ដោយៈ សុផល / ភ្នំពេញ៖ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូន បើគិតពីម៉ោង ៧:០០នាទីព្រឹក ដល់ម៉ោង ១៨:០០នាទីល្ងាច ថ្ងៃសៅរ៍ ទី១ ខែតុលា ឆ្នាំ២០២២ នេះ មានយានយន្ត ចំនួន ៨.៩២៧ គ្រឿង ដែលបាននាំគ្នាធ្វើដំណើរ លើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ ដោយចេញចូលតាមស្ថានីយទាំង ៨ ទីតាំង។

គេសង្កេតឃើញថា មិនត្រឹមតែមានអ្នកដំណើរកម្សាន្តជាលក្ខណៈគ្រួសារ ក្នុងថ្ងៃឈប់សម្រាកចុងសប្តាហ៍ប៉ុណ្ណោះទេ លើសពីនេះទៅទៀត ក៏មានយានយន្តដឹកជញ្ជូន ដែលស្របតាមលក្ខណៈបច្ចេកទេស ក៏បានយកឱកាសនេះ ក្នុងការដឹកជញ្ជូនទំនិញរបស់ខ្លួនផងដែរ ដែលនេះសបញ្ជាក់ឱ្យឃើញថា ផ្លូវល្បឿនលឿន គឺពិតជាខែ្សបន្ទាត់សេដ្ឋកិច្ច ដែលមានសក្តានុពលពិតមែន។

ក្រសួងសាធារណការ បានឱ្យដឹងថាៈ ក្នុងចំណោមយានយន្ត ជិត ៩.០០០ គ្រឿងនោះ ក៏មានករណីដែលត្រូវការ ការប្រឹក្សាយោបល់ សាកសួរព័ត៌មាន និងស្វែងរកជំនួយសង្គ្រោះផងដែរ ជាសរុបមានចំនួន ៥២ ខ្សែ ដែលបានធ្វើការទាក់ទង ទៅកាន់លេខ ១៣៩៩ ក្នុងថ្ងៃនោះ។

គួរបញ្ជាក់ផងដែរថាៈ ការបើកបរលើផ្លូវល្បឿនលឿន តម្រូវឱ្យអ្នកបើកបរ និងអ្នករួមដំណើរទាំងអស់ ចូលរួមសហការ ក្នុងការស្វែងយល់ឱ្យបានល្អិតល្អន់ ពីសេចក្តីណែនាំ និងអនុវត្តឱ្យបានម៉ឺងម៉ាត់ចំពោះលក្ខខណ្ឌ ក្នុងការបើកបរលើផ្លូវនេះ ហើយជាពិសេស ត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា ទើបការធ្វើដំណើររបស់បងប្អូន ប្រកបដោយភាពសប្បាយរីករាយ និងសុខសុវត្ថិភាព។

ផ្លូវនេះ មានប្រវែងសរុប ១៨៧,០៥ គីឡូម៉ែត្រ ត្រូវបានបើកការដ្ឋានសាងសង់ កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០១៩ ដែលតួផ្លូវមានទទឹង ២៤ម៉ែត្រ មាន ៤គន្លង (២ទៅ ២មក) និងគន្លងឈប់បន្ទាន់ (១ទៅ ១មក) ក្រាលបេតុងកៅស៊ូ (AC) តភ្ជាប់ពីរាជធានីភ្នំពេញទៅដល់សង្កាត់លេខ៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ ដោយឆ្លងកាត់ខេត្តកណ្តាល កំពង់ស្ពឺ និងខេត្តកោះកុង។ ផ្លូវនេះមានសួនច្បារខណ្ឌកណ្តាល មានផ្លូវបំបែកប្តូរទិស (Inter-Change) ភ្ជាប់មកផ្លូវជាតិលេខ៤ ចំនួន ៦កន្លែង មានកន្លែងឈប់សម្រាក ៣កន្លែង និងចំណតរថយន្ត ១កន្លែង ផងដែរ។

បងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរ និងដឹកជញ្ជូនទំនិញ លើផ្លូវមួយខ្សែនេះ ប្រកបដោយប្រសិទ្ធភាព កាត់បន្ថយការចំណាយដឹកជញ្ជូន និងចំណេញពេលវេលាធ្វើដំណើរ មកត្រឹមតែប្រមាណ ២ម៉ោងប៉ុណ្ណោះពីរាជធានីភ្នំពេញ ទៅក្រុងព្រះសីហនុ ដែលកន្លងមក ត្រូវចំណាយពេលពី ៥ទៅ ៦ម៉ោង តាមផ្លូវជាតិលេខ៤៕ V / N

រូបថត៖ ( ក្រសួងសាធារណការ )