ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​នាគព័ន្ធ​

(​នា​កពាន់​)

​នាមសព្ទ​

(​បា​. នាគ + ពន្ធ​) ឈ្មោះ​សិលា​ប្រាសាទបុរាណ​មួយ ក្នុង​ពួក​ប្រាសាទ​ថ្ម នៅ​មហានគរ ( នគរធំ = អង្គរធំ ) ក្នុង​ខែត្រ​សៀមរាប មាន​លទ្ធិ​ពុទ្ធសាសនិក​អាចរិយវាទ ( លទ្ធិ​មហាយាន ) ជា​ព័ស្តុតាង ដោយមាន​រូប អវលោកិតេស្វរៈ និម្មិត​ខ្លួន​ជា​សេះ​វលាហក ស្រង់​មនុស្ស​ដែល​លង់ទឹក​ក្នុង​មហាសាគរ ( ភព​វដ្ដ​សំសារ ) ឲ្យ​រួច​រស់​មានជីវិត​
​ប្រាសាទនាគព័ន្ធ ។​
​ឈ្មោះ​បទ​ភ្លេងបុរាណ​របស់​ខ្មែរ​មួយ​មេ​
​ភ្លេង​នាគព័ន្ធ ។​

​មហោឃ​

(​មៈហោក​)

​នាមសព្ទ​

( បា​. មហា ” ធំ ” + ឱឃ ” អន្លង់​; ជំនន់ ” > មហោឃ ” អ​ង្ល​ង់​ធំ ” )​អន្លង់​ធំ​ក្នុង​សំសារ​វដ្ដ គឺ​ការ​អន្ទោលកើតស្លាប់​រឿយៗ​ដដែលៗ​នៃ​សត្វលោក ( ជា​ពាក្យ​សម្រាប់ កវី តែង​កាព្យ​ដោយ​ងាយ )
​សព្វ​សត្វ​ក្នុង​លោក ហែល​ក្នុង​មហោឃ មហាសាគរ ច្រើន​រង​តែ​ទុក្ខ វិលវក់​វីវរ អ្នកខ្លះ​សាទរ ចង់​ហែល​រក​ត្រើយ​, . . . ( បើ​មិន​សម្បូណ៌​ពាក្យ​ទេ កវី ច្រើនតែ​ទាល់ច្រក ចាញ់​ប្រៀប​ពួក កវី នៅ​បរទេស​ខ្លះ ដែល​គេ​មាន​ពាក្យ​គេ​បរិបូណ៌ ព្រមទាំង​នឹងត្រូវ​ប្រទះ​ការរិះគន់​របស់​ជន​ទាំងនោះ​ផង ថា​ខ្មែរ មាន​ពាក្យ​តិច​រលីបរលាប​ពេក ប្រើការ​ពុំ​គ្រប់គ្រាន់ . . . ) : ហេតុ​នោះ​កវី គួរ​មាន​មេត្រី រាប់អាន​ភាសា សម្ដី​ជាតិ​យើង តម្កើង​សក្ដា ឲ្យ​ពួក​ខេមរា មិន​ចាញ់​ប្រៀប​គេ ! . . .

​ស៊ីរ៉ូប៍​

(—​រ៉ូ​)

​នាមសព្ទ​

( បារ​. Sirop ) ទឹក​ស្អិត​មាន​រសផ្អែម លាយ​ដោយមាន​គ្រឿងផ្សំ​មាន​ស្ករ​-​ស​ឬ​ស្ករក្រាម​និង​រសជាតិ​ផ្លែឈើ​ជាដើម ប្រើ​ជា​គ្រឿង​ផឹក ( ភេសជ្ជៈ )
​ស៊ីរ៉ូប៍ខាប់​, ស៊ីរ៉ូប៍រាវ​, ស៊ីរ៉ូប៍ក្រូចឆ្មារ ។​

​អំបិលម្ទេស​

​នាមសព្ទ​

​ឈ្មោះ​ម្ហូបគោក​មួយ​ប្រភេទ ធ្វើ​ដោយ​អំបិល​និង​ម្ទេស​ជាដើម​បុក​ឲ្យ​ល្អិត​
​អំបិលម្ទេស​ក្រសាំង ។ ( បែប​បុក​អំបិលម្ទេស​ក្រសាំង​ឲ្យ​មាន​រសជាតិ​ឆ្ងាញ់​ត្រូវ​ជជុះ​យក​គ្រាប់​កុំ​ឲ្យ​លាយ​សាច់ ហើយ​បុក​គ្រាប់​ឲ្យ​ល្អិត​ម៉ដ្ឋ​ដូច​ក្រមួន រួចហើយ​សឹម​លាយ​បញ្ចុះជ្រំ​ជាមួយនឹង​គ្រឿងផ្សំ​គ្រប់មុខ​មាន​ស្លឹក​ក្រូចសើច​ជាដើម បុក​គ្រលុក​ឲ្យ​បានជា​អំបិលម្ទេស​, បុក​បែបនេះ​ទើប​ឆ្ងាញ់ ព្រោះ​គ្រាប់​ក្រសាំង​មាន​ប្រេង​, បុក​ញំៗ​មិន​បែក​គ្រាប់​ក្រសាំង មិន​ចេញ​ប្រេង មិនសូវ​ឆ្ងាញ់​ទេ ច្រើនតែ​ជូរៗ​, បើ​ដាក់​ក្នុង​ក្រឡ​បិទ​គម្រប​ឲ្យ​ជិត​ទុក​យូរថ្ងៃ រឹតតែ​ឆ្ងាញ់​ជាង​បុក​ភ្លាម​បរិភោគ​ភ្លាម​, អំបិលម្ទេស​ក្រសាំង​បែបនេះ រាប់​ជា​ព្យញ្ជនាហារ​មួយ​ប្រភេទ​របស់​ខ្មែរ ពុំមែន​ថយ​ថោក​ឡើយ ) ។​ល ។​

​អ៊ុយ​

​នាមសព្ទ​

​ល្អី​ភាជន៍​តូច មាន​ដៃ​យួរ​បាន សម្រាប់​ដាក់​អីវ៉ាន់​កាន់​យួរ ឬ​សម្រាប់​ដាក់​អីវ៉ាន់​ថ្លឹង​
​ល្អី​អ៊ុយ​, ផ្លែក្រូច​មួយ​អ៊ុយ ។​