​អ្នកបើកបរ​រថយន្ត​១៥​ភាគរយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុងពេល​បើកបរ​

1097
ចែករម្លែក

​ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បានធ្វើការ​គណនា​និង​ប្រមូល​ទិន្នន័យ​ដោយបាន​វាយតម្លៃ​លើ​ដំណើរការ​អនុវត្ត​នូវ​វិធានការ​រដ្ឋបាល​និង​វិធានការ​ច្បាប់​ចាប់​ឃាត់ខ្លួន​អ្នកបើកបរ​និង​អ្នកពាក់ព័ន្ធ​ជាមួយ​រថយន្ត​យកមក​ស្វែងរក​សារធាតុ​ញៀន​ក្នុង​ខ្លួន​កន្លងមក​។​

​ជា​លទ្ធផល​បង្ហាញថា​មាន​អ្នកបើកបរ​រថយន្ត​ចំនួន​១៥​ភាគរយ​បាន​ស្ថិតក្រោម​ឥទ្ធិពល​នៃ​គ្រឿងញៀន​នៅពេល​កំពុង​បើកបរ​លើ​ដងផ្លូវ​សាធារណ​:​នោះ​។​ដែល​នេះ​នៅតែ​បង្ក​ឲ្យ​ជនរងគ្រោះ​ស្លាប់​និង​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​កើនឡើង​ក្នុង​៦​ខែ​ដើម​ឆ្នាំនេះ​។​
​ ​
​លោក​គួច​ចំរើន​អភិបាលខេត្ត​កំពង់ចាម​ថ្លែង​បែបនេះ​ក្នុង​ឳ​កាស​អញ្ជើញ​ចូលរួម​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​នៅក្នុង​វិទ្យាល័យ​បុសខ្នុរ ស្រុក​ចម្ការលើ នា​ព្រឹក​ថ្ងៃទី ២៨ ខែមិថុនា​ឆ្នាំ​២០១៨​ថា ឥឡូវនេះ​អាជ្ញាធរ និង​សមត្ថកិច្ច​បានចាត់ទុក​បទល្មើស​គ្រឿងញៀន និង​បទល្មើស​គ្រោះថ្នាក់​ចរាចរណ៍ គឺជា​សត្រូវ​ទី​១ ដែល​ត្រូវ​ចាត់វិធានការ​ទប់ស្កាត់ ហើយ​បញ្ហា​ទាំងពីរ​នេះ​ទៀតសោត គឺមាន​ចំណងទាក់ទង​នឹង​គ្នា​។​
​ ​
​លោក គួច ចំរើន បាន​បន្តថា ជាក់ស្តែង​តាមរយ​:​ការអនុវត្ត​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់​ចំនួន ប្រាំ​ដំណាក់កាល​លើ​អ្នកបើកបរ ជំនួយការ​បើកបរ និង​កម្ម​ការ​រថយន្ត​នោះ​។ ដោយ​យើង​រកឃើញ​ក្នុង​ខ្លួន​ពួកគាត់​ប្រមាណ​១០០​នាក់​មាន​ផ្ទុក​សារធាតុ​ញៀន​ពេល​កំពុង​បើកបរ​។

ក្នុង​ចំនួន​បួន​ដំណាក់​ដំបូង​យើង​បាន​អប់រំ​ណែនាំ​ចែក​ថ្នាំ​ព្យាបាល​និង​ចេញ​ដីកា​បញ្ជូន​ខ្លួន​ឲ្យ​ទៅ​ព្យាបាល​ផ្តាច់​សារធាតុ​ញៀន​នៅតាម​មូលដ្ឋាន​។ ប៉ុន្តែ​នៅ​ដំណាំ​ក់​កាល​ទី​៥ គឺ​បាន​រកឃើញ​តៃកុង​រថយន្ត​ជា​អ្នកបើកបរ ប្រាំបួន នាក់ ក្នុងចំណោម​អ្នកពាក់ព័ន្ធ​( ព្រូ និង​កម្មករ​)​សរុប ២១ នាក់​មាន​ផ្ទុក​សារធាតុ​ញៀន​ដដែល​។ ដោយបាន​សម្រេច​អនុវត្តន៍​វិធានការ​ច្បាប់ គឺ​តុលាការ​បាន​ឃុំខ្លួន​បណ្តោះអាសន្ន លើ​អ្នកបើកបរ​ចំនួន ប្រាំបួន នាក់​នោះ​តាម​មាត្រា ៦៣ ច្បាប់​ស្តីពី​ការត្រួតពិនិត្យ​គ្រឿងញៀន​។​
​ ​
​លោក​អភិបាលខេត្ត​បាន​ថ្លែងបន្តថា​តាម​ការអនុវត្ត​នូវ​វិការ​ខាងលើនេះ​នាំ​ឳ្យ​យើង​រកឃើញ​លទ្ធ​ផលប​ង្ហា​ញ​ថា​បច្ចុប្បន្ន​មាន​អ្នកបើកបរ​រថយន្ត​ចំនួន​១៥​ភាគរយ​បាន​ប្រព្រឹត្ត​បទល្មើស​ប្រើប្រាស់​គ្រឿងញៀន​ក្នុងពេល​កំពុង​បើកបរ ពិសេស​រថយន្ត​ធុន​ធំ​តែម្តង​។

ជាមួយគ្នា​នោះ​រយ​:​ពេល​ត្រឹម ៦​ខែ​ដើមឆ្នាំ​២០១៨ មាន​ជនរងគ្រោះ​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ជាង ៥០ នាក់​និង​របួស​ពិការ​រាប់សិប​នាក់​ផ្សេងទៀត គឺ​កើនឡើង​ជាង​កាលពី​ឆ្នាំ​២០១៧​កន្លងទៅ​។ ចំនួន​ជនរងគ្រោះ​នេះ គឺ​ពិតជា​មានការ​ពាក់ព័ន្ធ​នឹង​អ្នកបើកបរ​រថយន្ត​ដែល​ស្ថិតក្រោម​ឥទ្ធិពល នៃ​គ្រឿងញៀន​យ៉ាង​ប្រាកដ​។​
​ ​
​គួរ​បញ្ជាក់ថា ឆ្នាំ​២០១៧​កន្លងទៅ យើង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​បាន​ចំនួន ៤០០ ករណី និង​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​ជាង​១.០០០​នាក់​។​ក្នុង​ទិវា​អន្តរជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន​ថ្ងៃទី​២៨​ខែមិថុនា ឆ្នាំ​២០១៨ ខាងលើ​នោះ គឺ​អាជ្ញាធរ​ខេត្តកំពង់ចាម​បាន​ដុត​កម្ទេចចោល​នូវ​គ្រឿងញៀន​ទម្ងន់ ១៥៨,៥៥​ក្រាម​ផងដែរ​៕S/

​អ្នកបើកបរ​រថយន្ត​១៥​ភាគរយ​ប្រើប្រាស់​គ្រឿងញៀន​ក្នុងពេល​បើកបរ​

ទីតាំងផ្សាយពាណិជ្ជកម្ម