ដោយៈ ប​.​ជ័យ / បន្ទាយ​មាន​ជ័​យៈ រដ្ឋបាល​ស្រុក​មង្គល​បូរី នៅ​ថ្ងៃទី​២ ខែតុលា ឆ្នាំ​២០២២ បាន​ជូនដំណឹង​អំពី​ការប្រកាសអាសន្ន ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​មង្គល​បូរី មេត្តា​ជ្រាបថា ដោយ​ពិនិត្យ​ស្ថានភាព ជាក់ស្តែង ឃើញថា ទឹកជំនន់ កំពុង​ហក់​ឡើង​យ៉ាងគំហុក ពី​ស្រុក​ខ្សែទឹក​ខាងលើ ក្នុងភូមិ​សាស្ត្រ​ប​វេ​ល នៃ​ខេត្តបាត់ដំបង និង​បូក​ន្ថែ​ម​ដោយ​ភ្លៀង ធ្លាក់​ជា​បន្តបន្ទាប់ ធ្វើឱ្យ​ទឹកស្ទឹង ឡើង​ខ្ពស់បំផុត ។​

​លោក រ័ត្ន ដា​ស៊ី​ណង់ អភិបាលស្រុក​មង្គល​បូរី បាន​បន្ថែមថាៈ ” ហេតុនេះ ក្នុងនាម គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ស្រុក សូម​អំពាវនាវ​ឱ្យ​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់​នៅតាម​បណ្តោយ​ដងស្ទឹង​មង្គល​បូរី មានការ​ប្រុងប្រយ័ត្ន​ខ្ពស់បំផុត ជាពិសេស​កូនក្មេង​តូចៗ មនុស្ស​ចាស់ អ្នក​ពិការភាព ដើម្បី​ត្រៀមលក្ខណៈ​គ្រប់គ្រាន់ សម្ភារ​សង្គ្រោះ ដូចជា​ទូក កាណូត អាវ​ពោង និង​រក​ទីទួល​សុវត្ថិភាព​ជាដើម ” ។

​ក្នុង​សេច​ក្ដី្​ជូនដំណឹង​នោះ រដ្ឋបាល​ស្រុក បាន​ដាក់ឱ្យ​ភ្ជាប់​ទំនាក់ទំនង​ថាៈ ករណី​ចាំបាច់ សូម​ទាក់​តាម​ទូរ​សព្ទ​លេខ ០១២ ៥០០ ០៨៣ / ០៧៧ ២៣ ៤៨៤៨ / ០១២ ៤២០ ៣៩៦ / ០១២ ៥៩១ ៨៣៧ / ០១២ ៤៥០ ០៣៤ ។​

​ចំណែក​រដ្ឋបាល​ស្រុក​ប​វេ​ល ខេត្តបាត់ដំបង ក៏បាន​ប្រកាស​ដល់​ពល​រដ្ឋ ក្នុងភូមិ​សាស្ត្រ របស់ខ្លួន ស្រដៀង​គ្នា​នេះដែរ ។ ពោលគឺ នៅពេល​របប​ទឹក ពី​ប្រភព​ស្ទឹង​នេះ នៅក្នុង​ប្រទេស​ថៃ និង​មាន​ភ្លៀង​ធ្លាក់ ក្នុងភូមិ​សាស្ត្រ​នៅ​ស្រុក​សាលា​ក្រៅ ខេត្ត​ប៉ៃលិន ស្រុក​កំរៀង ភ្នំព្រឹក ប​វេ​ល​ខេត្តបាត់ដំបង និង​ស្រុក​មង្គល​បូរី​បន្ទាយមានជ័យ ដែល​បង្ក​ពី ឥទ្ធិពល​ព្យុះ​ណូ​រូ កន្លងមក និង​ឥទ្ធិពល​ជ្រលង​សម្ពាធ​ទាប ក្នុង​តំបន់ នាពេលនេះ ។​

​សូម​រំលឹក​ដែរ​ថា ទឹកជំនន់​ស្ទឹង​មង្គល​បូរី ក្នុងភូមិ​សាស្ត្រ​ស្រុក​មង្គល​បូរី កន្លងទៅ និង​មកទល់​ឥឡូវនេះ បាន​បង្ក​ផលប៉ះពាល់ លើ​ពលរដ្ឋ​ជិត ១០០ គ្រួសារ នៅ​ឃុំ​បត់​ត្រង់ និង ឃុំ​សឿ ក្នុងនោះ ប្រជាពលរដ្ឋ​រងគ្រោះ បាន​ត្រូវ​ជម្លៀស​ទៅ​ស្នាក់នៅ ទីទួល​សុវត្ថិភាព មាន ៤៥ គ្រួសារ នៅ​ឃុំ​បត់​ត្រង់ និង​ជិត ២០ គ្រួសារ នៅ​ឃុំ​សឿ​៕/V​