ដោយ​៖ ដេប៉ូ / ភ្នំពេញ​៖ ក្រសួង​ការងារ និង​បណ្តុះ​បណ្តា​វិជ្ជាជីវៈ បានចេញ​សេចក្តីបំភ្លឺ មួយ ពាក់ព័ន្ធ​ទៅនឹង​ដំណោះស្រាយ​វិវាទ​ការងារ នៅ​ក្រុមហ៊ុន​ណាហ្គា​វើ​លដ៍ ដែល​គិត​រហូតមក​ដល់ពេលនេះ នៅ​មិនទាន់​បញ្ចប់​នៅឡើយ​។​

​បើ​យោងតាម​សេចក្តីបំភ្លឺ របស់​ការិយាល័យ អ្នកនាំពាក្យ​ក្រសួង​ការងារ នៅ​ថ្ងៃទី ១ ខែ តុលា ឆ្នាំ​២០២២ នេះ បានបញ្ជាក់​ពី​សាវតា​នៃ​វិវាទ និង​ដំណោះស្រាយ​របស់ ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ផងដែរ​។​

​ក្រសួង​ការងារ បានបញ្ជាក់​ក្នុង​សេចក្តីបំភ្លឺ​របស់ខ្លួន​ថាៈ តាមរយៈ​យន្តការ​គណៈកម្មការ សម្រាប់​ដោះស្រាយ​បញ្ហា កូដកម្ម បាតុកម្ម នៅតាម​គ្រប់​មុខសញ្ញា បាន​កោះអញ្ជើញ ភាគី​ទាំងពីរ មក​ចរចា​ទល់មុខ​គ្នា បាន ១៨​លើក (​បន្ទាប់ពី​តំណាង​អតីត​បុគ្គលិក បាន​នៅក្រៅ​ឃុំ​ជា​បណ្ដោះអាសន្ន​) និង​ជួបចរចា​ដោយឡែក​ជាច្រើនលើក​ផងដែរ ដើម្បី ស្វែងរក​លទ្ធភាព​ជម្រើស​ដំណោះស្រាយ​។ ប៉ុន្តែ វិវាទ​នេះ មិនបាន​សះជា​ឡើយ ដោយ​ចំណុច​ដែល​មិន​សះជា និង​គ្មាន​ដំណោះស្រាយ​នោះ គឺ​ភាគី​អតីត​បុគ្គលិក នៅតែ​បន្ត​ទាមទារ​ឱ្យ​ក្រុមហ៊ុន ត្រូវតែ​ទទួលយក​អតីត​បុគ្គលិក ដែល​នៅ​សេសសល់ ឱ្យចូល​ធ្វើការ​វិញ ចំណែក​ក្រុមហ៊ុន បាន​បន្ត​បដិសេធ លើ​ការទាមទារ​នេះ ដោយ​យល់ព្រម អនុវត្ត​ការទូទាត់​សំណង ស្របតាម​ច្បាប់ ជា​ធរមាន​ជំនួស​វិញ​។ តាមច្បាប់ ក្រសួង​មិនអាច​បង្ខំ​ឱ្យ​ភាគី​ណាមួយ ត្រូវតែ​យល់ព្រម តាម​អ្នក​ផ្សះផ្សា​វិវាទ ឡើយ​។ ការព្រម ឬ​មិន​ព្រម​ទទួលយក អតីត​បុគ្គលិក ឱ្យចូល​ធ្វើការ​វិញ គឺ​អាស្រ័យទៅលើ ការសម្រេចចិត្ត​របស់​ភាគី​និយោជក ស្របតាម​នីតិវីធី​ច្បាប់​។​

​ក្រសួង​ការងារ បានឱ្យដឹងថាៈ គិត​ត្រឹម​ថ្ងៃទី​១ ខែតុលា ឆ្នាំ​២០២២ នេះ មាន​អតីត​បុគ្គលិក សរុប​ចំនួន ២៤៤​នាក់ ក្នុងចំណោម ៣៧៣ នាក់ បាន​យល់ព្រម ទទួលយក​ការទូទាត់ នូវ​ប្រាក់​បំណាច់​បញ្ចប់​កិច្ចសន្យាការងារ ជាមួយ​ក្រុមហ៊ុន ដែល​ធ្វើឱ្យ​ចំនួន អតីត​បុគ្គលិក ដែល​មិន​ព្រម​ទទួលយក​សំណង នៅសល់​ត្រឹមតែ​ចំនួន ១២៩​នាក់ ប៉ុណ្ណោះ​។ ចំពោះ​អតីត​បុគ្គលិក ដែល​នៅ​សេសសល់ ក្រសួង​នឹង​រៀបចំ កិច្ចប្រជុំ នៅ​ថ្ងៃទី​៦ ខែតុលា ឆ្នាំ​២០២២ ដើម្បី​បន្ត​សម្របសម្រួល ដោះស្រាយ​វិវាទ ការងារ​នេះ​។​

​ទាក់ទិន​ក្នុង​រឿងនេះ ក្រសួង​ការងារ បានលើកឡើង​ថាៈ ”​ចំពោះ​បញ្ហា​ដែល​ជាប់គាំង​កន្លងមក​នេះ គឺ​មិនមែនជា​ការព្រងើយកន្តើយ​របស់​ក្រសួង​ឡើយ​”​។​

​ជាមួយគ្នានេះ ក្រសួង​ការងារ បានឱ្យដឹង​ដែរ​ថាៈ សម្រាប់​បងប្អូន​អតីត​បុគ្គលិក ដែល​មិនទាន់មាន​ការងារ​ថ្មី ហើយ​មានបំណង​ស្វែងរក​ការងារ​ធ្វើ សូម​ទាក់ទង​មក ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ (NEA) នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ ដែលមាន អាសយដ្ឋាន ស្ថិតនៅ​មហាវិថី​សហព័ន្ធរុស្ស៊ី សង្កាត់​ទឹកល្អក់​១ ខណ្ឌទួលគោក រាជធានី​ភ្នំពេញ ឬ​ទំនាក់ទំនង តាមរយៈ​ទូរ​សព្ទ​លេខ 077 232 378 / 016 786 655 ឬ​តាមរយៈ​គេហទំព័រ www.nea.gov.kh និង​ហ្វេ​ស​ប៊ុ​ក www.facebook.com/neakhmer ដើម្បី​ក្រសួង​ស្វែងរក​ការងារ​ថ្មី ជូន​ដូច​អតីត​បុគ្គលិក​មួយចំនួន បានធ្វើ​កន្លងមក​៕ V / N