ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ ពេញមួយថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ លោក ស៊ុន សុវណ្ណារិទ្ធិ ប្រធានគណៈកម្មាធិការសាខា កាកបាទក្រហមកម្ពុជា ខេត្តកំពង់ឆ្នាំង រួមដំណើរដោយមន្ត្រីជាច្រើននាក់ទៀត បានអញ្ជីញចុះសាកសួរសុខទុក្ខ និងនាំយក អំណោយមនុស្សធម៌ ផ្ដល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយសារទឹកជំនន់ ចំនួន ១៦៣ គ្រួសារ ក្នុងឃុំ ២ ក្នុងនោះ ឃុំផ្លូវទូកចំនួន ១៤៦ គ្រួសារ និង ឃុំសំរោងសែន ១៧ គ្រួសារ នៅក្នុងស្រុកកំពង់លែង ។

នាឱកាសនោះ លោក ស៊ុន សុវណ្ណារិទ្ធិ បានពាំនាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខ និង ការយកចិត្តទុកដាក់ពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហម កម្ពុជា សម្ដេចទាំងទ្វេ តែងគិតគូរពីសុខទុក្ខប្រជាលពលរដ្ឋគ្រប់រូប ដោយមិនប្រកាន់ ពូជសាសន៍ និងនិន្នាការនយោបាយឡើយ ពោលគឺ ទីណាមានប្រជាពលរដ្ឋ ជួបទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា។

លោកបានបញ្ជាក់ថាៈ អំណោយមនុស្សធម៌ បានផ្ដល់ជូន នាពេលនេះ ក្នុង១គ្រួសារៗ ទទួលបានអង្ករ ៣០ គីឡូក្រាម មី១កេស ត្រីខ១យួរ ឃីត១កញ្ចប់ និងថវិកា ២ ម៉ឺនរៀល ៕ V / N