​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ យោងតាម​របាយការណ៍​របស់​រដ្ឋាភិបាល​ថ្មីៗ​នេះ​បាន​ឱ្យដឹងថា វៀតណាម​បាន​ចំណាយ​ប្រាក់​ជិត ៧៩,៧ ទ្រី​លាន​ដុង (៣,៣២ ពាន់​លាន​ដុល្លារ​)​ដើម្បី​ប្រយុទ្ធ​​ប្រឆាំង​នឹង​ជំងឺ​រាតត្បាត​កូ​វីដ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ចុងក្រោយ​នេះ​។

​ក្នុងចំណោម​ចំនួន​ប្រាក់​នេះ ប្រហែល​ពីរ​ភាគ​បី ឬ​ជាង ៥១,២២ ទ្រី​លាន​ដុង​ត្រូវបាន​ចំណាយ​ក្នុង​ឆ្នាំ ២០២១ តែឯង នេះ​បើ​យោងតាម​របាយការណ៍​ដែល​បាន​ដាក់ជូន​រដ្ឋសភា​ដើម្បី​ពិនិត្យ​ការគ្រប់គ្រង​​របស់​រដ្ឋាភិបាល​ក្នុង​វិស័យសេដ្ឋកិច្ច​និង​សង្គម​។​

​ក្នុងចំណោម​ប្រាក់ ៥១,២២ ទ្រី​លាន​ដុង​នេះ ក្រសួង​សុខាភិបាល​បាន​ចំណាយ​ជាង ៨,៨ ទ្រី​លាន​ដុង​ដើម្បី​ទិញ​វ៉ាក់សាំង​កូវី​ដ​។​

​ក្នុង​ឆ្នាំ ២០២១ វៀតណាម​ក៏​បាន​ទទួល​វ៉ាក់សាំង​ចំនួន ៩៥,០៨ លាន​ដូសពី​ប្រទេស​ផ្សេងទៀត ឬ​អង្គការ​អន្តរជាតិ​នានា​ដោយ​មិន​គិតថ្លៃ ឬ​ជាមួយ​នឹង​ការឧបត្ថម្ភ​ដោយ​ផ្នែក​ផងដែរ​។​

​សម្រាប់​ឆ្នាំ ២០២២ រដ្ឋាភិបាល​កំពុង​បន្ត​ប្រើ​លុយ​ជាង ៣៦,១ ទ្រី​លាន​ដុង​ដើម្បី​ប្រយុទ្ធប្រឆាំង​នឹង​កូវី​ដ​១៩​។​ប្រហែល​តិចជាង​ពាក់កណ្តាល​នៃ​ចំនួន​ប្រាក់​នេះ​ត្រូវបាន​គ្រោងទុក​សម្រាប់​ការផ្គត់ផ្គង់​វ៉ាក់សាំង​​នៅ​ឆ្នាំ​នេះ​។​

​ដើម្បី​សន្សំ​សំចៃ​ប្រាក់ កាលពី​ឆ្នាំមុន​រដ្ឋាភិបាលកណ្តាល​ក៏​បាន​កាត់បន្ថយ​យ៉ាងហោច​ណាស់​ពាក់កណ្តាល​នៃ​ការចំណាយ​រដ្ឋបាល​របស់​ខ្លួន​ក្នុងការ​រៀបចំ​សន្និសី​ទ​និង​ការ​ធ្វើ​ដំណើរ​ការងារ ហើយ​សន្សំ​បាន ១០ ភាគរយ​នៅក្នុង​ការចំណាយ​ធម្មតា​ផ្សេងទៀត​៕

​បុគ្គលិក​ពេទ្យ​កាន់​ដប​វ៉ាក់សាំង Pfizer នៅ​ទីក្រុង​ហូជីមិញ កាលពី​ថ្ងៃទី ២៧ ខែតុលា ឆ្នាំ ២០២១។ ក្រសួង​សុខាភិបាល​បាន​ចំណាយ​ជាង ៨,៨ ទ្រី​លាន​ដុង​ដើម្បី​ទិញ​វ៉ាក់សាំង​កូវី​ដ​។​