ដោយៈ ជា សីហៈ/ភ្នំពេញៈ តបតាមការអញ្ជើញពីអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កំពុងតែបានដឹកនាំគណ:ប្រតិភូក្រសួង អញ្ជើញទៅចូលរួមក្នុងវេទិកាអន្តរជាតិស្តីពី “សុវត្ថិភាពម្ហូបអាហារ” និង ពិភាក្សាការងារកសិកម្មនៅអឺរ៉ុប ។​

លោកបានឲ្យដឹងថា  នាឱកាសនេះ លោក និងសហការីក៏នឹងមានកិច្ចប្រជុំទ្វេភាគីជាមួយអគ្គនាយកអង្គការ អង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិ និងដៃគូអភិវឌ្ឍន៍ពាក់ព័ន្ធមួយចំនួនទៀត ចាប់ពីថ្ងៃទី០២ ដល់ថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ នៅប្រទេសអូទ្រីស និងប្រទេសប៉ែលហ្សិច។ 

លោកបានអះអាងថា នៅថ្ងៃនេះលោកបានអញ្ជើញចូលរួមក្នុងវេទិកាស្តីពី “សុវត្ថិភាពចំណីអាហារ”ជាមួយនឹងនឹងការសុន្ទរកថាមួយទៅកាន់វេទិកានេះ ហើយ នឹងប្រជុំពិភាក្សាការងារជាមួយ​ លោក ហ្គឺត មូល័ ( Gerd Muller) អគ្គនាយកអង្គការអភិវឌ្ឍន៍ឧស្សាហកម្មសហប្រជាជាតិនិងក្រុមការងារជំនាញ ដោយ ភាគីកម្ពុជានឹងលើកយកប្រធានបទសំខាន់ៗចំនួនពីរមកពិភាក្សាគឺ ទី១ អាទិភាពចម្បងក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធប្រកបដោយគុណភាព និងសុវត្ថិភាពចំណីអាហារនៅកម្ពុជា ជាពិសេសការកែច្នៃផលិតផលជលផល និង ទី២ កាលានុវត្តភាពសម្រាប់ការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងអង្គការ UNIDO នាពេលអនាគត។

នាឱកាសនោះ លោករដ្ឋមន្រ្តីក៏នឹងជួបអ្នកជំនាញការផ្សេងៗដោយរួមទាំងមន្រ្តីទទួលបន្ទុកនាយកដ្ឋាន អភិវឌ្ឈន៍ប្រកបដោយនិរន្តភាព ច្នៃប្រឌិត និង ការកែប្រែសេដ្ឋកិច្ច ( SDG Innovation and Economic Transformation), នាយកផ្នែកអភិវឌ្ឍន៍កសិ-ពាណិជ្ជកម្ម និងហេដ្ឋារចនាសម្ព័ន្ធ, នាយកផ្នែកសុវត្ថិភាពម្ហូប អាហារ និងប្រព័ន្ធម្ហូបអាហារ និងក្រុមជំនាញមួយចំនួនទៀត។ 

បន្ទាប់មក នៅ ថ្ងៃទី០៥ តុលា ឆ្នាំ២០២២ លោកបានបន្តដំណើរចេញពីទីក្រុង Vienna ទៅកាន់ទីក្រុង Brussel ដើម្បីប្រជុំពិភាក្សាការងារបច្ចេកទេសស្តីពី ” ការនេសាទខុសច្បាប់ គ្មានការ អនុញ្ញាត និងគ្មានរបាយការណ៍ (Illegal, Unreported or Unregulated Fishing, IUU” ជាមួយអគ្គនាយកដ្ឋានកិច្ចការសមុទ្រ និងនេសាទ (DG MARE) រួចហើយនឹង បន្តដំណើរទៅទស្សនាកំពង់ផែក្នុងក្រុងប៊្រុសសែល និងសហគ្រាសកែច្នៃអាហារ/ផលនេសាទជាដើម ៕/PC