ដោយៈ មុន​រ័ត្ន / ភ្នំពេញៈ លោក​វេជ្ជបណ្ឌិត ស៊ឹម ស៊ូ​យេ​ង អនុប្រធាន​ប្រតិបត្តិ សមាគម​TYDA ទទួលបន្ទុក​បេសកកម្ម​សាលារៀន បាន​មានប្រសាសន៍ថាៈ លោក ហ៊ុន ម៉ា​ណែ​ត និង លោកស្រី ពេ​ជ ចន្ទ​មុន្នី ប្រធាន អនុប្រធាន ក្រុមប្រឹក្សាភិបាល តែងតែ​យកចិត្តទុកដាក់​យ៉ាងខ្លាំង ក្នុងការ​ថែទាំ​សុខមាលភាព​របស់​ប្រជាពលរដ្ឋ និយាយ​ជារួម និង​និយាយ​ដោយឡែក លោក​ទាំងពីរ បាន​យកចិត្តទុកដាក់ ចំពោះ​សុខ​មាល​ក្មួយៗ សិស្សានុសិស្ស ដែលជា​ទំពាំង​ស្នង​ឫស្សី​។​

​លោក​វេជ្ជបណ្ឌិត ស៊ឹម ស៊ូ​យេ​ង បាន​បន្ថែមទៀតថាៈ ការថែទាំ​សុខភាព​បឋម និង​សុខភាព​មាត់​ធ្មេញ មាន​សារៈសំខាន់​ណាស់ ដែល​តម្រូវឱ្យមាន​ចូលរួម​ទាំងអស់គ្នា ព្រោះ​នៅពេលដែល​សុខភាព​មាត់​ធ្មេញ​រឹងមាំ សុខភាព​ទូទៅ កាន់តែ​ល្អប្រសើរ ហើយ​រា​ង្គ​កាយ​រឹងមាំ នោះ​ក្មួយៗ មក​រៀនសូត្រ​បាន​ទៀងទាត់ ដែល​នឹង​ឱ្យ​លទ្ធផល សិក្សា​បានល្អ​។​

​លោក​វេជ្ជបណ្ឌិត ក៏បាន​បញ្ជាក់ថាៈ រហូតមកដល់​សព្វថ្ងៃ​នេះ TYDA មាន​អាយុ ១០ ឆ្នាំ​ហើយ ដោយមាន​សមាជិក​ជាង ៨​ពាន់​នាក់ ហើយ​ក្នុង​រយៈពេល ១០​ឆ្នាំនេះ TYDA បាន​ព្យាបាល​ជំងឺ​ទូទាំងប្រទេស បាន​ជាង ៣៥ ម៉ឺន​នាក់ ហើយ​អ្នកជំងឺ​ធ្ងន់ធ្ងរ ចំនួន​ជាង ៦​ពាន់​នាក់ ត្រូវបាន​សមាគម ប​ញ្ចូ​ន​មក​ព្យាបាល​បន្ត នៅ​រាជធានី​ភ្នំពេញ និង​ជាមួយ​ដៃគូ​សហការ​នានា ក្នុងនោះ អ្នកជំងឺ​បេះដូង​ធ្ងន់ធ្ងរ ចំនួន ៥៨​នាក់ បា​នប​ញ្ចូ​ន​មក និង វះកាត់ ដោយ​ជោគជ័យ​ផងដែរ​។​

​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាលខណ្ឌ​ឫស្សីកែវ បាន​ថ្លែងអំណរគុណ សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ខិតខំ​ស្វះស្វែង រក​វ៉ាក់សាំង មកចាក់​ជូន​បងប្អូន ប្រជាពលរដ្ឋ​យើងទាំងអស់គ្នា​។ ដោយសារ​យើង បាន​ចាក់​វ៉ាក់សាំង​គ្រប់គ្នាៗ​នេះហើយ ទើប​យើង​បាន​ជៀស​ផុតពី​កូ​វីដ ១៩ ដែល​ផ្តល់ ឱកាស​ឱ្យ​យើង​បាន​ជួបជុំគ្នា​ដោយផ្ទាល់ ឡើងវិញ ក៏ដូចជា​ក្មួយៗ បាន​ត្រឡប់មក​សិ​ស្សា​វិញ ដែល​ខុសពី​រយៈពេល​កាល​២​ឆ្នាំមុន ដែល​ជំងឺ​កូ​វីដ -១៩ ។ សូម​អំពាវនាវ ដល់​បងប្អូន ប្រជាពលរដ្ឋ និង​ក្មួយៗ​ទៅ​ចាក់ វ៉ាក់សាំង​ដូ​ស​ជំរុញ តាម​ការអំពាវនាវ របស់​ក្រសួងសុខាភិបាល​។​

​លោក ឯក ឃុន​ឌឿ​ន ក៏បានផ្ដល់​ដំបូន្មាន​ឱ្យ​ក្មួយៗ​សិស្សានុសិស្ស យកចិត្តទុកដាក់​ថែទាំ សុខភាព​ផ្ទាល់ខ្លួន និង​ខិតខំ​រៀនសូត្រ ឱ្យបាន​ពូកែ ចៀស​ឱ្យ​ឆ្ងាយ​ពី​អំពើ​អបាយមុខ ផ្សេងៗ ដើម្បី​ក្លាយខ្លួនជា​កូន​ល្អ សិស្ស​ល្អ និង​ប្រជាពលរដ្ឋ​ល្អ ដើម្បី​ចូលរួម​អភិវឌ្ឍន៍ សង្គមជាតិ​។​

​លោក​អភិបាលខណ្ឌ បាន​គោរព​ថ្លែងអំណរគុណ​លោក ហ៊ុន ម៉ា​ណែ​ត និង​លោកស្រី ពេ​ជ ចន្ទ​មុន្នី ដែល​បាន​បញ្ជូន​ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត នៃ​សមាគម​គ្រូពេទ្យ ស្ម័គ្រចិត្ត​យុវជន សម្តេច​តេ​ជោ “TYDA ” ព្យាបាល និង​អប់រំ​សុខភាព​មាត់​ធ្មេញ សិស្សានុសិស្ស វិទ្យាល័យ​ឫស្សីកែវ និង​ថ្លែងអំណរគុណ យុវជន​សមាគម អ​.​ម​.​ត យុវជន ស​.​ស​.​យ​.​ក​. សប្បុរសជន លោក លោកស្រី មន្ត្រី​សាលាខណ្ឌ លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ និង​ផ្នែក​ដែល​ពាក់ព័ន្ធ ដែល​បាន​ចូលរួម​សហការ​រៀបចំ​កម្មវិធី ពិនិត្យ​ជំងឺ​នា​ថ្ងៃនេះ​។​

​សូមបញ្ជាក់ថា ក្រុមការងារ និង​កម្លាំង​ស្ម័គ្រចិត្ត​នៃ​សមាគម TYDA ចំនួន ៨៧ នាក់ បាន​ចុះ​ពិនិត្យ​ព្យាបាល​ជំងឺ​មាត់​ធ្មេញ ជំងឺ​ទូទៅ និង​អប់រំ សុខភាព​មាត់​ធ្មេញ​-​សុខភាព ទូទៅ ជូន​ក្មួយៗ​សិស្សានុសិស្ស និង​លោកគ្រូ អ្នកគ្រូ នៅ​វិទ្យាល័យ​ឫស្សីកែវ ក្រោម​វត្តមាន​លោក ឯក ឃុន​ឌឿ​ន អភិបាល​នៃ​គណៈ​អភិបាល ខណ្ឌឫស្សីកែវ លោក លោកស្រី មន្ត្រី​សាលាខណ្ឌ លោកនាយក​សាលា លោកគ្រូ អ្នកគ្រូ លោក លោកស្រី និង​ប្អូនៗ សិស្សានុសិស្ស និង​អាណាព្យាបាល សរុប ៤០០ នាក់ និង​បាន​នាំយកមក ជាមួយ​នូវ​កញ្ចប់​ឃី​ត សម្រាប់​ក្មួយៗ លោកគ្រូ​អ្នកគ្រូ និង​អាណាព្យាបាល​ផងដែរ ក្នុងនោះ មាន​សៀវភៅ​រូប​សម្តេច ចំនួន ២​ក្បាល ប៊ិច ចំនួន ២​ដើម ជែ​ល​លាងដៃ ៥​ដប ម៉ាស ចំនួន ២០​ម៉ាស ច្រាស​ដុសធ្មេញ ១ និង​ជូន​វិទ្យាល័យ​ឫស្សីកែវ ជែ​ល​លាងដៃ ចំនួន​១២០​ដប​ធំ និង​ម៉ាស់ ចំនួន ៥.០០០ ម៉ាស​៕ V / N