ដោយ៖ សុវណ្ណកុម្ភៈ / ភ្នំពេញ៖ ព្រឹត្តិការណ៍រត់កម្សាន្ដ OCA Fun Run ដែលរៀបចំដោយ ក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី (OCA) និងគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃទី២ តុលា ម្សិលមិញនេះ បានបញ្ចប់ដោយជោគជ័យ។

មានអ្នកចូលរួមរត់ជាង ១ពាន់នាក់ ចូលរួមដែលនេះជាការរត់ ដើម្បីអបអរសាទរដំណើរឆ្ពោះទៅការប្រកួតកីឡាអាស៊ី លើកទី១៩ (19th Asian Games Hangzhou 2022) នៅប្រទេសចិនផង និងអបអរសាទរមហាសន្និបាត OCA លើកទី៤១ នៅកម្ពុជាផង។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា និង លោក Vinod Kumar Tiwari ប្រធានទំនាក់ទំនងអន្ដរជាតិរបស់ OCA រួមទាំងតំណាងគណៈកម្មការរៀបចំព្រឹត្តិការណ៍ 19th Asian Games Hangzhou 2022 បានចូលរួមរត់កម្សាន្ដ ជាមួយប្រតិភូបណ្ដាប្រ
ទេសចូលរួមមហាសន្និបាត OCA នៅកម្ពុជា និងប្រជាពលរដ្ឋ សរុបជាង ១ពាន់នាក់។

មន្ដ្រី OCA លោក Wissan Trkmani បានបញ្ជាក់ថាៈ គោលបំណងនៃការរៀបចំកម្មវិធីរត់កម្សាន្ដ ៣គីឡូម៉ែត្រ និង ៥គីឡូម៉ែត្រនេះ គឺដើម្បីផ្សព្វផ្សាយពីកីឡាអាស៊ី នៅទីក្រុង Hangzhou និងលើកឡើងនូវប្រធានបទមួយដែល Asian Games ផ្ដោតសំខាន់គឺកីឡាដើម្បីទាំងអស់គ្នា ដែលមានន័យថា កីឡាសម្រាប់មហាជនគ្រប់ជាតិសាសន៍ មិនប្រកាន់ពណ៌សម្បុរ ភេទ អាយុ ឬនិន្នាការអ្វីឡើយ ជាក់ស្ដែងការរត់កម្សាន្ដនេះ បើកឲ្យមហាជនទូទៅចូលរួម ដោយផ្ដោតលើគុណតម្លៃ នៃកីឡាអូឡាំពិក មិនផ្ដោតលើការចាញ់-ឈ្នះ ឬលទ្ធផលល្អ មិនល្អនោះទេ គឺផ្ដោតទៅលើការចូលរួម។

លោកបានអរគុណម្ចាស់ផ្ទះកម្ពុជា ដែលបានសហការយ៉ាងល្អជាមួយ OCA ដើម្បីរៀបចំនូវកម្មវិធីនេះ ពិសេសមហាសន្និបាត លើកទី៤១ ដែលមានលក្ខណៈល្អឥតខ្ចោះ ទាំងការទទួលបដិសណ្ឋារកិច្ច និងការស្នាក់នៅ-ហូបចុកជាដើម។

លោកបានបន្តថាៈ «ខ្ញុំគិតថា ឱកាសនៃការរៀបចំមហាសន្និបាត OCA នេះ កម្ពុជា បានបង្ហាញនូវភាពខ្លាំងរបស់ខ្លួន ក្នុងការរៀបចំលក្ខណៈកិច្ចប្រជុំដ៏ធំនេះ ហើយក៏ជាភាពល្អ ទៅកាន់ដៃគូជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ។ ក្នុងនាម OCA សូមអរគុណ NOCC និងរាជរដ្ឋាភិបាលកម្ពុជា ដែលបានយកចិត្តទុកដាក់ ហើយកិច្ចប្រជុំបន្ដបន្ទាប់នេះ នឹងទទួលបានផ្លែផ្កា ហើយកម្ពុជា នឹងកាន់តែមានឈ្មោះបោះសម្លេងថែមទៀត»។

ដោយឡែក លោក វ៉ាត់ ចំរើន បានចាត់ទុកថាៈការរៀបចំនេះ គឺជាឱកាសហ្វឹកហាត់ និងជាបទពិសោធន៍ដ៏ល្អ ពោលគឺជាបទពិសោធន៍ផ្ទាល់ ដែលត្រូវរៀនសូត្រសម្រាប់ដំណើរឆ្ពោះទៅធ្វើម្ចាស់ផ្ទះការប្រកួតកីឡាស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម ឆ្នាំ២០២៣ មានន័យថា ជាឱកាសដើម្បីហ្វឹកហាត់ការងារ ទាំងការងារទំនាក់ទំនង ទទួលបដិសណ្ឋារកិច្ច ការស្នាក់នៅ-ហូបចុក និងការរៀបចំកម្មវិធីផ្សេងៗទៀត។

លោកបានបន្តថាៈ «យើងហ្វឹកហាត់ពីការរៀបចំ Fun Run នេះ បានន័យថា យើងទទួលបានប្រយោជន៍ច្រើនណាស់ លើការងារបច្ចេកទេស ក្នុងការផ្លាស់ប្ដូរ និងទទួលបទពិសោធន៍ ពីក្រុមការងារអន្ដរជាតិ ដែលចូលរួមកម្មវិធីនេះ។ នេះគឺអ្វីដែលយើងចង់បានក្នុងលក្ខណៈជំនាញ។ ប៉ុន្ដែសំខាន់ មិនមែនជារឿងងាយស្រួលទេ យើងធ្វើទៅ អាចមានការលំបាកខ្លះ តែយើងទទួលបាននោះ គឺកេរ្ដិ៍ឈ្មោះក្នុងនាមម្ចាស់ផ្ទះ។ កេរ្ដិ៍ឈ្មោះរបស់យើង គឺយើងត្រូវតែរក្សាឲ្យបាននូវកិត្តិយសជាតិរបស់យើងក្នុងការរៀបចំ»។

ចំពោះមហាសន្និបាត OCA លើកទី៤១ វិញ នឹងប្រារព្ធពិធីបើកផ្លូវការ នាព្រឹកថ្ងៃទី៤ ខែតុលា ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ដោយសម្ដេច នឹងអញ្ជើញថ្លែងសន្ទរកថាបើក និងសន្ទរកថាគន្លឹះចំពោះមុខឥស្សរជន និងថ្នាក់ដឹកនាំចលនាអូឡាំពិកអាស៊ីនិងអន្ដរជាតិ ប្រមាណ ៤០០ នាក់ ដើម្បីបង្ហាញនូវសុច្ឆន្ទៈដ៏ខ្លាំងក្លា របស់រាជរដ្ឋាភិបាល ក្នុងការកសាង និងជំរុញចលនាកីឡាជាតិ ជាមួយចលនាកីឡាអូឡាំពិក ក៏ដូចជាបង្ហាញពីសក្ដានុពល របស់រាជរដ្ឋាភិបាល ចំពោះនយោបាយកីឡាជាតិ ជាមួយចលនាអូឡាំពិកអន្ដរជាតិ ដើម្បីកសាងពិភពលោកមួយ ដ៏ល្អប្រសើរ តាមពាក្យស្លោករបស់អូឡាំពិក “Sports Build Better World” ទៀតផង៕ V / N