​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ក្រុម​អ្នកជំនាញ​ខាង​អាវុធ​នុយក្លេអ៊ែរ​បាន​និយាយថា សហរដ្ឋ​អាម៉េរិក​សឹងតែ​អាច​រកឃើញ​ជាមុន​ថា​តើ​រុស្ស៊ី​កំពុង​ត្រៀម​វាយប្រហារ​នុយក្លេអ៊ែ​រលើ​អ៊ុយ​ក្រែនឬ​អត់ ហើយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ប្រហែល​ជា​ចង់​ឱ្យ​គេ​ដឹង​យ៉ាងច្បាស់​អំពី​រឿងនេះ​។​

​ប្រធានាធិបតី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បានលើកឡើង​ពី​លទ្ធភាព​នៃ​ការប្រើប្រាស់​អាវុធ​នុយក្លេអ៊ែ​រ ប្រសិនបើ “​បូរណភាព​ទឹកដី​” ឬ​អត្ថិភាព​របស់​រុស្ស៊ី​ត្រូវបាន​គំរាមកំហែង​។​

​សេចក្តីប្រកាស​របស់​មូ​ស្គូ​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​កាត់​យក​តំបន់​កាន់កាប់​ដោយ​ផ្នែក​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​អាច​មានន័យថា​រុស្ស៊ី​អាច​ពិចារណា​ឆ្លើយតប​ទៅនឹង​ការវាយប្រហារ​លើ​ទឹកដី​ដណ្តើម​​បាន​ទាំងនេះ​ដោយ​ការវាយប្រហារ​នុយក្លេអ៊ែ​រ​។​

​បើ​រឿង​បែប​នោះ​កើតឡើង​មែន វា​ប្រហែលជា​ស្ថិត​ក្នុង​ទម្រង់​ជា​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ខ្នាតតូច ដែល​ទំនងជា​បាញ់​តាម​មី​ស៊ី​ល​ផ្លោង​រយៈ​ចម្ងាយ​ខ្លី Iskander នេះ​បើ​តាម​អ្នកជំនាញ​។​

​ខណៈ​ក្រុម​អ្នកវិភាគ​យោធា​មិន​មើលឃើញ​ការគំរាមកំហែង​របស់​ទីក្រុង​មូ​ស្គូ​នាពេលនេះ និង​ក្រុមមន្ត្រី​អាម៉េរិក​និយាយថា ពួកគេ​មិន​បាន​ឃើញ​សកម្មភាព​ណាមួយ​បង្ហាញ​ពី​ផែនការ​បែប​នោះ ស្ថាប័ន​ការពារជាតិ​និង​ចារកម្ម​នានា​របស់​លោក​ខាងលិច​កំពុង​ឃ្លាំមើល​យ៉ាង​ដិតដល់​ដើម្បី​មើល​ថា​តើ​ការគំរាមកំហែង​ដោយ​គ្រាប់​បរមាណូ​ពិតជា​កើតឡើង​ឬ​យ៉ាងណា​។​

​លោក ផាវែល ផូដ​វីក (Pavel Podvig) អ្នកស្រាវជ្រាវ​ជាន់ខ្ពស់​នៅ​វិទ្យាស្ថាន​ស្រាវជ្រាវ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​របស់​អ​.​ស​.​ប​នៅ​ទីក្រុង​ហ្សឺ​ណែ​វ បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន AFP ថា ការត្រៀម​សម្រាប់​ការវាយប្រហារ​នុយក្លេអ៊ែរ​នឹង​បង្ហាញ​ឱ្យ​ឃើញ​ច្បាស់​។​

​របាយការណ៍​ឆ្នាំ ២០១៧ របស់​វិទ្យាស្ថាន​បាន​គូសបញ្ជាក់​ទីតាំង​ស្តុក​អាវុធ​នុយក្លេអ៊ែរ​ចំនួន ៤៧ កន្លែង​នៅ​ទូទាំង​ប្រទេស​រុស្ស៊ី ពោលគឺ ១២ កន្លែង​នៅ​តាម​ឃ្លាំង​ថ្នាក់ជាតិ និង ៣៥ កន្លែង​នៅ​តាម​មូលដ្ឋាន​ទ័ព​។​

​គ្រាប់​នុយក្លេអ៊ែរ​របស់​រុស្ស៊ី​ត្រូវបាន​ត្រួតពិនិត្យ​ជា​និច្ច​ដោយ​ផ្កាយរណប​ស៊ើបការណ៍​សម្ងាត់​និង​យោធា​របស់​សហរដ្ឋ​អាម៉េរិក​និង​ប្រទេស​ដទៃ​ទៀត​។​

​គ្រាប់​ទាំងនោះ​ថែម​ទាំង​អាច​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ដោយ​ផ្កាយរណប​ពាណិជ្ជកម្ម ដូចដែល​បាន​បង្ហាញ​ដោយ​រូបភាព​ដែល​ចែកចាយ​ទូលំទូលាយ​និង​ធ្វើ​បច្ចុប្បន្ន​ភាពជា​ទៀងទាត់​នៃ​សកម្មភាព​នៅ​ឯ​រោងចក្រ​នុយក្លេអ៊ែរ​របស់​កូរ៉េខាងជើង​។​

​លោក​ផូដ​វីក​និយាយថា រុស្ស៊ី​បាន​ដាក់ពង្រាយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​ឬ​រយៈ​ចម្ងាយ​ឆ្ងាយ​របស់​ខ្លួន​នៅ​តាម​ទី​វាល លើ​កាំជ្រួច យន្តហោះ​ទម្លាក់​គ្រាប់បែក និង​នាវាមុជទឹក​។​

​ប៉ុន្តែ​អាវុធ​នុយក្លេអ៊ែរ​មិនមែន​យុទ្ធសាស្ត្រ​ឬ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធវិធី​របស់​រុស្ស៊ី ដែល​មាន​ចំនួន​ដល់​ទៅ ២.០០០ គ្រាប់ ត្រូវបាន​រក្សា​ទុក​ក្នុង​ឃ្លាំង​និង​មិន​ត្រូវបាន​ដំឡើង​នៅលើ​យាន​ដឹកជញ្ជូន​ដូចជា​មី​ស៊ី​ល Iskander​នោះទេ នេះ​បើ​យោង​តាម​លោក​ផូដ​វីក​។​

​លោក​បាន​និយាយថា “​មិន​មាន​មី​ស៊ី​ល Iskander ចល័ត​ចុះ​ឡើង​ជាមួយ​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ទេ​។ អាវុធ​នុយក្លេអ៊ែរ​គឺ​ស្ថិត​នៅក្នុង​ឃ្លាំង​”៕

​បើ​មាន​ការ​ចល័ត​មី​ស៊ី​ល Iskander នោះ​អាច​ជា​សញ្ញា​ថា រុស្ស៊ី​ត្រៀម​វាយប្រហារ​នុយក្លេអ៊ែរ