​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ រុស្សី​បាន​វាយប្រហារ​ទីក្រុង​កំណើត​របស់​ប្រធានាធិបតី​អ៊ុយ​ក្រែ​ន​និង​គោលដៅ​ផ្សេង​ទៀត​ដោយ​ដ្រូ​ន​អត្តឃាត​កាលពី​ថ្ងៃអាទិត្យ​ទី​២​តុលា​ហើយ​អ៊ុយ​ក្រែន​បាន​វាយ​​ដណ្តើម​យក​មក​វិញ​នូវ​ការគ្រប់គ្រង​ទាំងស្រុង​លើ​ទីក្រុង​យុទ្ធសាស្ត្រ​ភាគ​ខាងកើត​គឺ លី​ម៉ាន់ (Lyman) ក្នុង​ខេត្ត​ដូណិត​ស​ខ៍ និង​ទីប្រជុំជន​ពីរ​ទៀត​នៅ​ខេត្ត​ឃើ​សុន (Kherson) ភាគខាងត្បូង​គឺ​អា​​ខាន់​ហែល​ស្កេ (Arkhanhelske) និង មី​រ៉ូលី​យូប៊ី​វកា (Myrolyubivka) នៅក្នុង​ការវាយលុក ដែល​បាន​កែប្រែរ​បត់​សង្គ្រាម​ឡើងវិញ​។​

​ការ​ដែល​រុស្ស៊ី​បាត់បង់​ទីក្រុង​លី​ម៉ាន់​ភាគ​ខាងកើត ដែល​ខ្លួន​ប្រើប្រាស់​ជា​មជ្ឈមណ្ឌល​ដឹកជញ្ជូន​និង​ភស្តុភារ គឺជា​ការ​វាយ​សំពង​ថ្មី​មួយ​សម្រាប់​វិមាន​ក្រឹម​ឡាំង​ខណៈ​ខ្លួន​កំពុង​ព្យាយាម​បង្កើន​សង្គ្រាម​​ដោយ​ការ​កាត់​យក​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ដោយ​ខុសច្បាប់ និង​គំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ក្នុង​ការប្រើប្រាស់​អាវុ​ធ​នុយក្លេអ៊ែរ​។​

​ការដណ្តើមយក​ដី​របស់​ប្រធានាធិបតី​រុស្ស៊ី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​គំរាម​រុញ​ជម្លោះ​ដល់​កម្រិត​ថ្មី​ដ៏​គ្រោះថ្នាក់​។ វា​ក៏​បាន​ជំរុញ​ឱ្យ​អ៊ុយ​ក្រែន​ដាក់​ពាក្យជា​ផ្លូវការ​សម្រាប់​សមាជិកភាព​ណា​តូ​ដែលជា​កិច្ចប្រឹងប្រែង​​មួយ​ទទួលបាន​ការគាំទ្រ​ពី​សមាជិក​ណា​តូ​នៅ​អឺរ៉ុប​កណ្តាល​និង​ខាងកើត​ចំនួន​ប្រាំបួន ដែល​ភ័យខ្លាច​ថា ការឈ្លានពាន​របស់​រុស្ស៊ី​នៅ​ទីបំផុត​អាច​កំណត់​គោលដៅ​លើ​ពួកគេ​ផង​ដែរ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី បាន​ប្រកាស​កាលពី​ថ្ងៃអាទិត្យ​ថា កងកម្លាំង​របស់​គាត់​ឥឡូវ​នេះ​បាន​គ្រប់គ្រង​ទីក្រុង​លី​ម៉ាន់​ទាំងស្រុង​។ លោក​បាន​និយាយ​ក្នុង​សុន្ទរកថា​វីដេអូ​មួយ​ថា “​គិត​ត្រឹម​ម៉ោង ១២៖៣០ នាទី​យប់ ទីក្រុង​លី​ម៉ាន់​ត្រូវបាន​ដណ្តើម​មកវិញ​ទាំងស្រុង​។ សូម​អរគុណ​ដល់​កងទ័ពរ​បស់​យើង​និង​អ្នក​ចម្បាំង​របស់​យើង​”​។​

​យោធា​រុស្ស៊ី​មិនបាន​ធ្វើ​អត្ថាធិប្បាយ​អំពី​ទីក្រុង​លី​ម៉ាន់​ទេ បន្ទាប់​ពី​បាន​ប្រកាស​កាលពី​ថ្ងៃ​សៅ​រ៍ថា ខ្លួន​កំពុង​ដក​កងកម្លាំងរ​បស់​ខ្លួន​នៅ​ទីនោះ​ទៅកាន់​អ្វី​ដែល​ខ្លួន​និយាយថា​ជា​ទីតាំង​​អំណោយផល​ជា​ង​នេះ​។​

​យោធា​អង់គ្លេស​បាន​ពណ៌នា​អំពី​ការដណ្តើមយក​ទីក្រុង​លី​ម៉ាន់​មកវិញ​ថា​ជា “​បរាជ័យ​នយោបាយ​ដ៏​សំខាន់​” សម្រាប់​រដ្ឋាភិបាល​ក្រុង​មូ​ស្គូ ហើយ​អ៊ុយ​ក្រែន​ហាក់​យក​ឈ្នះ​ក្នុង​សង្គ្រាម​យ៉ាង​ឆាប់រហ័ស​។​

​ប៉ុន្មាន​ម៉ោង​បន្ទាប់​ពី​ការប្រកាស​របស់​លោក​ហ្សេ​លេន​ស្គី​ប្រព័ន្ធ​ផ្សព្វផ្សាយ​អ៊ុយ​ក្រែន​បាន​ចែករំលែក​រូបភា​ព​នៃ​កងទ័ព​អ៊ុយ​ក្រែន​កាន់​ទង់ជាតិ​ពណ៌​លឿង​និង​ខៀវ​របស់​ប្រទេស​នៅ​ពីមុខ​រូបសំណាក​​ដែល​សម្គាល់​ភូមិថ័រ​ស្កេ (Torske) ស្ថិតនៅ​ចម្ងាយ ១៥ គីឡូម៉ែត្រ​ពី​ភាគ​ខាងកើត​ទីក្រុង​លី​ម៉ាន់ និង​នៅ​ទល់មុខ​នឹង​តំបន់​លូ​ហាន​ស​ខ៍ (Luhansk) ដែល​កាន់កាប់​ដោយ​រុស្ស៊ី​។​

​បន្តិចក្រោយមក វីដេអូ​ដែល​បាន​បង្ហោះ​តាម​អ៊ីនធឺណិត បានបង្ហាញ​ទាហាន​អ៊ុយ​ក្រែន​ម្នាក់​និយាយថា កងកម្លាំង​របស់​រដ្ឋាភិបាល​ក្រុង​គៀវ​បានចាប់ផ្តើម​កំណត់​គោលដៅ​លើ​ទីក្រុង​ក្រេ​មីនណា (Kreminna) ឆ្លង​បន្តិច​នៅក្នុង​ព្រំដែន​ខេត្ត​លូ​ហា​នស៍​។ ការបាញ់​កាំភ្លើង​ធំ​អាច​ត្រូវបាន​ស្តាប់​ឮ​នៅក្នុង​វីដេអូ​។ អ្នកឆ្លើយឆ្លង​ព័ត៌មាន​យោធា​រុស្ស៊ី​ក៏​បាន​ទទួលស្គាល់​ការវាយប្រហារ​របស់​អ៊ុយ​ក្រែន​គឺ​ផ្តោត​គោលដៅ​លើ​ទីក្រុង​ក្រេ​មីនណា​ផងដែរ​៕

​ទាហាន​អ៊ុយ​ក្រែន​កំពុង​សម្អាត​កាំភ្លើង​ធំ D-30 នៅ​តំបន់​ដូណិត​ស​ខ៍​

ទាហានអ៊ុយក្រែនពិនិត្យយានយន្តនិងរថក្រោះរុស្ស៊ីខូចខាតនៅជាយក្រុងអ៊ីហ្ស៊ីយូម កាលពីថ្ងៃ១តុលាក្រោយទាហានរុស្ស៊ីដកថយ