​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​នៃ​សមាជិក​ណា​តូ​អឺរ៉ុប​ចំនួន​ប្រាំបួន​បានចេញ​សេចក្តីថ្លែងការណ៍​រួម​មួយ​ដែល​គាំទ្រ​ផ្លូវ​ឆ្ពោះទៅ​កាន់​សមាជិកភាព​សម្រាប់​អ៊ុ​យក្រែន​នៅក្នុង​សម្ព​ន្ធ​​ភាព​សន្តិសុខ​ដឹកនាំ​ដោយ​សហរដ្ឋ​អាម៉េរិក​មួយ​នេះ ហើយ​បាន​អំពាវនាវ​ឱ្យ​ប្រទេស​ទាំង ៣០ របស់​ណា​តូ​បង្កើន​ជំនួយ​ផ្នែក​យោធា​សម្រាប់​រដ្ឋាភិបាល​ក្រុង​គៀវ​។​

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បានធ្វើ​ចំណាត់ការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ស្នើសុំ​សមាជិកភាព​ណា​តូ​យ៉ាង​ឆាប់​បំផុត​ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការ​កាត់​​យក​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​។​

​សមាជិកភាព​ណា​តូ​ត្រូវការ​ការយល់ព្រម​ពី​សមាជិក​ទាំង ៣០ ហើយ​អ៊ុយ​ក្រែន​ទំនងជា​មិន​អាច​ចូល​រួម​បាន​ឆាប់ៗ​នោះទេ​។​ក្នុងនាម​ជា​ប្រទេស​ដែល​មាន​សង្គ្រាម​រួច​ហើយ​នោះ​បាន​ធ្វើឱ្យ​មាន​ភាព​​ស្មុគស្មាញ​ដល់​សំណើ​នេះ​។​

​ប្រទេស​ណា​តូ​ទាំង​ប្រាំបួន​នៅ​អឺរ៉ុប​កណ្តាល​និង​ខាងកើត ដែល​បារម្ភ​ថា​រុស្ស៊ី​អាច​កំណត់​គោលដៅ​បន្ទាប់​លើ​ពួកគេ ប្រសិនបើ​រុស្ស៊ី​មិន​ត្រូវបាន​បញ្ឈប់​នៅ​អ៊ុ​យក្រែន បាន​ជំរុញ​ឱ្យ​មាន​ការឆ្លើយតប​ទៅ​នឹង​ការ​កាត់​យក​ទឹកដី​នេះ​។​

​មេដឹកនាំ​នៃ​ប្រទេស​ឆែក អេ​ស្តូ​នី ឡេតូ​នី លី​ទុយ​អា​នី ម៉ា​សេដូ​នៀ​ខាងជើង ម៉ុង​តេ​ណេ​ហ្គ្រោ ប៉ូឡូញ រូ​ម៉ា​នី និង​ស្លូ​វ៉ាគី បាន​ចេញផ្សាយ​សេចក្តី​ថ្លែងការណ៍​នៅ​លើ​គេហទំព័រ​របស់​ពួក​គេ​កាលពី​ថ្ងៃអាទិត្យ ដោយ​និយាយថា “​យើង​គាំទ្រ​អ៊ុយ​ក្រែន​ក្នុង​ការការពារ​ប្រឆាំ​ង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី ទាមទារ (​ឱ្យ​រុស្ស៊ី​) ដក​ចេញ​ជា​បន្ទាន់​ពី​ដែនដី​ដែល​បាន​កាន់កាប់​ទាំងអស់ និង​លើកទឹកចិត្ត​សម្ពន្ធមិត្ត​ទាំងអស់​ឱ្យ​បង្កើន​ជំនួយ​យោធា​ជាប់លាប់​ដល់​អ៊ុ​យក្រែន​”​។​

​សេចក្តីថ្លែងការណ៍​និយាយថា ក្រុម​មេដឹកនាំ “​គាំទ្រ​យ៉ាង​រឹងមាំ​នៅ​ពីក្រោយ​ការសម្រេចចិត្ត​របស់​កិច្ចប្រជុំ​កំពូល​របស់​ណា​តូ​ក្នុង​ទីក្រុង​ប៊ុយ​ការ៉េស (Bucharest) ឆ្នាំ ២០០៨​ទាក់ទង​នឹង​សមាជិក​​ភាព​នាពេល​អនាគត​របស់​អ៊ុ​យក្រែន​”​។​

​នៅក្នុង​កិច្ចប្រជុំ​កំពូល​ឆ្នាំ ២០០៨ សមាជិក​ណា​តូ​បាន​ស្វាគមន៍​ចំពោះ​សេចក្តីប្រាថ្នា​របស់​អ៊ុយ​ក្រែ​ន​និង​ហ្ស​ក​ហ្ស៊ី​ក្នុង​ការចូលរួម​ប៉ុន្តែ​បាន​បដិសេធ​មិន​ផ្តល់​ពេលវេលា​ច្បាស់លាស់​សម្រាប់​ការចូល​​ជា​សមាជិក​របស់​ប្រទេស​ទាំង​ពីរ​។ សេចក្តីថ្លែងការណ៍​កាល​ពី​ថ្ងៃអាទិត្យ​ក៏​មិន​បាន​និយាយ​អំពី​ពេលវេលា​ចូល​ជា​សមាជិក​នោះដែរ​។​

​នៅពេល​សួរ​អំពី​ពាក្យ​សុំ​របស់​លោក​ហ្សេ​លេន​ស្គី​សម្រាប់​ការចូល​ជា​សមាជិក​អង្គការ​ណា​តូ​ឱ្យបាន​លឿន ទីប្រឹក្សា​សន្តិសុខ​ជាតិ​របស់​សេត​វិមាន​លោក ជែក ស៊ូ​លី​វ៉ាន់ (Jake Sullivan) បាន​និយាយថា ដំណើរការ​ដាក់​ពាក្យសុំ​នៅ​ទីក្រុង​ព្រុច​សែ​ល “​គួរតែ​ត្រូវ​ធ្វើឡើង​នៅតាម​ពេល​ផ្សេងៗ​គ្នា​”​។​

​អគ្គលេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក (Jens Stoltenberg) មិន​បាន​និយាយ​អ្វី​ទាំងអស់​នៅពេល​ត្រូវ​បាន​សួរ​អំពី​ការអំពាវនាវ​របស់​លោក​ហ្សេ​លេន​ស្គី​ដើម្បី​ចូល​ជា​សមាជិក​​ណា​តូ​។​

​លោក ឌី​មី​ទ្រី មេ​ត​វេ​ដេ​វ (Dmitry Medvedev) អនុប្រធាន​ក្រុមប្រឹក្សា​សន្តិសុខ​របស់​រុស្ស៊ី ដែល​ដឹកនាំ​ដោយ​ប្រធានាធិបតី វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ចម្អក​ចំណាត់ការ​នេះ ដោយ​និយាយ​ថា​សំណើ​របស់​​លោក​ហ្សេ​លេន​ស្គី គឺ​ស្មើនឹង “​ការ​អង្វ​រណា​តូ​ដើម្បី​ពន្លឿន​ការចាប់ផ្តើម​សង្គ្រាមលោ​ក​លើកទី ៣”៕

​ប្រធានាធិបតី​អ៊ុយ​ក្រែនលោក វ៉ូ​ឡូ​ឌី​មៀ ហ្សេ​លេន​ស្គី​បានធ្វើ​ចំណាត់ការ​ដ៏​គួរឱ្យភ្ញាក់ផ្អើល​មួយ​កាលពី​ថ្ងៃ​សុក្រ​ដើម្បី​ស្នើសុំ​សមាជិកភាព​ណា​តូ​យ៉ាង​ឆាប់​បំផុត​ដើម្បី​ជា​ការឆ្លើយតប​ទៅ​នឹង​ការ​កាត់​​យក​តំបន់​ចំនួន​បួន​របស់​អ៊ុយ​ក្រែន​ពី​សំណាក់​រុស្ស៊ី​