​ដោយៈ ដកស្រង់​ពី​វចនានុក្រម​សម្តេច​សង្ឃរាជ ជួន ណាត​

​វដ្ដ​

(​វ័ត​-​ដ​:)

​គុណសព្ទ​

( បា​. វដ្ដ​; សំ​. វ្ឫ​ត្ត ) ដែល​វិល​; មូល​, ដែលជា​វង់​មូល ។ ន​. ការវិល​ទៅមក​; ដំណើរ​វិល​កើត​វិល​ស្លាប់​; វង់​មូល​; តម្លៃ​សម្រាប់​ចាយ​ប្រើ​ស្បៀង ។ វដ្ដទុក្ខ ទុក្ខ​ក្នុង​វដ្តៈ គឺ​ទុក្ខ​សម្រាប់​សត្វ​ដែល​វិល​កើត​វិល​ស្លាប់ ។ វដ្ដភ័យ ភ័យ​អំពី​ការវិល​កើត​វិល​ស្លាប់​។ វដ្ដមូល ទីតាំង​របស់​វដ្ដៈ​, ឫស​របស់​វដ្ដៈ ។ វដ្ដលោក លោក​គឺ​ការវិល​កើត​វិល​ស្លាប់ ។ វដ្ដសង្សារ ( បា​. –​សំសារ​) ដំណើរ​អន្ទោល​វិល​កើត​វិល​ស្លាប់ ។ វដ្ដសន្ធិ តំណ​វដ្ដៈ ។ ល ។​

​មុហុត្តវិជាតវាទី​

(​មុ​ហ៊ុត​-​តៈ​វិ​ជាតៈ​–)

​នាមសព្ទ​

( បា​. មុ​ហុ​ត្ត ” មួយ​រំពេច​, ភ្លាម ” + វិជាត ” ប្រសូត​ហើយ ” + វាទី ” អ្នក​ស្ដី​, អ្នកចេះ​ស្ដី ” ; សំ​. មុ​ហុ​ត៌ + វិជាត + វា​ទិន៑ ) គ្រាន់តែ​ប្រសូត​មក​ភ្លាម​ក៏​ចេះ​ស្ដី​ភ្លាម បានតែ​ប៉ុន្មាន​ម៉ាត់​ក៏​លែង​ស្ដី​កើត​ទៅវិញ លុះដល់​កាលកំណត់​នៃ​វយវឌ្ឍនាការ​ដែល​ចេះ​ស្ដី ទើប​ចេះ​ស្ដី​ជានិច្ច​ទៅ ។ ពាក្យ​នេះ​ជា​វិសេស​គុណសម្បត្តិ​នៃ​ព្រះ​ពោធិសត្វ គឺ​អង្គ​ព្រះ​សក្យមុនី​-​សិទ្ធត្ថ​គោតម​-​សម្ពុទ្ធ កាលដែល​ព្រះអង្គ​អន្ទោល​ចាប់​ព្រះ​ជាតិ​ក្នុង​សំសារ​ភព​, មាន​ត្រឹមតែ ៣ ជាតិ​ប៉ុណ្ណោះ​ទេ​ដែល​ព្រះអង្គ​ប្រសូត្រ​មក​ភ្លាម ចេះ​ស្ដី​ភ្លាម គឺ​កាលដែល​ព្រះអង្គ​ចាប់ជាតិ​ជា​មហោសថបណ្ឌិត​ម្ដង​, ជា​ព្រះ​វេស្សន្តរ​ម្ដង​, បច្ឆិមជាតិ​ជា​ព្រះ​សិទ្ធត្ថៈ​-​គោតម​ម្ដង​; ពោធិសត្វ​ទាំង ៣ ជាតិ​នេះ​មាន​ព្រះ​វិសេស​នាម​ថា មុហុត្តវិជាតវាទី ( ព​. ពុ​. ) ។​

​សំស្ការ​

(​សំ​-​ស្កា​)

​មើល​ពាក្យ សង្ការ ន​. ។​

​សង្ការ​

(​សង់​-​កា​)

​នាមសព្ទ​

( សំ​. សំស្ការ​; បា​. សង្ខារ ) សង្ខារ​;… ។ ខ្មែរ​ប្រើ​សំដៅ​សេចក្ដី​ថា “​ការ​លើកសព​ធ្វើ​ឈាបនកិច្ច​, ការ​គាស់​ខ្មោច​ដុត​, ការ​លើកខ្មោចស្រោចឆ្អឹង​” និយាយ​បានតែ​ជាមួយនឹង​ពាក្យ​ថា “​លើកសព​”
​លើកសព​សង្ការ ( លើកសព​សង្ខារ ); បើ​ឲ្យ​ត្រឹមត្រូវ គួរ​និយាយថា លើកសពសំស្ការ ។​

​នាមសព្ទ​

( បា​.; សំ​. សំករ ឬ សង្ការ ) សំរាម ។ សង្ការកូដ ( សង់កា​រ៉ៈ​កូត ) គំនរ ឬ​ពំនូក​សំរាម ។ សង្ការច្ឆទ្ទក ( សង់កា​រ៉័​ច​-​ឆ័ត​-​ទៈកៈ ឬ –​ទក់ ) អ្នក​ចាក់សំរាម​, អ្នកស៊ីឈ្នួល​ចាក់សំរាម​; បើ​ស្ត្រី​ជា សង្ការច្ឆទ្ទិកា ។ សង្ការដ្ឋាន ឬ សង្ការធាន ( សង់កា​រ៉័​ត​-​ឋាន​ឬ –​រ៉ៈ​ធាន ) កន្លែង​ចាក់សំរាម ។​
​កាព្យ​ធៀប​ពុទ្ធភាសិត​ថា : ឧប្បល​បទុម ដើម​តូច​ដើម​ធំ ផ្កា​រីក​ក៏មាន ដែល​ដុះ​នៅក្នុង សង្ការធាន ផ្កា​នោះ​ពុំបាន ច្រឡំ​នឹង​គល់ ។​សុមេធកុលបុត្ត មាន​ប្រាជ្ញា​មុត ឈ្លាស​ធ្លុះ​យង់យល់ កើត​ក្នុង​ត្រកូល ងងឹតងងល់ រែង​ជា​បុគ្គល ភ្លឺស្វាង​ខុសគេ ។​

​សង្ការី​

(​សង់​-​កា​រ៉ី​)

​នាមសព្ទ​

( សំ​. ) ស្ត្រី​ដែល​ទើប​រៀបការ​ហើយ​ថ្មីៗ​; កញ្ញា​ដែល​អន់​ល្អ​ហើយ​, ក្រមុំចាស់​ឬ​ចាស់​ក្រមុំ​
​នាង​សង្ការី ។​