ដោយ: ជា សីហ:/ភ្នំពេញ:នៅក្នុង ជំនួបសម្តែងការគួរសមជាមួយ លោក ឡេ វ៉ាន់ ហាន់ (LE VAN HAN) ប្រធានគណៈកម្មាធិការប្រជាជន ខេត្តត្រាវិញ នៃវៀតណាមមន្ត្រីជាន់ខ្ពស់កម្ពុជានិងវៀតណាមជំរុញកិច្ចសហប្រតិបត្តិការលើវិស័យផ្លាស់ប្ដូរវប្បធម៌រវាងប្រទេសទាំងពីរ។ ជំនួបនេះធ្វើឡើងកាលពីព្រឹកថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ រវាងលោក ឡុង ប៉ុណ្ណាស៊ីរីវត្ថ រដ្ឋលេខាធិការ និងជាប្រធានគណៈប្រតិភូថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្បៈកម្ពុជា ជាមួយ លោក ឡេ វ៉ាន់ ហាន់ (LE VAN HAN) ប្រធានគណៈកម្មាធិការប្រជាជន ខេត្តត្រាវិញ នៃប្រទេសវៀតណាម ក្នុងឱកាសរៀបចំសប្តាហ៍វប្បធម៌កម្ពុជានៅវៀតណាម ចាប់ពីថ្ងៃទី២៧ ខែកញ្ញា ដល់ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២២។ លោក ឡេ វ៉ាន់ ហាន់ បានស្វាគមន៍ចំពោះគណៈប្រតិភូកម្ពុជាដែលបានអញ្ជើញមកដល់ខេត្តត្រាវិញ ហើយក៏ជាកិត្តិយសសម្រាប់ខេត្តផងដែរក្នុងការទទួលរៀបចំការសម្ដែងសិល្បៈរបស់កម្ពុជា ក្នុងព្រឹត្តិការណ៍សប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២នេះ។

នៅក្នុងជំនួបនេះដែរ ភាគីទាំងពីរក៏បានលើកឡើងអំពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយក៏បានផ្លាស់ប្ដូរយោបល់គ្នាលើបញ្ហាផ្សេងៗមួយចំនួន រួមមាន ស្ថានភាពទូទៅនិងសក្ដានុពលរបស់ខេត្តត្រាវិញ, ការលើកកម្ពស់ផ្នែកសិល្បៈវប្បធម៌របស់ជនជាតិដើម, ការអភិរក្សនិងអភិវឌ្ឍសំណង់បេតិកភណ្ឌ ពិសេសវត្តអារាមនៅក្នុងខេត្តត្រាវិញ, ការបណ្ដុះបណ្ដាល…។ល៕

គណៈប្រតិភូសប្ដាហ៍វប្បធម៌កម្ពុជានៅវៀតណាម ឆ្នាំ២០២២ (រូប:ក្រសួងវប្បធម៌)