​ប្រែ​សម្រួលៈ​បំណង​(​ស្ត្រេត​ថែមស៍​)៖ ត្រាក់ទ័រ​សណ្តោង​រឺ​ម៉ក​មួយ​ដាក់​អ្នក​មក​ពី​ធ្វើ​បុណ្យ​នៅ​ទី​សក្ការ​មួយ​នៅ​ឥណ្ឌា​បាន​ក្រឡាប់​កាលពី​ថ្ងៃ​សៅ​រ៍ហើយ​ធ្លាក់​ចូល​ថ្លុក​ត្រពាំង​មួយ ដោយ​សម្លាប់​មនុស្ស​២៦​នាក់​។​

​ស៊ុត​ហៀរ គុ​មារ មន្ត្រី​តំបន់​កើតហេតុ​បាន​និយាយថា រឺ​ម៉ក​សណ្តោង​កំពុង​ដឹក​មនុស្ស​ប្រមាណ​៥០​នាក់ ភាគច្រើន​ជា​ស្ត្រី​និង​កុមារ នៅ​ពេល​គ្រោះថ្នាក់​បាន​កើតឡើង​នៅ​ស្រុក​កាន់​ពួរ​ក្នុង​រដ្ឋ​អ៊ុត​តា ប្រា​​ដែស​។​«​មនុស្ស​២៦​នាក់​បាន​ស្លាប់​ក្នង​ហេតុការណ៍​ក្រឡាប់​ត្រាក់ទ័រ​សណ្តោង​»​។​

រឺម៉កសណ្តោងធ្លាក់ចូលថ្លុកត្រពាំងកាលពីយប់ថ្ងៃសៅរ៍

​របាយការណ៍​សារព័ត៌មាន​បាន​និយាយថា ត្រាក់ទ័រ​សណ្តោង​នេះ​ដឹក​អ្នកចូលរួម​បុណ្យ​សាសនា​ហិណ្ឌូ​មកពី​ប្រាសាទចាន់ឌ្រី​កា ដេវី​( Chandrika Devi)​។​

​សម្តែង​ការចូលរួម​មរណទុក្ខ នាយករដ្ឋមន្ត្រី​ឥណ្ឌា​លោក ណា​រ៉េ​នដ្រា ម៉ូ​ឌី បាន​និយាយថា​«​រន្ធត់​ចិត្ត​ចំពោះ​គ្រោះថ្នាក់​ត្រាក់ទ័រ​សណ្តោង​នៅ​កាន់​ពួរ​។ អារម្មណ៍​របស់​ខ្ញុំ​នៅ​ជាមួយ​អ្នក​ដែល​បាត់បង់​សាច់ញាតិ​​និង​មនុស្ស​ជា​ទី​ស្រឡាញ់​របស់គេ និង​សូម​បន់ស្រន់​អោយ​អ្នក​រងរបួស​ឆាប់​ជា​»​។​

​អភិបាលរដ្ឋ លោក​យ៉ូ​ហ្គី អា​ឌី​ត​យ៉ាន់​ណាត (Yogi Adityanath)​បាន​និយាយថា យានយន្ត​ប្រភេទ​នេះ គឺ​ត្រាក់ទ័រ​សណ្តោង​រឺ​ម៉ក គួរប្រើ​សំរាប់តែ​ដឹក​កសិផល​និង​ទំនិញ​ផ្សេងៗ មិនមែន​មនុស្ស​ទេ​។​«​គ្រោះថ្នាក់​ចរាចរណ៍​នៅ​ស្រុក​កាន់​ពួរ គួរអោយ​រន្ធត់ចិត្ត​ណាស់​»​។​

​គ្រោះថ្នាក់​ចរាចរណ៍​កើត​មាន​ជារឿយៗ​នៅ​ឥណ្ឌា ដែល​កាលពី​ឆ្នាំមុន​វា​បាន​សម្លាប់​មនុស្ស​ជាង​១៥០.០០០​នាក់ ឬ​ស្មើនឹង​ជាង​៤០០​នាក់​ក្នុង​មួយថ្ងៃ​។​មនុស្ស​ជិះ​ក្នុង​រឺ​ម៉ក​សណ្តោង​ជា​រូបភាព​ទូទៅ​នៅ​ឥណ្ឌា​​ជាពិសេស​នៅ​តំបន់​ជនបទ កន្លែង​ដែល​មិនសូវ​មាន​ការគោរព​ច្បាប់​ចរាចរណ៍​៕

​អ្នកភូមិ​សែង​សាកសព​ពី​គ្រោះថ្នាក់​ត្រាក់ទ័រ​សណ្តោង​កាលពី​យប់​ថ្ងៃ​សៅរ៍​នៅ​ស្រុក​កាន់​ពួរ រដ្ឋ​អ៊ុត​តា ប្រា​ដែស​

​អ្នកភូមិ​និង​សាច់ញាតិ​កាន់​មរណទុក្ខ​ក្រោយ​គ្រោះថ្នាក់​ត្រាក់ទ័រ​សម្លាប់​មនុស្ស​២៦​នាក់​