​ប្រែ​សម្រួលៈ​បំណង​(CNA)៖ ក្មេង​ចំនួន​១៧​នាក់​ស្ថិត​ចំណោម​មនុស្ស​ស្លាប់​យ៉ាង​តិច​១២៥​នាក់​ក្នុង​ការរត់​ជាន់​គ្នា​ក្រោយ​ការប្រកួត​បាល់ទាត់​មួយ​នៅ​ឥណ្ឌូនេស៊ី​កាលពី​យប់​ថ្ងៃ​សៅរ៍ នៅពេល​អាជ្ញាធរ​កាន់​​តែ​រង​សម្ពាធ​អោយ​ពន្យល់​ហេតុផល​នៃ​សោកនាដកម្ម​បាល់ទាត់​ដ៏​អាក្រក់​បំផុត​ក្នុង​លោក​មួយនេះ​។​

​កុមារា​១៧​នាក់​ស្ថិត​ចំណោម​អ្នក​ស្លាប់​១២៥​នាក់​ក្នុង​អំពើ​ហិង្សា​នៅ​កីឡាដ្ឋាន​កាន់​ជូ​រូហាន​កាលពី​យប់​ថ្ងៃ​សៅរ៍​

​ទីភ្នាក់ងារ​សារព័ត៌មាន​អង់​តា​រ៉ា​(Antara)​បាន​និយាយ​យោង​តាម​ក្រសួង​សិទ្ធិ​ស្ត្រី​និង​គាំពារ​កុមារ​ថា ក្មេងប្រុស​ស្ថិត​ចំណោម​កុមារ​ស្លាប់​១៧​នាក់​តែ​ចំនួន​អាច​កើន​ឡើង​ដោយសារ​កុមារ​ប្រាំពីរ​នាក់​​ទៀត​កំពុង​ត្រូវ​ព្យាបាល​របួស​។​

​ក្នុងពេល​ជាមួយគ្នា ប៉ូលិស​ឥណ្ឌូនេស៊ី​កំពុង​រង​ការរិះគន់​ដោ​សារ​មនុស្ស​ដល់​ទៅ​ជាង​១០០​នាក់​ស្លាប់​ដោយ​ការរត់​ជាន់​គ្នា​ក្រោយ​ប៉ូលិស​ចូល​បង្ក្រាប​ការប្រយុទ្ធ​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​បាល់ទាត់​ប្រជែង​គ្នា​ក្រោ​​យ​ការប្រកួត​ចប់​កាលពី​យប់​ថ្ងៃ​សៅរ៍​។​

​សោកនាដកម្ម​កាលពី​យប់​ថ្ងៃសៅរ៍​នៅ​ទីក្រុង​ម៉ាឡាង​(Malang)​ដែល​ក៏​បណ្តាលអោយ​របួស​មនុស្ស​៣២៣​នាក់​ផង​ដែរ ជា​មហន្តរាយ​នៅក្នុង​កីឡាដ្ឋាន​ដ៏​ផ្តាច់ផ្តិល​អាយុជីវិត​មនុស្ស​ច្រើន​បំផុត​មួយ​នៅក្នុង​​លោក​។​

​រំលឹកថា អ្នកគាំទ្រ​ក្រុមបាល់ទាត់​Arema FC​បាន​សំរុកចូល​ទីលាន​ប្រកួត​នៃ​កីឡាដ្ឋាន​កាន់​ជូ​រូហាន​(Kanjuruhan )​បន្ទាប់ពី​ក្រុម​របស់​គេ​ចាញ់​ក្រុម​ភ្ញៀវ​Persebaya Surabaya បី​ទល់​ពីរ​។​​មាន​ការប្រតាយប្រតប់​គ្នា​ជា​ច្រើន​ក្រុម​ហើយ​ប៉ូលិស​បាន​ពណ៌​នាវា​ថា​ជា​កុបកម្ម​ពេល​ខ្លួន​ចូលអន្តរាគមន៍ដោយព្យាយាម​អោយ​អ្នកគាំទ្រ​បាល់​ចេញពី​ទីលាន​ប្រកួត ហើយ​បាន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​ក្រោយ​ប៉ូលិស​ពីរ​នាក់​​ត្រូវបាន​សម្លាប់​និងរថយន្តប៉ូលិសជាច្រើនត្រូវបានបំផ្លាញ។​

​អ្នកទស្សនា​បាល់​រាប់​ម៉ឺន​នាក់​ដែល​មាន​ការភិតភ័យ​ពេល​ប៉ូលិស​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក បាន​សំរុក​ចេញ​តាម​ច្រក​ចេញ​មួយ​បណ្តាល​អោយ​ខ្លះ​ឈ្លួកផ្សែង​ដួល​និង​ត្រូវជាន់​ពីលើ​ដល់​ស្លាប់​។​អ្នក​នៅ​មាន​ជីវិត​​ពី​ហេតុការណ៍​នេះ​បាន​ពណ៌នា​អំពី​មនុស្ស​ភិតភ័យ​តក្កមា​នៅពេល​ឧស្ម័ន​ត្រូវ​បាន​បាញ់​លើ​ពួកគេ​។​

ប្រធានាធិបតី​ឥណ្ឌូនេស៊ី​បាន​បញ្ជា​អោយ​ស៊ើបអង្កេត​និង​ផ្អាករាល់ការប្រកួត​លី​ក​ដែល​នៅ​សេសសល់​ហើយណែនាំអោយចាត់វិធានការកុំអោយមានហេតុការណ៍ដូច្នេះកើតមានជាថ្មីក្នុងការប្រកួតក្រោយៗ។

​អភិបាលខេត្ត​ចា​វ៉ា​ខាងកើត​បានបញ្ជាក់​តួលេខ​ស្លាប់​ត្រឹម​១២៥​នាក់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ ដោយ​បញ្ចុះ​តួលេខ​ស្លាប់ផ្លូវការ​ដែល​ត្រូវបាន​ផ្សាយ​កាលពី​មុន​នោះ​ប៉ុន្មាន​ម៉ោង​ដែលយថា ជនរងគ្រោះ​ដល់​ជីវិត​មាន​​រហូតដល់​១៧៤​នាក់ ដោយសារតែ​រាប់​ជាន់គ្នា​៕

​ប៉ូលិស​បាន​និយាយថា​ខ្លួន​បាញ់​ឧស្ម័ន​ហៀរ​ទឹកភ្នែក​បន្ទាប់​ពី​អ្នកគាំទ្រ​ខ្លះ​ប្រព្រឹត្ត​កុបកម្ម​សម្លាប់​ប៉ូលិស​ពីរ​នាក់​ក្នុង​ទីលាន​ប្រកួត​