ដោយៈតារារិទ្ធ / សៀមរាបៈ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមាន ប្រសាសន៍ថាៈ កម្ពុជាមិនមែនជារបបតកូនចៅ ដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើប្រជាពលរដ្ឋ ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។

ក្នុងពិធីសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅទៅរស់នៅភូមិធម្មជាតិរុនតាឯក នៅថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ សម្តេចបានថ្លែង ថាៈ សម្តេចមិនខ្វល់នឹងអ្នកព្រុស រឿងកាន់អំណាចរបស់សម្តេចនោះទេ។ ការថ្លែងរបស់ សម្តេចបែបនេះ ធ្វើឡើង បន្ទាប់ពីក្រុមប្រឆាំងនៅតែ លើកយករឿងកាន់តំណែងជានាយករដ្ឋមន្ត្រីរបស់សម្តេច មកវិភាគបកស្រាយដដែល។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានអះអាងថាៈ “កម្ពុជាមិនមែនជារបបតកូនចៅដូចកូរ៉េខាងជើងនោះទេ តែអាស្រ័យលើ ប្រជាពលរដ្ឋ ។ មាន័យថា ពលរដ្ឋបោះឆ្នោតឱ្យ គឺមិនខុសនឹងច្បាប់របស់កម្ពុជាឡើយ។”

សម្តេចតេជោ នាយករដ្ឋមន្ត្រី បានថ្លែងៈ «ចង់អ្នកណាថាអីថាទៅ។ អ្នក​ឯងព្រុសតាមចិត្តចុះ។ពាក្យថាព្រុសហើយ គេមិន ដែលហៅថា មនុស្សទេ។ ព្រុសកាន់តែខ្លាំង ដំណើរការកាន់តែលឿន ប្រាប់អ្នក​ឯងឲ្យច្បាស់។ អ្នក ឯងរអ៊ូថា ហ៊ុន សែន កាន់អំណាចយូរណាស់ ។ ចុះបើ ហ៊ុន សែន ដើរចេញ ហើយប្រគល់ឲ្យកូនធ្វើ វាមានទាស់ក្បាលអ្នក​​​​ឯងអី។ ប្រ ជាជនអ្នក បោះឆ្នោតទេតើ» ។

សម្ដេចតេជោ បានបន្តថាៈ ការរៀបចំលោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគតរបស់គណបក្ស ប្រជាជនកម្ពុជា គឺជាការរៀបចំទុកជាមុន ដើម្បីបញ្ចៀសការកើតបញ្ហាជាយថាហេតុណាមួយ។ សម្តេចបានបញ្ជាក់ថាៈ កូនរបស់ខ្ញុំ ក៏ជាប្រជាពលរដ្ឋម្នាក់ ដែលមានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតដែរ ។

សម្តេចតេជោ បានលើកឡើងថាៈ លោក ហ៊ុន ម៉ាណែត ត្រូវឆ្លងកាត់ ២ ដំណាក់ ដើម្បីក្លាយទៅជានាយករដ្ឋមន្ត្រី ដោយក្នុង នោះ ត្រូវការសន្លឹកឆ្នោតពីពលរដ្ឋ ដើម្បីក្លាយទៅជាតំណាងរាស្រ្ត ហើយដំណាក់កាលមួយទៀត បើសិនជាលោក​ហ៊ុន ម៉ាណែត ត្រូវបានចាត់តាំង ដោយព្រះមហាក្សត្រ ធ្វើជានាយករដ្ឋមន្ត្រី គឺត្រូវផ្គូរផ្គងគណៈរដ្ឋមន្ត្រី ដើម្បីទៅសុំការទុកចិត្តពី រដ្ឋសភា។

ជាមួយនេះ សម្តេចតេជោ ហ៊ុន សែន បានអរគុណចំពោះ ការវាយប្រហារទៅលើលោក ហ៊ុន ម៉ាណែត ជាបន្តបន្ទាប់នេះ ដោយសម្តេច បញ្ជាក់ថាៈ « អរគុណណាស់ដែលអ្នកឯងចេះវ៉ៃ ម៉ាណែត ហេតុអ្វីបានខ្ញុំត្រូវអរគុណគេវ៉ៃកូនខ្លួន ហើយបែរ​ជា​អរគុណទៀត? មូលហេតុ ដែលខ្ញុំអរគុណគឺ ម៉ា ណែត ត្រូវចេះការពារខ្លួនឯងដោយរបៀបណាកុំចាំឪពុក​ការពារ​អញ្ចឹង​ខ្ញុំគួរតែថ្លែងការណ៍អរគុណអ្នកដែលវ៉ៃ ហ៊ុន ម៉ា ណែត អញ្ចឹងម៉ាណែត​ ឥឡូវចាប់ផ្តើមចេះការពារខ្លួន​ របៀបការពារខ្លួន​របស់​គេយ៉ាងណា គេចេញទ្រឹស្តីរបស់គេ យ៉ាងណា ខ្ញុំអរគុណ កុំចាំអត់ពីឪពុកហើយអត់មានចេះការពារខ្លួន​កុំស៊ីកេរ​ឪពុក​គឺអត់ទេ អត់ឱ្យទម្លាប់ខ្ញុំដួលត្រង់ណា អត់មានទៅលើកដៃកូនឱ្យ ក្រោកឡើង គឺអត់ទេប្រឹងក្រោកខ្លួនឯង »

សម្តេចតេជោ ហ៊ុន សែនក៏បានអះអាងផងដែរថាៈ គ្រួសាររបស់សម្តេច ជាពិសេសកូនៗរបស់សម្តេច មិនដែលមានទម្លាប់​ឈ្លោះទាស់ទែងគ្នា នោះទេ។ សម្តេចតេជោ ហ៊ុន សែន បានរម្លឹកអំពីការវាយប្រហាររបស់ក្រុមប្រឆាំងលើសាមគ្គីភាពរបស់​គណបក្សប្រជាជនកម្ពុជា រហូតដល់គ្រួសាររបស់សម្តេច។

សម្តេចតេជោ បញ្ជាក់ថាៈ «មុននេះថា គណបក្សប្រជាជនទាស់គ្នា ទៀ បាញ់ ទៅផ្សេង ស ខេង ទៅផ្សឹង ម៉ែន សំអន ទៅផ្សេង សាយ ឈុំ ទៅផ្សឹង អស់ពីនោះថា ហ៊ុន ម៉ាណែត និងហ៊ុន ម៉ានី ទាស់គ្នាម្តងដណ្តឹមគ្នាធ្វើនាយករដ្ឋមន្ត្រី ចប់!កូនរបស់នាយករដ្ឋមន្ត្រី ឬចៅរបស់ នាយករដ្ឋមន្ត្រីអត់មានទម្លាប់ទាស់គ្នា គ្រួសារនេះអត់មានទម្លាប់ទាស់គ្នាទេ»

សម្តេចតេជោ បានលើកឡើងថាៈ ចៅរបស់សម្តេច ពេលនេះ មានចំនួនសរុប ២២ នាក់ ហើយមានតែនរណាម្នាក់ ក្នុងចំណោមនោះ ជាអ្នកដឹកនាំ ក៏អាចគ្រប់គ្រងចៅទាំង ២២ នាក់នោះបានដែរ។ សម្តេចបានរំលឹកថា ក្នុងចំណោម ចៅទាំងនោះ កូនរបស់កូនៗសម្តេច មួយណាក៏ដោយ ឱ្យតែមានមួយដឹកនាំ។ សម្តេច បានអះអាងថា សូម្បីតែកូនស្រីពៅ របស់សម្តេច ក៏ក្មួយៗរបស់គាត់ ពេលដែលឪពុក ម្តាយគេ ទៅក្រៅប្រទេស ក៏នាំគ្នាប្រមូលផ្តុំមកជុំជិតស្និទ្ធស្នាល។

សម្តេចបានបន្តថាៈ “ត្រកូលហ៊ុន អត់ចេះទាស់គ្នាទេ សូមផ្តាំត្រឡប់ទៅវិញ ធ្វើម៉េចឱ្យតែអ្នកឯង ត្រូវគ្នាទៅបានហើយ អត់ចាំបាច់មកប្រដៅ គណបក្សប្រជាជនទេ ហើយក៏មិនចាំបាច់ មកប្រដៅគ្រួសារ​ខ្ញុំដែរ រៀបចំគ្រួសារអ្នកឯងឱ្យល្អទៅ បើគ្រួសារខ្ញុំ មិនកើតមិនមែនគ្រួសារខ្ញុំ អាចមានសុខដុមរមនា រហូតដល់ពេលនេះ បើសិនជាគ្រួសារមួយ មិនអាចត្រួតត្រា បាន តើយើងទៅត្រួតប្រទេសម្តេចកើត?”។

សម្តេចតេជោ បានអះអាងថាៈ ថ្នាក់ដឹកនាំកំពូលៗរបស់គណបក្សប្រជាជនកម្ពុជា គឺចេះរស់នៅជាមួយគ្នា​ដោយមិនរង្គោះរង្គើ​រយៈពេលជាង ៤០ ឆ្នាំមកហើយ ។ សម្តេចទទួលស្គាល់ថា កន្លងទៅធ្លាប់មានបញ្ហាខ្លះដែលលើក មកជជែកគ្នា  ហើយនោះ គ្រាន់តែជាប្រជាធិបតេយ្យ ផ្ទៃក្នុងបក្សប៉ុណ្ណោះ។

សម្តេចតេជោ ហ៊ុន សែន បានរិះគន់ក្រុមប្រ ឆាំងដែលបែកបាក់ដោយសារតែមានក្បាលម៉ាស៊ីននយោបាយ​ ២​ ផ្សេងគ្នា​មានគំនិតផ្សេងគ្នា​ ហើយឱ្យតែមានបញ្ហាជាមួយគ្នាបន្តិចបន្តួច​ គឺវាយប្រហារគ្នា ​តាមបណ្តាញសង្គម ដែលធ្វើឱ្យរលំរលាយ ដូចសព្វថ្ងៃ៕/V