ដោយៈ វ៉ៃកូ / ស្វាយរៀងៈ លោក ប៉េង ពោធិ៍សា អភិបាលរងខេត្តស្វាយរៀង តំណាងលោក ម៉ែន​ វិបុល​ អភិបាលខេត្ត នាថ្ងៃចន្ទ ទី៣ ខែតុលា ឆ្នាំ២០២២ នេះ បានអញ្ជេីញជាអធិបតី ក្នុងពិធីប្រកាសចូលកាន់មុខតំណែង អភិបាលរង នៃគណៈអភិបាល ក្រុងស្វាយរៀង ចំនួន ២ រូប រួមមាន លោក ឃុន រតនា ឋានរស័ក្កិគ្រូបង្រៀន កម្រិតឧត្តមដេីមខ្សែថ្នាក់លេខ២​ នៃក្របខ័ណ្ឌគ្រូបង្រៀនកម្រិតឧត្តម ក្រសួងអប់រំ យុវជន និងកីឡា និងលោក ហេង សៅខេមរា ឋានន្តរសក្កិអភិបាល ថ្នាក់លេខ១​ នៃក្របខ័ណ្ឌមន្ត្រីរាជការ នៃក្រុមនីតិបញ្ញត្តិ ។

នាឱកាសនោះ លោក ប៉េង ពោធិ៍សា បានជំរុញឲ្យអភិបាលរងក្រុង ដែលទើបតែងតាំង និងមន្ត្រី រាជការក្នុងរចនាសម្ព័ន្ធ រដ្ឋបាលសាលាក្រុងទាំងអស់ ត្រូវយកចិត្តទុកដាក់ អនុវត្តនូវកិច្ចការសំខាន់ៗ មួយចំនួន ដូចជាៈ
១.ត្រូវចូលរួមសហការពង្រឹងការសាមគ្គីភាព ឯកភាពផ្ទៃក្នុង និងពង្រឹងរបៀបរបប ធ្វើការងារ ទំនាក់ទំនងការងារឱ្យបានល្អ នៅក្នុងក្រុមប្រឹក្សា គណៈអភិបាលក្រុង មន្ត្រីរាជការ និងកម្លាំងសមត្ថកិច្ចគ្រប់ប្រភេទ ដោយឈរលើមូលដ្ឋាន នៃការលើកកម្ពស់ ប្រសិទ្ធភាពការងារ និងធានានិរន្តភាពការងារ រដ្ឋបាលក្រុង ឱ្យកាន់តែមានភាពល្អ ប្រសើរ។

២.ត្រូវចូលរួមបង្កើនកិច្ចសហការ ក្នុងចំណោមអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធក្នុងការ ថែរក្សា ពង្រឹងសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ ផ្សព្វផ្សាយច្បាប់ចរាចរណ៍ ការបង្ការទប់ស្កាត់ និងបង្រ្កាបបទល្មើសនានា ដូចជា ការជួញដូរ ការប្រើប្រាស់គ្រឿងញៀន ក្មេងទំនើង និងការលេងល្បែងស៊ីសងខុសច្បាប់ គ្រប់ប្រភេទ ដែលកើតមានឡើង ក្នុងដែនសមត្ថកិច្ចរបស់ខ្លួន តាមរយៈការបន្តជំរុញ និងបំផុលចលនា ឱ្យមានការចូលរួមអនុវត្តគោលនយោបាយ ភូមិ ឃុំ សង្កាត់មាន សុវត្ថិភាព ឱ្យបានតឹងរឹង និងម៉ឺងម៉ាត់។

៣.ត្រូវចូលរួមសហការជួយការងាររដ្ឋបាលក្រុង គណៈអភិបាលក្រុង ឱ្យបានល្អ ពិសេសមានការគិតគូរ ពីផលប្រយោជន៍ជាតិ និងប្រជាជនជាធំ និងចូលរួមលើកកម្ពស់ ការផ្ដល់សេវាសាធារណៈ ទាំងសេវាតម្រូវការ និងសេវាសំណូមពរ ជូនប្រជាពលរដ្ឋ ឱ្យបានល្អប្រសើរ និងមានប្រសិទ្ធភាព។

៤.រដ្ឋបាលក្រុង ត្រូវយកចិត្តទុកក្នុងការបន្តអនុវត្តវិធានការ ដើម្បីប្រយុទ្ធនឹងជំងឺ កូវីដ ១៩ (៣ការពារ ៣កុំ) និងការដោះស្រាយផលប៉ះពាល់ ដែលបណ្តាលមកពីវិបត្តិនៃជំងឺនេះ និងត្រូវជំរុញដឹកនាំការងារចាក់វ៉ាក់សាំង ឱ្យកាន់តែសកម្មថែមទៀត ទាំងដូសមូលដ្ឋាន និងដូសជំរុញ (ទី៣ ទី៤ និងទី៥) ។

៥. រដ្ឋបាលក្រុង ត្រូវជួយគាំទ្រដល់រដ្ឋបាលសង្កាត់ ក្នុងការរៀបចំយន្តការច្រកចេញចូល តែមួយ ដើម្បីបង្កលក្ខណៈងាយស្រួល ជូនដល់ប្រជាពលរដ្ឋ ពេលមកស្នើសុំ និងទទួលសេវា ស្របតាមសេចក្តីណែនាំលេខ ០១៨ ដែលនៅថ្នាក់ឃុំ សង្កាត់ ដែលមានតួអង្គស្នូល ចំនួន៥ ជាអ្នកបម្រើសេវាសាធារណៈជូនប្រជាពលរដ្ឋ៕ V / N