ដោយៈ កាំ​ពី / ក្រចេះ ៖ នៅ​ល្ងាច​ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ គណៈកម្មាធិការ គ្រប់​គង​គ្រោះមហន្តរាយ​ខេ​ត្ត្ក​ក្រចេះ បានចេញ​សេចក្ដីជូនដំណឹង​ដល់​លោក លោកស្រី ប្រធាន​មន្ទីរ​-​អង្គភាព​ជុំវិញ​ខេត្ត -​លោកនាយក​ប្រតិបត្តិ​សាខា កាកបាទក្រហមកម្ពុជា​ខេត្ត ពី​ការត្រៀម​លក្ខណៈ​បង្ការ សង្គ្រោះ និង​ឆ្លើយតប​ហានិភ័យ​គ្រោះមហន្តរាយ ដែល​អាច​បង្កឡើង​ដោយ​ទឹកភ្លៀង និង​ទឹកទន្លេ​មេគង្គ នាពេល​ខាងមុខនេះ​។​

​គណៈកម្មាធិការ គ្រប់​គង​គ្រោះមហន្តរាយ​ខេ​ត្ត្ក​ក្រចេះ បាន​ជម្រាបជូន​ថាៈ យោងតាម​ការព្យាករណ៍​កម្ពស់​ទឹក​ទ​ន្ល​មេគង្គ របស់​ក្រសួង​ធនធានទឹក និង​ឧតុនិយម និង​គណៈកម្មាធិការ​ជាតិ​ទន្លេមេគង្គ​កម្ពុជា ចុះ​ថ្ងៃទី​២៩ ខែកញ្ញា ឆ្នាំ​២០២២ បាន​ព្យាករណ៍​កម្ពស់​ទឹកទន្លេ​មេគង្គ និង​ស្ថានភាព​អាកាសធាតុ ក្នុងភូមិ​សាស្ត្រ​ខេត្តក្រចេះ ឃើញថាៈ ទឹក​ទ​ន្ល​មេគង្គ នឹង​ហក់​ឡើង ក្នុង​រយៈពេល ៣ ទៅ ៥ ថ្ងៃ​ខាងមុខ ដល់​កម្ពស់ ២១ ម៉ែត្រ ហើយ​នឹងមាន​ភ្លៀង​ធ្លាក់​ពី​កម្រិត​បង្គួរ ទៅ​ច្រើន ។ ជាក់ស្ដែង គិត​ត្រឹម​ម៉ោង ២:០០​នាទី​រសៀល ថ្ងៃទី​៣០ ខែកញ្ញា ឆ្នាំ​២០២២ កម្ពស់​ទឹកទន្លេ​មេគង្គ ខេត្តក្រចេះ ហក់​ឡើង ២០,២៣ ម៉ែត្រ​  ហើយ​នៅ​ព្រឹក​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ កម្ពស់​ទឹកទន្លេ​មេគង្គ ហក់​ឡើងដល់ ២០,៥៤ ម៉ែត្រ​។​

​ក្នុងន័យនេះ គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត បាន​សូម​ណែនាំ​ថាៈ
​ត្រូវ​ពិនិត្យ​ធនធាន​សម្ភារៈ និង​កម្លាំង​អន្តគម​ន៍​បន្ទាន់ ដើម្បី​ត្រៀមលក្ខណៈ​ឆ្លើយតប និង​សង្គ្រោះបន្ទាន់ គ្រោះទឹកជំនន់​ទឹកភ្លៀង និង​ទឹកជំនន់​ទន្លេមេគង្គ​។ តាមដាន ត្រួតពិនិត្យ ជា​បន្តបន្ទាប់​នូវ​មុខសញ្ញា​គ្រោះថ្នាក់ ហានិភ័យ ដែល​អាច​គំរាមកំហែង ដល់​ប្រជាពលរដ្ឋ​ងាយ​រងគ្រោះ ដូចជា ទឹកជំនន់ លង់ទឹក ខ្យល់​កន្ត្រាក់ អគ្គិភ័យ បាក់​ច្រាំង ។ មន្ទីរជំនាញ​ពាក់ព័ន្ធ ត្រូវធ្វើ​របាយការណ៍ ស្តីពី​ផលប៉ះពាល់​នៃ គ្រោះមហន្តរាយ និង​ស្ថានភាព​ជលសា​ស្ត្រ សីតុណ្ហភាព ជូន​លេខាធិការដ្ឋាន នៃ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ខេត្ត ជាប់​ជាប្រចាំ ៕ V / N

រូបថត ( ទឹកទន្លេ​មេគង្គ កំពុង​ហក់​ឡើង​ក្នុង​ខេត្តក្រចេះ )