ដោយ: ពៅនិមល / ភ្នំពេញ៖ គិតចាប់ពីថ្ងៃទី០១ ដល់ទី១០ ខែតុលា ឆ្នាំ២០២២ នេះ តម្លៃប្រេងឥន្ធនៈ នៅកម្ពុជា បានបន្តធ្លាក់ថ្លៃថែមទៀត ក្នុងនោះ សម្រាប់ប្រេងសាំងធម្មតា ធ្លាក់ថ្លៃចំនួន ១០០ រៀល ខណៈប្រេងម៉ាស៊ូត ធ្លាក់ថ្លៃចំនួន ១៥០ រៀល ក្នុងមួយលីត្រ។

តាមការលើកឡើងរបស់ក្រសួងពាណិជ្ជកម្ម នៅព្រឹកថ្ងៃទី៣ ខែតុលា នេះ បានរៀបរាប់ ថាៈ ការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈ ក្នុងរយៈពេល ១០ ថ្ងៃនេះ សម្រាប់ប្រេងសាំង ធម្មតា កំណត់ត្រឹមតម្លៃ ៤.២៥០ រៀល និងប្រេងម៉ាស៊ូត ៤ .៧០០ រៀល ក្នុង១លីត្រ។
ប្រភពដដែល បានឲ្យដឹងទៀតថាៈ ផ្អែកតម្លៃមធ្យមប្រេងឥន្ធនៈលើទីផ្សារអន្តរជាតិ ក្នុងរយៈពេលដូចគ្នានេះ ត្រូវលក់ ៤.៥១៧ រៀល ក្នុង១លីត្រ សម្រាប់ប្រេងសំាងធម្មតា EA92 និង ៤.៩៦៧ រៀល ក្នុង១លីត្រ សម្រាប់ប្រេងម៉ាស៊ូត ។

ក្រសួងពាណិជ្ជកម្ម អះអាងបន្ថែមថា ដើម្បីជួយសម្រួលដល់ជីវភាពរបស់ប្រជាជន និង ដោយមានការរួមចំណែកពីក្រុមហ៊ុនចែកចាយប្រេងឥន្ធនៈនៅកម្ពុជា សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅតែបន្ត និងសម្រេចបញ្ចុះតម្លៃ លក់រាយប្រេងឥន្ធនៈនៅកម្ពុជាដដែល គឺចំនួន ៦,៥ សេនដុល្លារ ក្នុង១លីត្រ។ដោយឡែក ពាក់ព័ន្ធការកំណត់ថ្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា ក្រសួងបានឲ្យដឹង ទៀតថាៈ គ្រាន់តែស្រង់តម្លៃឡើង-ចុះ នៃប្រេងតាមទីផ្សារអន្តរជាតិ មកគណនា តាមប្រកាសដូចមានភ្ជាប់ក្នុងឯកសារប៉ុណ្ណោះ។

សូមជម្រាបជូនថា ការកំណត់តម្លៃលក់រាយប្រេងឥន្ធនៈនៅកម្ពុជា បើធៀបរយៈពេល ដូចគ្នា កាលពីដើមខែកញ្ញា កន្លងទៅ ប្រេងសាំងធម្មតា មានតម្លៃ ៤.៧០០ រៀល ក្នុង១លីត្រ។ ចំណែកប្រេងម៉ាស៊ូត ថ្លៃ ៥.៥០០ រៀល ក្នុង១លីត្រ៕ V / N