ដោយ:ដេប៉ូ/ភ្នំពេញ:មន្រ្តីជាន់ខ្ពស់ក្រសួងបរិស្ថានបានអះអាងថា កម្ពុជា បានត្រៀមរួចជាស្រេច ក្នុងការធ្វើជាម្ចាស់ផ្ទះ នៃកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន លើកទី៣៣ និងកិច្ចប្រជុំពាក់ព័ន្ធ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប ចាប់ពីថ្ងៃទី ៣ ដល់ ថ្ងៃទី ៧ ខែតុលា ឆ្នាំ២០២២។

លោក វ៉ាន់ មុនីនាថ អគ្គនាយក នៃអគ្គនាយកដ្ឋានគោលនយោបាយ និងយុទ្ធសាស្ដ្រ ក្រសួងបរិស្ថាន បានឲ្យដឹងថា កិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ានឆ្នាំ២០២២នេះ នឹងលើកយកប្រធានបទសំខាន់ៗ ដែលរួមមាន៖ ការអភិរក្សជីវៈចម្រុះ និងធម្មជាតិ ការគ្រប់គ្រងបរិស្ថានតំបន់ឆ្នេរនិងសមុទ្រ ការគ្រប់គ្រងធនធានទឹក ទីក្រុងនិរន្តរភាពបរិស្ថាន ការប្រែប្រួលអាកាសធាតុ សារធាតុគីមី និងសំណល់ អប់រំបរិស្ថាន ផលិតកម្ម និងការប្រើប្រាស់ដោយនិរន្តរភាព ការបំពុលបរិស្ថានផ្សែងអ័ព្ទឆ្លងដែន និងបញ្ហាបរិស្ថានសកល ដើម្បីយកមកត្រួតពិនិត្យ ពិភាក្សា និងអនុម័តលើវឌ្ឍនភាព និងលទ្ធផលការងារសម្រេចបានក្នុងក្របខ័ណ្ឌតំបន់ ទៅតាមរយៈយន្តការរបស់ក្រុមការងារបច្ចេកទេសអាស៊ាននីមួយៗ។ កិច្ចប្រជុំនេះ ក៏នឹងពិភាក្សាជំហររួមអាស៊ានលើសេចក្តីព្រាងប្រកាសរួមអាស៊ានស្តីពីការប្រែប្រួលអាកាសធាតុ និងការងារជីវៈចម្រុះ។

ប្រភពក្រសួងបរិស្ថានបានឱ្យដឹងទៀតថា ជាមួយគ្នានេះ ក៏មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន បូក៣ បូកចិន ជប៉ុន កូរ៉េខាងត្បូង ដើម្បីពិនិត្យមើលពីវឌ្ឍនភាពនៃការអនុវត្តកិច្ចសហប្រតិបត្តិការ ដែលប្រទេសរដ្ឋសមាជិកអាស៊ានបានឯកភាពគ្នានៅក្នុងក្របខ័ណ្ឌយុទ្ធសាស្រ្តរយៈពេល ៥ឆ្នាំ និងបន្តពង្រឹងពង្រីកភាពជាដៃគូរវាងអាស៊ាន បូក៣​ ឱ្យកាន់តែល្អប្រសើរថែមទៀតតាមតម្រូវការក្នុងក្របខ័ណ្ឌនៅក្នុងតំបន់លើវិស័យបរិស្ថាន។

ក្នុងនោះដែរ ក៏មានកិច្ចប្រជុំឧត្តមមន្រ្តីបរិស្ថានអាស៊ាន-អាមេរិក និងកិច្ចប្រជុំអាស៊ាន-អឺរ៉ុបផងដែរ ដើម្បីពិភាក្សាគ្នាស្តីពីបរិស្ថាន និងការប្រែប្រួលអាកាសធាតុ ដើម្បីពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ក្នុងក្របខ័ណ្ឌតំបន់ជាមួយសហរដ្ឋអាមេរិក និងអឺរ៉ុប។

បន្ទាប់មកលទ្ធផល នៃកិច្ចប្រជុំទាំងអស់នេះ ក៏នឹងដាក់ឆ្លងក្នុងកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីបរិស្ថានអាស៊ាន ​ពិនិត្យនិងអនុម័តនាឆ្នាំ២០២៣ ខាងមុខ។

សូមបញ្ជាក់ថា នៅថ្ងៃទី៥ ខែតុលា ខាងមុខ គឺជាពិធីបើកកិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅខេត្ដសៀមរាប ជាផ្លូវការ។

កិច្ចប្រជុំឧត្តមមន្ដ្រីបរិស្ថានអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ លើកទី៣៣ នៅលើទឹកដីអង្គរ ខេត្ដសៀមរាប នឹងប្រព្រឹត្តទៅដោយមានការចូលរួមពីថ្នាក់ដឹកនាំ និងឧត្តមមន្រ្តីបរិស្ថានមកពីប្រទេសចំនួន១៥ រួមមានប្រទេសអាស៊ានទាំង១០ ប្រទេសចិន កូរ៉េខាងត្បូង ជប៉ុន សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងលេខាធិការដ្ឋានអាស៊ាន៕សរន