​ដោយ​៖ ម៉េង​ឆៃ / ភ្នំពេញ​៖ នៅក្នុង​សប្តាហ៍​ចុងខែ​កញ្ញា​នេះ មាន​ព្រឹត្តិការណ៍​ជាតិ​ជាច្រើន បានកើត​ឡើង ដូចជា ការវិលត្រឡប់​មកកាន់​មាតុប្រទេស​វិញ​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ក្រោយ​បំពេញបេសកកម្ម ដោយ​ជោគជ័យ នៅ​អង្គការសហប្រជាជាតិ នៅ​អាមេរិក គុយបា និង​នៅ​ប្រទេស​ជប៉ុន ជាដើម​។​

១- សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ចូលរួម​បុណ្យសព និង​គោរព​វិញ្ញាណក្ខន្ធ លោក អា​បេ

​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​២៧ ខែកញ្ញា សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អញ្ជើញ​ចូលរួម​ពិធី​បុណ្យសព​របស់លោក អា​បេ ស៊ិន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ដែល​ត្រូវបាន​ខ្មាន់កាំភ្លើង​បាញ់សម្លាប់ កាលពី​ខែ​ដើមខែ​កក្កដា​កន្លងទៅ​។ ពិធីបុណ្យ​ថ្នាក់ជាតិ​នៅ​ទីក្រុង​តូ​ក្យូ​នេះ ត្រូវបាន​រៀបចំឡើង​យ៉ាង​អធិកអធម នៅ​ទីក្រុង​តូ​ក្យូ ដើម្បី​ជាការ​ផ្តល់​តម្លៃ និង​កិត្តិយស​ជូន​ដល់​សព​របស់លោក អា​បេ ដែលជា​មេដឹកនាំ​ដ៏​ល្បាញ​ល្បី​។​

២- សម្តេច​តេ​ជោ ហ៊ុន សែន អញ្ជើញ​ទទួលទាន​អាហារ​ការងារ ជាមួយ​ប្រធាន​រដ្ឋ វៀតណាម

សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​ថ្ងៃទី​២៧ ខែកញ្ញា អំឡុងពេល ចូលរួម​បុណ្យសព​ថ្នាក់ជាតិ​របស់លោក ស៊ីន​ហ្សូ អា​បេ នៅ​ទីក្រុង​តូ​ក្យូ សម្តេច បាន​អញ្ជើញ​ទទួលទាន​អាហារ​ពេលព្រឹក​ការងារ ជាមួយ​លោក ង្វៀន សួន​ហ្វុ​ក ប្រធាន​រដ្ឋ នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​។

៣- សម្តេច​តេ​ជោ ហ៊ុន សែន ជួបពិភាក្សា​ការងារ ជាមួយ​ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន

កាលពី​ព្រឹក​ថ្ងៃទី​២៧ ខែកញ្ញា បន្ទាប់ពី​ទទួលទាន​អាហារ​ការងារ​ពេលព្រឹក ជាមួយ ប្រធាន​រដ្ឋ​វៀតណាម​រួចមក សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ជួបពិភាក្សា​ការងារ ជាមួយ​លោក Charles Michel ប្រធាន​ក្រុមប្រឹក្សា​អឺរ៉ុប នៅ​ទីក្រុង​តូ​ក្យូ ប្រទេស​ជប៉ុន​។​

៤-​ខេត្ត​ចំនួន​៨ ប្រឈម​ជំនន់​ទឹកភ្លៀង ខណៈ​ស្ថានភាព​ទឹកទន្លេ​មេគង្គ ងើបឡើង​វិញ ចាប់ពី​ថ្ងៃទី ២៧-៣០ កញ្ញា

​ក្រសួង​ធនធានទឹក និង​ឧតុនិយម បានប្រកាស​កាលពីដើម​សប្តាហ៍​នេះ​ថា ទី​ទំនាប និង​តំបន់​ជាប់​ផ្លូវទឹក នៅក្នុង​ភូមិសាស្ត្រ​មួយចំនួន ក្នុង​ខេត្ត​ចំនួន​៨ នៅ​ភាគ​ពាយ័ព្យ ប្រឈម​ជំនន់​ទឹកភ្លៀង និង​ជំនន់​ដោយ​បរិ​មាណទឹក​ហួស​កម្រិត ខណៈ​ស្ថានភាព​ទឹក ទន្លេមេគង្គ ក៏​ងើប​ឡើងវិញ​ជា​បន្តបន្ទាប់ ចាប់ពី​ថ្ងៃទី ២៧-៣០ កញ្ញា ឆ្នាំ​២០២២​។ បណ្តា​ខេត្ត​នៅ​ភាគ​ពាយ័ព្យ ដែល​ប្រឈម​នឹង​ជំនន់​ទឹកភ្លៀង រួមមាន ខេត្ត​ឧ​ត្ត​រ​មានជ័យ ព្រះវិហារ រតនគិរី សៀមរាប បន្ទាយមានជ័យ ប៉ៃលិន បាត់ដំបង និង​ខេត្តពោធិ៍សាត់​។

៥- ភ្លៀង​ធ្លាក់​ជាប់ៗ​គ្នា ធ្វើឱ្យ​ខេត្ត​ចំនួន​៤ រង​ការ​ជន់​លិច ខណ​:​ស្រុក​ស្ទោង ខេត្តកំពង់ធំ ស្ថិតក្នុង​ស្ថានភាព ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន

​ដោយសារតែ​ភ្លៀង​ធ្លាក់​ច្រើន នាំឱ្យ​យ៉ាងហោចណាស់​ខេត្ត​ចំនួន ៤ រួមមាន​៖ ខេត្តកំពង់ធំ សៀមរាប បន្ទាយមានជ័យ និង​ឧត្ដរមានជ័យ បាន​រង​ផលប៉ះពាល់ ដោយសារ​ជំនន់​ទឹក ភ្លៀង​ខ្លាំងជាងគេ ខណៈ​ស្រុក​ស្ទោង ក្នុង​ខេត្តកំពង់ធំ ទឹកភ្លៀង ជន់​លិច​ខ្លាំង និង​ត្រូវបាន ប្រកាស​ឱ្យ​ប្រុងប្រយ័ត្ន ជា​លើក​ទី​៤ បន្ទាប់ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង​ជាប់​គ្នាៗ​។​

៦-​ផ្លូវ​ល្បឿន​លឿន​ភ្នំពេញ​-​ព្រះសីហនុ បើក​ឱ្យប្រើ​ប្រាស់​សាកល្បង ដោយ​ឥតគិតថ្លៃ រយៈពេល​មួយខែ​តុលា

ក្រសួង​សាធារណការ និង​ដឹកជញ្ជូន និង​ក្រុមហ៊ុន​វិនិយោគ បានសម្រេច​អនុញ្ញាតឱ្យ អ្នកបើកបរ យានយន្ត​ប្រើប្រាស់​ផ្លូវ​ល្បឿន​លឿន ភ្នំពេញ​-​ព្រះសីហនុ ដោយ​ឥតគិតថ្លៃ ក្នុង​រយៈពេល​មួយខែ​ពេញ គិត​ចាប់ពី​ថ្ងៃទី​០១ ដល់​ថ្ងៃទី​៣១ ខែតុលា ឆ្នាំ​២០២២​។ ក្រសួង​សាធារណការ និង​ដឹកជញ្ជូន បានប្រកាសថា យានយន្ត​ដែល​អនុញ្ញាតឱ្យ ប្រើប្រាស់​លើផ្លូវ​ល្បឿន​លឿន រួមមាន​៖ រថយន្ត​គ្រប់​ប្រភេទ ដែលមាន​ល្បឿន ពី ៦០​គ​.​ម ក្នុង ១​ម៉ោង ដល់ ១២០​គ​.​ម ក្នុង​១​ម៉ោង ហើយ​ម៉ូតូ ចាប់ពី​កម្លាំង​ទំហំ​ស៊ីឡាំង ពី ៥០០cc ឡើងទៅ​។

៧-​សម្ដេច​តេ​ជោ ហ៊ុន សែន ធ្វើដំណើរ​ត្រលប់​មកដល់​កម្ពុជា​ដោយ​សុវត្ថិភាព

សម្ដេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា កាលពី​រសៀល​ថ្ងៃទី​២៨ ខែកញ្ញា បាន​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​កម្ពុជា អញ្ជើញ​វិលត្រឡប់​មកដល់​ប្រទេស​កម្ពុជា​វិញ ដោយ​សុវត្ថិភាព​។ សម្តេច​តេ​ជោ ហ៊ុន សែន បាន​បំពេញបេសកកម្ម​ដោយ​ជោគជ័យ នៅ មហាសន្និបាត​អង្គការសហប្រជាជាតិ លើ​ទឹកដី​សហរដ្ឋអាមេរិក ការបំពេញ​ទស្សនកិច្ច ផ្លូវការ​នៅ​សាធារណរដ្ឋ​គុយបា និង​ចូលរួម​ពិធី​បុណ្យសព​ថ្នាក់ជាតិ​របស់លោក អា​បេ ស៊ីន​ហ្សូ អតីត​នាយករដ្ឋមន្ត្រី​ជប៉ុន ចាប់ពី​ថ្ងៃទី​២១ ដល់​ថ្ងៃ​២៨ ខែកញ្ញា ឆ្នាំ​២០២២​។​

៨- ជប៉ុន នឹង​បង្កើត​រោងចក្រ​ផលិត​រថយន្ត ក្រុមហ៊ុន​តូយ៉ូតា នៅ​កម្ពុជា

​មុន​ចាក​ចេញពី​ប្រទេស​ជប៉ុន កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែកញ្ញា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​អញ្ជើញ​ជួប​សំដែង​ការគួរសម​ជាមួយ​លោក នាយករដ្ឋមន្ត្រី ជប៉ុន Fumio Kishida​។ ក្នុង​កិច្ចពិភាក្សា​នេះ ឯកឧត្តម​នាយករដ្ឋមន្ត្រី​ជប៉ុន បាន​ជម្រាបជូន​សម្តេច​តេ​ជោ​ថា ជប៉ុន នឹង​បង្កើត​រោងចក្រ​ផលិត​រថយន្ត​ក្រុមហ៊ុន​តូយ៉ូតា នៅក្នុង​ប្រទេស​កម្ពុជា​។​

៩-​សម្ដេច​តេ​ជោ ហ៊ុន សែន ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ​សំខាន់ៗ​មួយចំនួន សំដៅ​រួមចំណែក​ទប់ស្កាត់ សកម្មភាព​ជួញដូរ​មនុស្ស​នៅ​កម្ពុជា

នៅ​ថ្ងៃទី​២៩ ខែកញ្ញា ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី បើក​វេទិកា​អន្តរ​សាសនា លើក​ទី​៦ ស្តីពី​ការប្រឆាំង​ការ​ជួញ ដូរ​មនុស្ស សម្តេច​តេ​ជោ ហ៊ុន សែន បានប្រកាស​ដាក់ចេញ​នូវ​គោលការណ៍​ណែនាំ សំខាន់ៗ​មួយចំនួន ដូចជា វិធានការ​ទប់ស្កាត់​ជាមុន តាមរយៈ​ការអប់រំ តាមបែប​សាសនា ,​ការលើកទឹកចិត្ត​អោយមាន​ការចូល​រួមសហកា​រ​ពី​ប្រជាពលរដ្ឋ និង​ភាគី​ពាក់ព័ន្ធ ក៏ដូចជា ការបន្ត​អនុវត្តន៍​វិធានការ​ក្តៅ គ្មាន​ការលើកលែង ក្នុងការ​លប់បំបាត់​ឫសគល់​នៃ​អំពើ ជួញដូរ​មនុស្ស មាន​ជាអាទិ៍ ការបង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​គ្រប់​ប្រភេទ ការជួញដូរ ចែកចាយ និង​ប្រើប្រាស់​គ្រឿងញៀន ជាដើម​។

១០- ព្រះមហាក្សត្រ និង​សម្តេចម៉ែ យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកដល់​ភ្នំពេញ​វិញ​ហើយ​

​កាលពី​រសៀល ថ្ងៃ​ព្រហស្បតិ៍ ទី​២៩ ខែកញ្ញា ព្រះករុណា ព្រះមហាក្សត្រ សម្តេចព្រះ​បរមនាថ នរោត្តម សីហមុនី និង​សម្តេចម៉ែ ព្រះមហាក្សត្រី នរោត្តម មុនីនាថ សីហនុ បាន​យាង​និវត្តន៍​ពី​ទីក្រុង​ប៉េកាំង ប្រទេស​ចិន មកដល់​រាជធានី​ភ្នំពេញ​វិញ​ហើយ​។ ព្រះអង្គ​ទាំង​ទ្វេ បាន​យាង​ទៅកាន់​ទីក្រុង​ប៉េកាំង ដើម្បី​បំពេញ​ព្រះរាជ​សកម្មភាព និង ពិនិត្យ​ព្រះរាជសុខភាព​។ ក្នុងពេល​ទទួល​ព្រះរាជដំណើរ​របស់​ព្រះអង្គ នៅ​អាកាសយាន ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ មានការ​អញ្ជើញ​ចូលរួម​ពី​ថ្នាក់ដឹកនាំ​កំពូលៗ រួមមាន​៖ សម្តេច​តេ​ជោ ហ៊ុន សែន សម្តេច ហេង សំរិន សម្តេច ស ខេង សម្តេច សាយឈុំ រួមទាំង​ឥស្សរជន និង​ព្រះរាជវង្សានុវង្ស ជាច្រើន​ផ្សេងទៀត​។​

១១-​សហព័ន្ធ​យុវជន​កម្ពុជា រៀបចំ​យុទ្ធនាការ Beyond The Games ដើម្បី​ជំរុញ និង​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​ស៊ី​ហ្គេម និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម នៅ​ឆ្នាំ​២០២៣

ដើម្បី​ពង្រីក​នូវ​សក្តានុពល​នៃ​ការធ្វើឱ្យ​ព្រឹត្តិការ​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ ដែល​កម្ពុជា ធ្វើជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០២៣ ក្លាយជា​មុខមាត់​ជា កេរ្ដិ៍ឈ្មោះ និង​ជា​កម្លាំង​ថាមពល​របស់​កម្ពុជា ដែល​ត្រូវ​យកមក​ដាក់​បង្ហាញ​ពិភពលោក ឱ្យ​ស្គាល់ សហភាព​សហព័ន្ធ​យុវជន​កម្ពុជា (​ស​.​ស​.​យ​.​ក​) បានរៀបចំ​យុទ្ធនាការ Beyond The Games​។ ពិធី​សម្ពោធ​ជា​ផ្លូវការ​នៃ​យុទ្ធ​ការ Beyond The Games បានធ្វើ​ឡើង កាលពី​ល្ងាច​ថ្ងៃ​សុក្រ ទី​៣០ ខែកញ្ញា ឆ្នាំ​២០២២​។ យុទ្ធនាការ Beyond The Games គឺជា​យុទ្ធនាការ​របស់​យើងទាំងអស់គ្នា ដែលជា​ផ្នែក​មួយ​នៃ​យុទ្ធនាកា​រួម​របស់​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការប្រកួត​កីឡា​អាស៊ីអាគ្នេយ៍ (CAMSOC) អនុវត្ត​ដោយ​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា ក្នុងនាម​ជា​ដៃគូ​របស់ CAMSOC ដើម្បី​បង្កើត និង​ផ្សារភ្ជាប់​មហាជន​ទូទៅ​នូវ មនោសញ្ចេតនា និង​មោទកភាព​នៃ​ភាពជា​ខ្មែរ ទៅនឹង​ភាពជា​ម្ចាស់ផ្ទះ សម្រាប់ ព្រឹត្តិការណ៍​ស៊ី​ហ្គេម លើក​ទី​៣២ និង​អាស៊ាន​ប៉ា​រ៉ា​ហ្គេម លើក​ទី​១២ នា​ឆ្នាំ​២០២៣​។​

១២-​សម្តេច​តេ​ជោ ហ៊ុន សែន ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក

កាលពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១ ខែតុលា សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​កម្ពុជា បាន​ជួប​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ២៧៥១​គ្រួសារ ដែល​បាន​ស្ម័គ្រចិត្ត រើ​លំនៅឋាន និង​សំណង់​ផ្សេងៗ ចេញពី​តំបន់​រមណីយដ្ឋាន​អង្គរ និង​តំបន់​ស្ថិតក្រោម​ការ គ្រប់គ្រង​របស់​អាជ្ញាធ​រ​ជាតិ​អប្សរា ទៅ​រស់នៅក្នុង​តំបន់​អភិវឌ្ឍន៍​រុន​តា​ឯក​។ កាលពី​ថ្ងៃទី​១៣ ខែកញ្ញា​ថ្មីៗ​នេះ សម្តេច​តេ​ជោ បាន​ជួប​សំណេះសំណាល​ជាមួយ ប្រជាពលរដ្ឋ​ម្តង​រួចមកហើយ នៅ​ភូមិ​ធម្មជាតិ​រុន​តា​ឯក ដែលជា​តំបន់​អភិវឌ្ឍន៍​ថ្មី ស្ថិត​ក្នុងស្រុក​បន្ទាយស្រី ខេត្តសៀមរាប ៕/V​