ដោយៈ ភ្នំសន្ទុក/ កំពង់ធំ ៖ នៅព្រឹកថ្ងៃទី២ ខែតុលា ឆ្នា២០២២ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ ប្រតិបត្តិការសឹករង និងជាប្រធានសមាគមអតីតយុទ្ធជន កម្ពុជាខេត្តកំពង់ធំ បានដឹកនាំក្រុមយេនឌ័រ ជាយោធិននារី នៃបញ្ជាការដ្ឋានតំបន់ ប្រតិបត្តិការសឹករងកំពង់ធំ ចុះទៅសាកសួរសុខទុក្ខ ក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព លំបាកខ្វះខាត កំពុងរស់នៅ កសាងជីវភាពថ្មី នៅលើដីសម្បទាន សង្គមកិច្ច ស្ថិតនៅភូមិដងក្តារ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពង់ធំ ។

ក្នុងឱកាសនោះ លោកឧត្តមសេនីយ៍ទោ សោម ស៊ុន និងក្រុមមន្ត្រីទាំងនោះ បានផ្ដល់ អំណោយរបស់លោកឧត្តមសេនីយ៍ ឯក ហ៊ុន ម៉ាណែត មេបញ្ជាការកងទ័ពជើងគោក និងលោកស្រី ពេជ ចន្ទមុន្នី ជូនក្រុមគ្រួសារអតីតយុទ្ធជន ដែលមានជីវភាព ខ្វះខាតចំនួន ១២ គ្រួសារ ដោយក្នុងមួយគ្រួសារ ទទួលបាននូវអង្ករ ២៥ គីឡូក្រាម មីចំនួន១កេស ត្រីខកំប៉ុងចំនួន១យួរ និងថវិកាមួយចំនួន ។ ដោយឡែក ក្រុមគ្រួសារអតីតយុទ្ធជន ដែលបានចូលរួម ក្នុងពិធីសំណេះសំណាលនេះ ក៏បានទទួល ថវិកាមួយចំនួន។

លោកឧត្តមសេនីយ៍ទោ សោម ស៊ុន បានបញ្ជាក់ថាៈ អតីតយុទ្ធជន ដែលកំពុងរស់នៅ លើដីសម្បទានសង្គមកិច្ច នៅទីនេះ មានចំនួន ១៤១ គ្រួសារ អស់រយៈពេលជាង ពីរឆ្នាំកន្លងមកហើយ ដោយក្នុងមួយគ្រួសារទទួលបានផ្ទះមួយខ្នង មានទំហំ ៧ម៉ែត្រ គុណនឹង ៥ម៉ែត្រ និងដីសម្បទានសង្គមកិច្ច ចំនួន ១៥.០០០ ម៉ែត្រការ៉េ ក្នុងមួយគ្រួសារ មានហេដ្ឋារចនាសម្ព័ន្ធផ្លូវលំ ក្នុងភូមិ ប្រវែង ១២ គីឡូម៉ែត្រ មានអណ្ដូងទឹកស្អាត សម្រាប់ប្រើប្រាស់ ដែលជាអំណោយដ៏ថ្លៃថ្លា របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ៕/V