​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ លោក អា​ឡាំង រ៉ូបឺត (Alain Robert) ជា​អ្នក​ឡើង​តោង​អគារ​ខ្ពស់​ដោយ​សេរី ដែល​គេ​ប្រសិទ្ធ​នាម​ថា “​បុរស​ពីងពាង​បារាំង​”​បាន​ឡើង​តោង​អគារ​ខ្ពស់​មួយ​​របស់​ក្រុង​បា​សេ​ឡូ​ណា​កាលពី​ថ្ងៃ​សៅរ៍​ដោយ​គ្មាន​ខ្សែ​ចង​ការពារ​។ ហើយ​ជា​លើកដំបូង​មិន​ធ្លាប់មាន អ្នកប្រថុយ​គ្រោះថ្នាក់​ដ៏​ល្បីល្បាញ​នេះ​ត្រូវបាន​ចូលរួម​ដោយ​កូនប្រុស​របស់​គាត់​។​

​លោក​រ៉ូបឺត​បាន​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ ខណៈ​កំពុង​ត្រៀម​តោង​អគារ ថា “​លើក​នេះ​គឺ​ខុស​គ្នា​។ កូនប្រុស​របស់​ខ្ញុំ​មិនមែន​ជា​អ្នក​ឡើង​តោង​អគារ​ទេ ដូច្នេះ​ខ្ញុំ​មាន​អារម្មណ៍​ថា​មាន​ទំនួល​​ខុស​ត្រូវ​”​។​

“​ខ្ញុំ​ដឹង​ថា​រូបគេ​ជា​ក្មេងប្រុស​ធំ​អាយុ ៣៤ ឆ្នាំ​។ វា​ជា​ការសម្រេចចិត្ត​របស់​គេ ប៉ុន្តែ​នៅ​ទីបញ្ចប់​ខ្ញុំ​នៅតែ​ជា​ឪពុក​របស់​គេ​”​។​

​អ្នក​ឈរ​មើល​និង​ប៉ូលិស​អេ​ស្ប៉ាញ​បាន​សម្លឹង​មើល ខណៈ​បុរស​អាយុ ៦០ ឆ្នាំ​និង​កូនប្រុស​របស់​គាត់​ឈ្មោះ ជូ​លៀន (Julien) បាន​ឡើង​តោង​អគារ Torre Glories កម្ពស់ ១៤៤ ម៉ែត្រ ជា​អគារ​ការិយាល័យ​គ្របដណ្តប់​ដោយ​កញ្ចក់​ដែល​រចនា​ដោយ​ស្ថាបត្យក​រ ហ្ស​ង់ នូវែល (Jean Nouvel) និង​ល្បីល្បាញ​ដោយសារ​ការបំភ្លឺ​ភ្លើង​នៅពេល​យប់​។​

​ជូ​លៀន​បាន​ប្រាប់​រ៉​យ​ទ័រមុន​ពេល​ពួកគេ​ចាប់ផ្តើម​ឡើង​តោង​អគា​រថា “​ខ្ញុំ​មាន​អារម្មណ៍​តានតឹង​ខ្លាំងណាស់​។ ខ្ញុំ​មិនដែល​ភ័យខ្លាច​ខ្លាំង​នៅក្នុង​ជីវិត​របស់​ខ្ញុំ​ទេ​”​។​

“​ខ្ញុំ​បាន​ធ្វើ​រឿង​ដ៏​គួរឱ្យខ្លាច​ក្នុង​ជីវិត ប៉ុន្តែ​នេះ​គឺ​…​ខ្ញុំ​មិនដែល​ខ្លាច​ខ្លាំង​ដូច្នេះ​ទេ​សម្រាប់​ជីវិត​ខ្ញុំ​។ សំណាង​ហើយ​ដែល​ខ្ញុំ​មាន​ឪពុក​របស់​ខ្ញុំ នឹង​និយាយ​ជាមួយ​ខ្ញុំ នឹង​ណែនាំ​ខ្ញុំ​”​។​

​អ្នក​ទាំង​ពីរ​បាន​ឡើង​ដល់​កំពូល​អគារ​ក្នុងពេល​មិន​ដល់​មួយ​ម៉ោង ហើយ​ត្រូវបាន​ប៉ូលិស​រង់ចាំ​នៅលើ​ដំបូល​អមដំណើរ​ចុះ​ក្រោម​វិញ និង​មិន​បាន​ចាប់ខ្លួន​ពួកគេ​ទេ​៕

លោក អា​ឡាំង រ៉ូបឺត និង​លោក​ជូ​លៀន ឡើង​តោង​អគារ Torre Glories ក្នុង​ទីក្រុង​បា​សេ​ឡូ​ណា​កាលពី​ថ្ងៃ​សៅរ៍​

​កាលពី​ខែ​មីនា ឆ្នាំ​២០២០ លោក អា​ឡាំង រ៉ូបឺត ក៏​បាន​ឡើង​អាគារ​នៅ​ក្រុង​បា​សេ​ឡូ​ណា​នេះ តែ​គាត់​ឡើង​តែ​ឯង​