ដោយៈ យោធិន / សៀមរាបៈ ប្រជាពលរដ្ឋខ្វះខាតជីវភាព និងជម្រកស្នាក់នៅសមរម្យ ចំនួន ១៨ គ្រួសារ រស់នៅក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប ទទួលបាន អំណោយជាផ្ទះប្រក់សង្កសី ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌឹត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា តាមរយៈនាយឧត្តមសេនីយ៍ សែម សុវណ្ណនី ប្រធានក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

ក្នុងឱកាសចុះពិនិត្យ និងផ្ទេរប្រគល់ផ្ទះសាងសង់ថ្មី ជូនប្រជាពលរដ្ឋ ចំនួន ១៨ គ្រួសារ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋវ័យចាស់ជរា ចំនួន ៣០ គ្រួសារ រស់នៅភូមិចំនួន ៣ រួមមានៈ ភូមិក្រវ៉ាន់ ភូមិរំចេក និងភូមិរវាងកាទុំ ក្នុងឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្នុងនាមប្រធាន ក្រុមការងាររាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកបន្ទាយស្រី នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថាៈ នៅឃុំរំចេកនេះ ផ្ទះដែលត្រូវសាងសង់ថ្មី ជូនប្រជាពលរដ្ឋ ក្រីក្រលំបាកទាំងអស់ សរុបចំនួន ៦៤ ខ្នង ដែលជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដោយចាប់ផ្តើមដំណើរការសាងសង់ ចាប់តាំងពីដើមខែកញ្ញា ឆ្នាំ២០២២ ដោយកងកម្លាំងវិស្វកម្ម របស់មជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ដោយបានសាងសង់ រួចជាស្ថាពរ បានចំនួន ១៨ ខ្នងផ្ទះ និងបានផ្តល់ជូនដល់បងប្អូនប្រជាជន នាពេលបច្ចុប្បន្ននេះ ។

ក្នុងពិធីសំណេះសំណាលនេះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានបញ្ជាក់ថា: ថ្ងៃនេះ គឺជាថ្ងៃដែលប្រជាជាតិកម្ពុជា មានសេចក្តីរីករាយដោយបានចូលរួមជាមួយ ប្រជាជាតិ ទូទាំងសកលលោក ប្រារព្ធពិធីអបអរសាទរ ទិវាមនុស្សចាស់កម្ពុជា និងទិវាមនុស្សចាស់អន្តរជាតិ ថ្ងៃទី១ ខែតុលា ឆ្នាំ២០២២ ក្រោមប្រធានបទ «មនុស្សវ័យចាស់ ជាមរតកដ៏សំខាន់ ក្នុងការអភិវឌ្ឍគ្រួសារ និងសង្គមជាតិ» ។

ដោយឡែក ក្នុងឱកាសសំណេះសំណាល ជាមួយប្រជាពលរដ្ឋ ផ្លាស់លំនៅដ្ឋាន មករស់នៅក្នុងភូមិធម្មជាតិ រុនតាឯក នាយឧត្តមសេនីយ៍ សែម សុវណ្ណនី ក៏បានលើក ឡើង ពីប្រសាសន៍របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រ កម្ពុជា ដែលបានថ្លែងបញ្ជាក់ថាៈ វត្តអារាម ទាំង ៣៥ វត្ត ដែលស្ថិតនៅក្នុងតំបន់ រមណីយដ្ឋានអង្គរ រួមមានៈ ១/ វត្តទាំងអស់មិនមានការរុះរើនោះទេ គឺរក្សានៅដដែល។
២/ មិនអនុញ្ញាតឲ្យកសាងវត្តអារាមព្រះពុទ្ធសាសនា ឬក៏វិហារឥស្លាម វិហារគ្រឹស្ត សាសនា នៅក្នុងតំបន់រមណីយដ្ឋានអង្គរ បន្ថែមទៀតឡើយ។ ៣/ អនុញ្ញាតឲ្យមាន ការលក់ដូរ ហូបចុក នៅតាមវត្តអារាម នៅក្នុងតំបន់រមណីយដ្ឋានអង្គរ តែអាជ្ញាធរអប្សរា ត្រូវរៀបចំសណ្ដាប់ធ្នាប់ អនាម័យ ណែនាំប្រជាពលរដ្ឋ ដែលលក់ដូរ នៅតំបន់នោះ ឲ្យបានល្អប្រសើរ។ ៤/ មិនអនុញ្ញាតឲ្យមានការ កសាងចេតិយ អាស្រម រូបសំណាក ឬ បដិមា គោរពបូជាណាបន្ថែមទៀតឡើយ។ ៥/ មិនអនុញ្ញាតឱ្យយកសាកសព ទៅកប់ ឬ បូជា នៅក្នុងវត្តអារាម ក្នុងតំបន់រមនីយដ្ឋានអង្គរនោះឡើយ លើកលែងតែចៅអធិការ ឬគ្រូសូត្រស្ដាំ គ្រូសូត្រឆ្វេង ដែលបានគង់នៅវត្ត យូរណាស់មកហើយ ។

ក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី​ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ក្រីក្រ ចាស់ជរា ចំនួន ៣០ គ្រួសារ ដោយក្នុង១គ្រួសារៗ ទទួលបានអង្ករ ១០ គីឡូ មី១កេស ទឹកត្រី១យួរ​ ទឹកស៊ីអ៉ីវ ១យួរ​និងសារុង ១សរុប ថវិកា​ទាំងអស់ចំនួន ១.៣៥៦ ដុល្លារសហរដ្ឋអាមេរិក ៕ V / N