ដោយ : ប.ជ័យ / បន្ទាយមានជ័យ:ស្ថានភាពទឹកជំនន់នៅខេត្តបន្ទាយមានជ័យ នៅភាគខាងកើតបានស្រកចុះបណ្តើរៗហើយប៉ុន្តែនៅភាគខាងជើង ខាងលិច ខាងត្បូងនៃភូមិសាស្ត្រខេត្តនិងតាមព្រំដែនកម្ពុជា ថៃបានហក់ឡើងខ្លះ និងខ្លះស្រកចុះ។នេះបើតាមប្រភពចម្រុះប្រាប់កាសែតរស្មីកម្ពុជានៅថ្ងៃទី១ខែតុលាឆ្នាំ២០២២ ។

ប្រភពបញ្ជាក់ថា ខ្សែទឹកខាងលើនៃទឹកស្ទឹងថ្មពួក ស្ទឹងស្វាយចេកបានហក់ឡើងខ្លះ នៅពេលអូរកំបុតនាឃុំគោករមៀតស្រុកថ្មពួក ដែលជាប្រភពរួមពីច្រមុះភ្នំដងរែក ស្រុកតាប្រាយ៉ា ខេត្តស្រះកែវប្រទេសថៃបានឡើងពីជិត៥ម៉ែត្រទៅជាង៥ម៉ែត្រ។ក្នុងនោះ បានបង្កលិចទីធ្លាផ្ទះពលប្រាំបួនគ្រួសារ។

ចំណែកឯទឹកអូរបីជាន់នៅខាងកើតច្រក ព្រំដែនអូរបីជាន់ ភូមិ ឃុំអូរបីជាន់ លិចទីធ្លាផ្ទះពលរដ្ឋ៥១គ្រួសារ និងមាន១០គ្រួសារ ជម្លៀស ទៅទួលសុវត្ថិភាព ។

ចំពោះ ក្រុងប៉ោយប៉ែត ស្ថានភាពទឹកអូរជ្រៅ ជាអូរព្រំដែនកម្ពុជា-ថៃ បានបន្តឡើងខ្លះៗ បានបង្កប៉ះពាល់ឬលិចទីធ្លាផ្ទះពលរដ្ឋនៅតំបន់បាតខ្ទះក្នុងភូមិប៉ោយប៉ែតសង្កាត់អូរជ្រៅចំនួន១១៥គ្រួសារ ក្នុងនោះមាន៥១គ្រួសារ បានជម្លៀសទៅទួលសុវត្ថិភាព ។

ចំណែកនៅអូរព្រំដែនកម្ពុជា ថៃ នាឃុំបឹងបេងស្រុកម៉ាឡៃ ពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ទឹកភ្លៀងមានចំនួន៦៩គ្រួសារ ក្នុងនោះបានជម្លៀសចំនួន១៧គ្រួសារ។

លោក អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះមហន្តរាយខេត្ត​ និងមន្ត្រីពាក់ព័ន្ធកាលពីថ្ងៃទី៣០ខែកញ្ញាឆ្នាំ២០២២ បានចុះពិនិត្យ វាយតម្លៃស្ថានភាពទឹកជំនន់ ជំនន់ទឹកភ្លៀងក្នុងភូមិសាស្ត្រនិងតាមបណ្តោយព្រំដែនកម្ពុជា ថៃ ក្នុងគោលដៅខ្លះក្នុងស្រុកព្រះនេត្រព្រះ ភ្នំស្រុក ថ្មពួក អូរជ្រៅ ក្រុងប៉ោយប៉ែត ។

ក្នុងឱកាសនោះ ក៏មានផ្តល់ស្បៀងអាហារគ្រាបន្ទាន់ជាអំណោយសម្តេចតេជោនាយករដ្ឋមន្ត្រីនិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងប្រភពសប្បុរសផ្សែងទៀតដល់ពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផងដែរ ។

លោកអ៊ុំ រាត្រី បានប្រាប់សារព័ត៌មានថា ស្ថានភាពទឹកជំនន់ក្នុងភូមិសាស្ត្រនិងបណ្តោយព្រំដែនហាក់នៅនឹងខ្លះ ស្រកខ្លះ ហក់ឡើងថ្មីខ្លះ។
ក្ន្ងងនោះនៅឃុំនានាក្នុងស្រុកភ្នំស្រុក ពិសេសនៅឃុំស្ពានស្រែង និងឃុំទឹកជោរនៅប៉ែកខាងឦសាន ខាងកើតខេត្តជំនន់ទឹកភ្លៀងនិងទឹកជំនន់ពីស្ទឹងស្រែងនិងស្ទឹងក្រឡាញ់បានស្រកចុះបណ្តើរហើយ ។កន្លែងខ្លះ ស្រក២ទៅ៣តឹក (០២,-០,៣ម) ។កន្លែងខ្លះស្រកពី០,៥ ទៅ១,៥ម ។

លោកបន្តថា :ប៉ុន្តែ នៅគោលដៅខ្លះនៃព្រំដែនកម្ពុជា ថៃ នៅភូមិសាស្ត្រស្រុកថ្មពួក អូរជ្រៅ ក្រុងប៉ោយប៉ែត ស្រុកម៉ាឡៃ ជំនន់បានហក់ឡើងខ្លះ នឹងខ្លះនិងស្រកខ្លះ ។

ចំណែកនៅភូមិសាស្ត្រប៉ែកកណ្តាលនិងខាងត្បូងខេត្តមាននៅក្រុងសិរីសោភ័ណ ស្រុកមង្គលបូរី ទឹកជំនន់នៅគោលដៅជាច្រើនបានស្រកចុះ ។ប៉ុន្តែនៅចំណុចខ្លះដូចជានៅចំណុច១នាភូមិត្នោតឃុំសឿ ទឹកស្ទឹងមង្គលបូរីបានហក់ឡើង លិចទីធ្លាលំនៅឋានពលរដ្ឋ ។

ករណីមួយទៀត លោកក៏បានច្រានចោលព៌ត៌មានមានចចាមអារាមដែលថា មានអាងទឹកនៅក្នុងទឹកដីថៃនាស្រុកតាប្រាយ៉ាខេត្តស្រះកែវបានបាក់ទំនប់ឬត្រូវបើកលែងទឹកដ៏គំហុកបង្ហូរទម្លាក់មកទឹកដីកម្ពុជានៅអូរកំបុត និងទំនប់ទឹកថៃផ្សេងទៀត ។លោកថា សូមបងប្អូនប្រជាពលរដ្ឋកុំមានការព្រួយបារម្ភ ។

ទោះយ៉ាងណា លោកអភិបាលខេត្តនិងជាប្រធានគណៈកម្មាធិការគ្រប់គ្រង់គ្រោះ មហន្តរាយខេត្ត​ បានណែនាំមន្ត្រីអាជ្ញាធរមានសមត្ថកិច្ច រួមទាំងអភិបាលស្រុក ក្រសួង មែឃុំ ចៅសង្កាត់ត្រូវតាមដានជាប់ជាប្រចាំ ហើយជូនដំណឹងបច្ចុប្បន្នភាពស្ថានភាពទឹកជំនន់ដល់ពលរដ្ឋ ត្រៀមបង្ការ ការពារ សង្គ្រោះ ៕សរន