​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ នៅក្នុង​ការសន្ទនា​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​សុក្រ​ទី​៣០​កញ្ញា​ជា​មួយ​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ថ្កោលទោស​ការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ទឹកដី​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​ថា​ខុសច្បាប់ និង​ជា​ការរំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​។​

​បន្ទាប់មកទៀត លោក​គី​ស៊ី​ដា​បាន​និយាយថា “​ខ្ញុំ​បាន​ប្រាប់​គាត់​ថា ដំណើរការ​ដែល​រុស្ស៊ី​ហៅថា ប្រជាមតិ​និង​ការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​អ៊ុ​យក្រែន មិន​គួរ​ត្រូវ​បាន​ទទួលស្គាល់​ឡើយ ហើយ​ថា​ខ្ញុំ​ថ្កោលទោស​​ចំពោះ​រឿង​នេះ​យ៉ាងខ្លាំង​”​។​

​លោក​គី​ស៊ី​ដា​បាន​និយាយថា លោក​ក៏​បាន​ធានា​ជាថ្មី​ដល់​លោក​ហ្សេ​លេន​ស្គី​នៅក្នុង​ការសន្ទនា​រយៈពេល ៣០ នាទី​ផងដែរ​ថា ជប៉ុន​ប្តេជ្ញា​ធ្វើការ​ជាមួយ​ក្រុម​ប្រទេស G7 ផ្សេងទៀត និង​សហគមន៍​អន្តរជាតិ​ដ៏​ទូលំទូលាយ​ក្នុង​ការជួយ​ដល់​អ៊ុយ​ក្រែន​បន្ថែមទៀត ហើយ​គ្រោង​នឹង​ដាក់​ទណ្ឌកម្ម​បន្ថែម​ទៀត​ប្រឆាំងនឹង​រុស្ស៊ី​។​

​មេដឹកនាំ​លោកខាងលិច រួម​ទាំង​ប្រធានាធិបតី​អាម៉េរិក លោក ចូ បៃ​ដិ​នក៏បាន​ថ្កោលទោស​ផង​ដែរ​ចំពោះ​ការ​កាត់​យក​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ដែល​កាន់កាប់​ដោយ​រុស្ស៊ី​នៅ​ប៉ុន្មាន​ថ្ងៃ​បន្ទាប់​​ពី​អ្នក​បោះឆ្នោត​បាន​បោះ​គាំទ្រ “​ការធ្វើប្រជាមតិ​” ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ​ស្តីពី​ការចូលរួម​ជាមួយ​ប្រទេស​រុស្ស៊ី​។​

​លោក​គី​ស៊ី​ដា ដែល​នឹង​ធ្វើ​ជា​ម្ចាស់ផ្ទះ​កិច្ចប្រជុំ​មេដឹកនាំ​នៃ​ក្រុម​ប្រទេស​ឧស្សាហកម្ម​ទាំង​ប្រាំពីរ​នៅ​ឆ្នាំក្រោយ បាន​ប្រាប់​លោក​ហ្សេ​លេន​ស្គី ថា​គាត់​គ្រោង​នឹង​ស្នើ​ឱ្យ​ពួកគេ​ដាក់ទណ្ឌកម្ម​តឹងរ៉ឹង​ប្រឆាំង​​នឹង​រុស្ស៊ី​ហើយ​នឹង​ដឹកនាំ​ការពិភាក្សា​ស្តីពី​ការកសាង​អ៊ុយ​ក្រែន​ឡើងវិញ​។​

​លោក​បាន​និយាយថា ជប៉ុន​កំពុង​វាយតម្លៃ​ថា​ពេល​ណា​ដែល​ខ្លួន​អាច​បើក​ស្ថានទូត​របស់​ខ្លួន​ឡើងវិញ​នៅ​ទីក្រុង​គៀវ​ដែល​លោក​ពណ៌នា​ថា​មាន​សារៈសំខាន់​សម្រាប់​ទំនាក់​ទំនង​ជិតស្និទ្ធ​រវាង​ជប៉ុន​​និង​អ៊ុ​យក្រែន​។ ជប៉ុន​បាន​បិទ​ស្ថានទូត​របស់ខ្លួន​កាលពី​ខែ​មីនា ខណៈ​ការឈ្លានពាន​របស់​រុស្ស៊ី​លើ​អ៊ុយ​ក្រែន​កាន់តែ​ខ្លាំងក្លា និង​បាន​រើ​ផ្នែក​នៃ​ប្រតិបត្តិការ​របស់​ខ្លួន​ទៅ​កាន់​ទីក្រុង​ល្វីវ (Lviv) នៅ​ភាគ​ខាងលិច​អ៊ុ​យក្រែន​៕

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក ហ្វ៊ុយ​មី​អូ គី​ស៊ី​ដា បាន​ថ្កោលទោស​ការ​កាត់​យក​ផ្នែក​ខ្លះ​នៃ​ទឹកដី​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​ថា​ខុសច្បាប់ និង​ជា​ការរំលោភ​លើ​អធិបតេយ្យភាព​របស់​ប្រទេស​នេះ​