ដោយ៖តារារិទ្ធ / ភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃ ព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី ៣ ខែតុលា ឆ្នាំ២០២២ នេះ បានអះអាងថាៈ ការប្រកាសផ្ដល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ នៅភូមិរុនតាឯក ឃុំរុនតាឯក ស្រុកបន្ទាយស្រី ខេត្តសៀមរាប មិនខុសជាមួយច្បាប់បោះឆ្នោតនោះឡើយ។ សម្តេចថ្លែងថា៖ ក្នុងឋានៈជា នាយករដ្ឋមន្ដ្រី​ សម្ដេចមានសិទ្ធិដាក់ចេញនូវ បទបញ្ជា​និងអនុវត្តនយោបាយផ្ដល់បណ្ណក្រីក្រ ជូនប្រជាពលរដ្ឋ មិនមានអ្វីទាស់ ខុសនោះទេ។

សម្តេច​តេ​ជោ ហ៊ុន សែន បាន​ថ្លែង​បែបនេះ ក្នុងឱកាស​អញ្ជើញ​ចែក​សញ្ញាបត្រ ដល់​និស្សិត​វិទ្យាស្ថាន​វ៉ាន់ដា ចំនួន ៣ ៨៥៣ នាក់ នៅ​សាលសន្និសីទ និង​ពិព័រណ៍​អន្តរជាតិ ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។​

​សម្តេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​ថ្លែងថា​៖ មាន​មនុស្ស​មួយចំនួន​តូច បាន​លើកឡើងថា ការផ្ដល់​បណ្ណ​ក្រីក្រ​ជូន​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រចិត្ត ចាក​ចេញពី​តំបន់​ប្រាសាទ​អង្គរ មក​តាំង​ទីលំនៅ​ថ្មី នៅ​ភូមិ​រុន​តា​ឯក ប្រៀបដូចជា​ការឃោសនា​បោះឆ្នោត មុន​រយៈពេល​កំណត់ ដែល​ផ្ទុយ​នឹង​ច្បាប់​។​

​សម្ដេច​តេ​ជោ នាយករដ្ឋមន្ត្រី បាន​មានប្រសាសន៍ថាៈ «​គេ​ចោទ​ខ្ញុំ​ថា លោក ហ៊ុន សែន យក​បណ្ណ​ក្រីក្រ ធ្វើការ​ឃោសនា បោះឆ្នោត មុន​កាលកំណត់​។ ខ្ញុំ​សូមបញ្ជាក់​ទៅវិញ ក្នុងឋានៈ​ខ្ញុំ ជា​នាយករដ្ឋមន្ដ្រី ដែល​ដាក់ចេញ​នូវ​បទបញ្ជា និង​អនុវត្ត នយោបាយ​នៃ ការដាក់​បណ្ណ​ក្រីក្រ ខ្ញុំ​មាន​សិទ្ធិ​និយាយ​»​។​

​សម្ដេច​តេ​ជោ ហ៊ុន សែន បាន​បន្ដទៀតថា​៖ «​ផ្ទុយ​ពីស​ម្ដេច​ដែលមាន​សិទ្ធិ​គ្រប់គ្រាន់ ក្នុងការ​និយាយ​ដាក់​ក្បាល​មេក្រូ​នោះ ក្រុម​អ្នក​ដែល​រិះគន់​សម្ដេច​ទៅ វិញ​ទេ ដែល​តែងតែ​ដើរ ខ្សិ​ប​ដើរ​និយាយ​ស្ងាត់ៗ ជាមួយ​ប្រជាពលរដ្ឋ សន្យា​បែបនេះ សន្យា​បែប​នោះ រហូតដល់​សន្យាថា បើ​ក្រុម​គេ​ឈ្នះ ឱ្យធ្វើ​មេឃុំ គេ​មិន​តម្រូវ​ឲ្យ​សងលុយ​ធនាគារ​ជាដើម ។ ដែល​សម្ដេច​ថា អ្នក​ដែល​និយាយ​បែបនេះ ជា​មុខសញ្ញា​ដែល​ធនាគារ ត្រូវ​រឹបអូស​ទ្រព្យ ព្រោះ​អ្នកនោះ បាន​ខ្ចីលុយ​ពី​ធនាគារ​គេ​។​»

​គួរ​រំលឹក​ជូន​ថា ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុង​ពិធី​សំណេះសំណាល​ជាមួយ​ប្រជាពលរដ្ឋ ដែល​ស្ម័គ្រ​ចាក​ចេញពី តំបន់​អង្គរ និង​តំបន់​ដែល​គ្រប់គ្រង ដោយ​អាជ្ញាធរ​ជាតិ​អប្សរា ទៅ​រស់នៅ ក្នុងភូមិ​រុន​តា​ឯក ទាំងអស់ និង​ទទួលបាន​បណ្ណ​ក្រីក្រ ប្រភេទ​១ ទាំងអស់ ដោយ​មិនចាំបាច់​គិតពី​ស្ថានភាព​ជីវភាព ហើយ​ដែល​បណ្ណ​នេះ មាន​សុពលភាព រយៈពេល ១០​ឆ្នាំ ។ ចំណូល ដែល​ទទួលបាន​ពី​បណ្ណ​ក្រីក្រ ប្រភេទ​១ នឹង​ក្លាយជា​ផ្នែក​មួយ ជួយ​គាំទ្រ​ដល់​ការលំបាក​របស់​ប្រជាពលរដ្ឋ ដែល​មក​តាំងទី លំនៅ​ថ្មី បាន​មួយកម្រិត ៕/V​