​ដោយ​៖ សុវណ្ណ​កុម្ភៈ / ភ្នំពេញ​៖ ជាមួយនឹង​ការទទួល​រៀបចំ​មហាសន្និបាត ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី (OCA) លើក​ទី​៤១ ចាប់ពី​ថ្ងៃទី ០១-០៥ ខែតុលា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បានរៀបចំ​នូវ​កម្មវិធី​រត់​កម្សាន្ដ OCA Fun Run ដើម្បី​អបអរសាទរ​មហាសន្និបាត ជាពិសេស ដើម្បី​អបអរសាទរ ដំណើរ​ឆ្ពោះទៅ​ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 នៅ​ប្រទេស​ចិន ។​

​បើតាម​ការបញ្ជា​ក់រប​ស់លោក Xu Jianfeng ប្រធាន​ផ្នែក​ទំនាក់ទំនង​កាបរទេស នៃ​គណៈកម្មការ​រៀបចំ​ព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 បាន​ចាត់ទុកថា កម្មវិធី OCA Fun Run នេះ ភាគី​ចិន បានចាត់ទុក គឺជា​ឱកាស ល្អ​មួយ ដើម្បី​ផ្សព្វផ្សាយ​ពី​ព្រឹត្តិការណ៍​កីឡា​អាស៊ី​លើក​ទី​១៩ នៅ​ប្រទេស​របស់ខ្លួន ពិសេស​ទីក្រុង Hangzhou ដែល​ទទួល​រៀបចំ​ការប្រកួត​លើកដំបូង ក្នុង​ប្រវត្តិ​ចិន ធ្វើ​ម្ចាស់ផ្ទះ ៣ លើក​កន្លងមក​។​

​លោក​បានលើកឡើង​ដូច្នេះ ក្នុង​សន្និសីទ​សារព័ត៌មាន ស្ដីពី​ការរៀបចំ​កម្មវិធី OCA Fun Run នៅ​ទីស្នាក់ការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក​កម្ពុជា ក្រោម​វត្តមាន​លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា នៅ​ល្ងាច​ថ្ងៃទី​១ ខែតុលា ម្សិលមិញ នេះ​។​

​លោក Xu Jian feng បាន​សម្ដែង​សេចក្ដីត្រេកអរ ដែល​កម្ពុជា​បានទទួល​ធ្វើ ម្ចាស់ផ្ទះ មហាសន្និបាត​ក្រុមប្រឹក្សា​កីឡា​អូឡាំពិក​អាស៊ី លើក​ទី​៤១ ក៏ដូចជា ការរៀបចំ នូវ​កម្មវិធី OCA Fun Run ដើម្បី​អបអរសាទរ ជាមួយ​ព្រឹត្តិការណ៍​កីឡា​អាស៊ី នៅ Hangzhou ។​

​លោក​បាន​មានប្រសាសន៍ថាៈ កម្មវិធី​រត់​កម្សាន្ដ​នេះ នឹង​ផ្ដល់នូវ​អត្ថប្រយោជន៍​ជាច្រើន ដល់​គណៈកម្មការ​រប​ស់​ខ្លួន ក៏ដូចជា​មុខមាត់​របស់​ប្រទេស​ចិន ដើម្បី​ផ្សព្វផ្សាយ​ពី ការប្រកួត​កីឡា​អាស៊ី ទៅកាន់​មហាជន ជាពិសេស​បណ្ដា​សមាជិក OCA ដែល​នឹងចូលរួម​មហាសន្និបាត​នៅ​កម្ពុជា ហើយក៏​ជា​ឱកាសល្អ​សម្រាប់​ខ្លួន ធ្វើ​បទ​បង្ហាញ ពី​វឌ្ឍនភាព​ការងារ​របស់​ព្រឹត្តិការណ៍​កីឡា​អាស៊ី លើក​ទី​១៩ ក៏ដូចជា​ការត្រៀមខ្លួន ទទួល​អត្ត​ព​លិ​ក រហូតដល់ ៤៥ ប្រទេស ក្នុង​តំបន់​អាស៊ី ក្នុងការ​ប្រកួត​នេះ​ផងដែរ​។​

​លោក​បង្ហាញ​នូវ​ក្ដី​សង្ឃឹមថាៈ ការរត់ Fun Run នៅ​កម្ពុជា​នេះ បាន​ដើរតួ​យ៉ាងសំខាន់ ក្នុងការ​ផ្សព្វផ្សាយ​ពី 19th Asian Games Hangzhou 2022 ទៅកាន់ មហាជន ពិសេស​ប្រជាជន​កម្ពុជា ឲ្យ​គាត់​បាន​ស្គាល់​កាន់តែច្បាស់ ពីអ្វី​ទៅជា​កីឡា​អាស៊ី ហើយ​មាន​ប៉ុន្មាន​ប្រភេទ​កីឡា និង​វិញ្ញាសា​ចូលរួម​? ក្នុង​បរិបទ​កូ​វីដ​-១៩ យើង​ពិបាក ក្នុងការ​រៀបចំ Fun Run បែបនេះ ដើម្បី​ផ្សព្វផ្សាយ​ពី​កីឡា​អាស៊ី​របស់​យើង​ណាស់​។ ជាថ្មី​ម្ដងទៀត លោក​សូម​អរគុណ NOCC ដែល​ទទួល​ធ្វើ​ម្ចាស់ផ្ទះ​មហាសន្និបាត OCA និង​រៀបចំ Fun Run នេះ​ឡើង​»៕/V​