកិច្ច ប្រ​ដោយ​គុណភាព និង ឆាប់រហ័ស​។​

​លោក​ក៏បាន​ដាក់ចេញ​នូវ​បទបញ្ជា ដល់​កម្លាំង​នគរបាល​ទាំងអស់ ត្រូវ​ត្រៀមកម្លាំង សម្ភារៈ​មធ្យោបាយ ២៤​ម៉ោង​លើ​២៤​ម៉ោង ពង្រឹង​ការ​យាមល្បាត និង​ត្រូ​ត​សភាព ការណ៍ បង្ការ ទប់ស្កាត់ រាល់​បទល្មើស​ទាំងឡាយ ដែល​អាច​កើតមាន​ជាយថាហេតុ និង​ត្រៀម​អន្តរាគមន៍ សង្គ្រោះ​ពលរដ្ឋ ពី​គ្រោះធម្មជាតិ និង​គ្រោះ​អគ្គិភ័យ​ជាដើម​។ កម្លាំង​នគរបាល​ប៉ុស្តិ៍ ត្រូវ​ជំរុញ​ឲ្យ​ពលរដ្ឋ​គ្រប់​អាយុ និង​ពលរដ្ឋ​ផុត​សុពលភាព អត្តសញ្ញាណប័ណ្ណ ត្រូវ​ទៅធ្វើ​អត្តសញ្ញាណប័ណ្ណ​សញ្ជាតិ​ខ្មែរ​ថ្មី ឲ្យ​បាន​គ្រប់គ្នា​។ ក្រៅពីនេះ ត្រូវ​គ្រប់គ្រង​ឲ្យ​បាន​រាល់​ការ​ស្នាក់នៅ ខុសច្បាប់​របស់​ជនបរទេស ត្រូវ​បន្ត​បង្ក្រាប​រាល់​បន​ល្បែងស៊ីសង​ខុសច្បាប់ បទល្មើស​ជួញដូរ​មនុស្ស និង​បទល្មើស ជួញដូរ​គ្រឿងញៀន​៕ V / N