ដោយ៖តារារិទ្ធ(ភ្នំពេញ)សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា៖ចំណូលពន្ធផ្ទៃក្នុង(ពន្ធដារ) មានការកើនឡើងគួរឲ្យកត់សម្គាល់ដោយយ៉ាងតិចណាស់ក្នុង១ខែ កម្ពុជាអាចទទួលបាន២៥០លានដុល្លារអាមេរិកហើយគិតរយៈពេល ៩ ខែឆ្នាំ២០២២ នេះ ចំណូលពន្ធដារសម្រេច៩៥ភាគរយនៃផែនការដែលស្មើនឹងជិត៣ពាន់លានដុល្លារអាមេរិក។សម្តេចតេជោលើកឡើងថាដោយសារតែការរីកចម្រើននៃវិស័យឯកជនក្នុងស្រុកទើបការប្រមូលពន្ធមានការកើនឡើង ។ នៅពេលប្រទេសមានការអភិវឌ្ឍវិស័យឯកជនក្នុងស្រុករីកចម្រើននោះចំណូលពន្ធគយនឹងធ្លាក់ចុះជាបណ្តើរៗហើយចំណូលពន្ធផ្ទៃក្នុងនឹងរីកធំឡើង។

សម្តេចតេជោនាយករដ្ឋមន្រ្តីបានថ្លែងបែបនេះនៅក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតវិទ្យាស្ថានវ៉ាន់ដាជិត៤ពាន់នាក់ នាព្រឹកថ្ងៃទី៣ខែតុលា ឆ្នាំ២០២២ នេះ សម្តេចតេជោថ្លែង ថា៖ការធ្លាក់ចុះនៃពន្ធគយដោយសារកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មក្នុងតំបន់ និង ពាណិជ្ជកម្មសេរីទ្វេភាគីជាដើមដែលធ្វើឲ្យការធ្វើពាណិជ្ជកម្មមិនមានរបាំងពន្ធគយ។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «តួនាទីវិស័យឯកជនសំខាន់ណាស់សម្រាប់យើងបើវិស័យឯកជនមិនរីកចម្រើនទេបានសេចក្តីថាយើងចប់!ខ្ញុំគ្រាន់តែលើកបង្ហាញ តួលេខបន្តិចពីមុនកូវីដគឺប្រាក់ចំណូលរបស់យើងលើស ប៉ុន្តែក្រោយកូវីដឥឡូវនេះគ្រាន់តែពន្ធផ្ទៃក្នុងរបស់យើង[ពន្ធដារ]ដោយមិនគិតអំពីពន្ធគយទេហើយក៏មិនគិតអំពីចំណូលមិនមែនសារពើពន្ធដែរដែលឥឡូវនេះចាប់ផ្តើមរីកកាន់តែធំឡើងវិញក៏១ខែយើងទទួលបាន២៥០លានដុល្លារយ៉ាងតិច» ។​

សម្តេចបន្ថែមទៀតថា «ជាធម្មតាប្រទេសដែលមានការអភិវឌ្ឍន៍ពន្ធគយចេះតែធ្លាក់ចុះ ពន្ធផ្ទៃក្នុងចេះតែកើនឡើងវាជាក្រឹតក្រម។ ពន្ធគយត្រូវតែធ្លាក់ យើងស្ថិតនៅក្នុងក្រ បខណ្ឌតំបន់ពាណិជ្ជកម្មសេរីរវាងអាស៊ានយើងមានកិច្ចព្រមព្រៀងភាពជាដៃគូគ្រប់ជ្រុងជ្រោយសេដ្ឋកិច្ចក្នុងតំបន់ (អសិប)បន្ថែម លើនោះយើងយើងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដោយឡែកជាមួយចិននិងកូរ៉េខាងត្បូងដែលការនាំចេញនាំចូលទៅវិញទៅមកគឺអត់មានការបង់ពន្ធអីចឹងពន្ធគយត្រូវកាត់បន្ថយជាបណ្តើរៗប៉ុន្តែចំណូលផ្ទៃក្នុងត្រូវតែបានកើន ។ចំណូលពន្ធផ្ទៃក្នុងគិតត្រឹមតែរយៈពេល៩ខែ យើងសម្រេចបាន៩៥ភាគរយ រួចមកហើយដែលមានទំហំទឹកប្រាក់ប្រមាណជាជិត៣ពាន់លានដុល្លារ»។

សម្តេចតេជោបានបន្តថាតួនាទីរបស់វិស័យឯកជនមានសារសំខាន់ណាស់រាជរដ្ឋាភិបាលបានចាត់ទុកវិស័យឯកជនជាក្បាលម៉ាស៊ីនរថភ្លើងនៃកំណើនសេដ្ឋ កិច្ចជាតិដែលបានដោះស្រាយបញ្ហាការងារធ្វើជូនប្រជាជនផងនិងក៏បានបង់ពន្ធដែលជាផ្នែកដ៏សំខាន់ជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យងើបឡើង។ រាជរដ្ឋាភិបាលត្រូវតែពង្រឹងវិស័យឯកជនក្នុង ស្រុកដើម្បីឲ្យមានអ្នករកស៊ីកាន់តែច្រើន អ្នកមានកាន់តែច្រើន ដើម្បីជួយដល់ប្រទេសជាតិ ។

សម្តេចតេជោមានប្រសាសន៍ថាអ្នកខ្លះនិយាយថាការរីកចម្រើនរបស់ក្រុមហ៊ុនខ្លួនឯង វាជាផលប្រយោជន៍របស់ឯកជន ។ ត្រូវអ្នកនិយាយត្រូវ។ប៉ុន្តែអ្នកមិនត្រូវភ្លេចនៅចំណង ទាក់ទងរបស់វា។ រវាងវិស័យឯកជនជាមួយនឹងសង្គមនោះទេ។វិស័យឯកជនរីកធំធាត់កាល ណាគឺវាជួយដោះស្រាយបញ្ហាសម្រាប់សេដ្ឋកិច្ចរបស់ប្រទេសតាមរយៈការដោះស្រាយ ការងារធ្វើនិងតាមរយៈនៃការបង់ពន្ធ ។សម្តេចតេជោបន្តថាវិស័យឯកជនកាន់តែខ្លាំងការបង់ពន្ធកាន់ តែច្រើន ។ ហើយការដែលបានប្រាក់ពីការបង់ពន្ធនោះយើងមានលទ្ធ ភាពយកទៅវិនិយោគ។ធ្វើផ្លូវធ្វើប្រឡាយទឹកធ្វើសាលារៀនធ្វើមន្ទីរពេទ្យតម្លើងបៀវត្សឲ្យមន្ត្រីរាជការរបស់យើង ។

សម្តេចតេជោ ហ៊ុន សែន បានបន្តទៀតថា៖«អ្នកខ្លះយកវិស័យឯកជនធ្វើជាសត្រូវខ្ញុំគួរតែបញ្ជាក់ ខ្ញុំធ្លាប់ស្រាវជ្រាវដើម្បីធ្វើនិក្ខេទបទបណ្ឌិតវិទ្យាសាស្រ្តនយោបាយ ខ្ញុំបានប្រទះ នូវគោលនយោបាយសេដ្ឋកិច្ចថ្មីរបស់លេនីន តាំងពីឆ្នាំ ១៩២១ រហូតមកដល់ពេលនេះមានរយៈពេល ១០១ ឆ្នាំ ។ ប៉ុន្តែពេលដែលខ្ញុំកំពុងស្រាវជ្រាវនៅចុងឆ្នាំ ១៩៨៩និងដើមឆ្នាំ ១៩៩០ខ្ញុំបានពិនិត្យឃើញ ឡេនីន សរសេរពាក់ព័ន្ធនឹងចំណុចថានៅពេលដែលនាយទុនរីកចម្រើនគឺវាបានផ្ដល់ភាពអនុគ្រោះ ។ប៉ុន្តែនៅពេលដែលវណ្ណៈនាយទុនមិនរីកចម្រើន គឺកម្មករជួបការលំបាក មានន័យថាបើមិនមានថៅកែទេគឺក៏គ្មានកម្មករដែរ ។ វណ្ណៈកម្មករចេញមកពីការវិនិយោគ នាយទន់វិនិយោគបង្កើតជារោងចក្រទើបកម្មករមានការ ងារធ្វើ។ប៉ុន្តែអ្នកធ្វើក្រោយៗមកទៀតគឺធ្វើបំពានលើទ្រឹស្ដីរបស់លេនីន ហើយនិយាយថាទ្រឹស្តីរបស់លេនីនមិនត្រឹមត្រូវ ។ ប៉ុន្តែអ្នកដែលមិនត្រឹមត្រូវមិនមែនលេនីនទេគឺអ្នកដែល យកទ្រឹស្ដីលេនីនមកអនុវត្តមិនត្រឹមត្រូវ ។ លេនីនមិនសម្លាប់នាយទន់ទេ ផ្ទុយទៅវិញទ្រឹស្ដីនៃការស្រាវជ្រាវនោះបង្ហាញថា សូម្បីតែមេដឹកនាំកុម្មុយនីស្តមួយដែលជាកុម្មុយនិស្តដំបូងនៅទទួលស្គាល់តួនាទីរបស់នាយទុន។ហើយបើទទួលស្គាល់តួនាទីរបស់នាយទុន គឺច្បាស់ជាទទួលស្គាល់តួនាទីរបស់វិស័យឯកជនហើយ។»

សម្តេចតេជោបានលើកឡើងថា៖«ចំណុចនេះអ្នកខ្លះគេអាចថាខ្ញុំជាកុម្មុយនីស្តហើយ ប៉ុន្តែនិយាយត្រូវ ខ្ញុំរៀនទាំងអស់ ទាំងមូលធនក៏ខ្ញុំរៀន ទាំងកម្មុយ នីស្តក៏ខ្ញុំរៀន សេដ្ឋកិច្ច ផែនការក៏ខ្ញុំរៀន ខ្ញុំចង់ដឹងថាសេដ្ឋកិច្ចផែនការវាធ្វើបែបណា សេដ្ឋកិច្ចទីផ្សារវាធ្វើបែបណា ដែលខ្ញុំបានដឹកនាំកែទម្រង់សេដ្ឋកិច្ចកម្ពុជាដែលដំបូងបំផុតគ្មានអ្វីទាំងអស់។ បើ និយាយពីវិស័យកសិកម្មយើងត្រូវចាប់ផ្ដើមពីការធ្វើរួមហើយចែកផលគ្នាហៅថាក្រុមសាមគ្គី។តែក្រោយមកខ្ញុំបានជំរុញធ្វើកំណែទម្រង់ដីធ្លីតែម្ដងដោយបែងចែកដីជូនដល់ប្រជា ជនធ្វើជាកម្មសិទ្ធិ ។ កែទម្រង់ក្នុងវិស័យឧស្សាហកម្មដោយផ្ដល់ឲ្យឯកជនទិញយក រោងចក្រឬជួលយករោងចក្រទៅធ្វើតែម្ដង ។ រដ្ឋចាំតែយកពន្ធ ។ »

សម្តេចតេជោបន្តថា៖«យើងប្រើរយៈពេល ៦ឆ្នាំដើម្បីកែទម្រង់សេដ្ឋកិច្ចរបស់យើងទើបដើរដល់សេដ្ឋកិច្ចទីផ្សារ ។ ពេលនោះរហូតមកដល់ពេលនេះរយៈពេល ៣០ ឆ្នាំប្លាយយើង កំពុងតែធ្វើសុក្រឹតកម្មបន្តធ្វើសុគ្រឹត្តិកម្មសេដ្ឋកិច្ចទីផ្សារ ។ មានន័យថាមកដល់ពេលនេះ យើងអត់ទាន់បានដើរដល់ទីបញ្ចប់នៃការកែទម្រង់វិស័យសេដ្ឋកិច្ចនៅឡើយទេយើង នៅខ្វះលិខិតបទដ្ឋានមួយចំនួនដែលយើងជំពាក់អង្គការពាណិជ្ជកម្មពិភពលោក។យើងចូលជាសមាជិកអង្គការពាណិជ្ជកម្មតាំងពីឆ្នាំ២០០៤ម៉្លេះ។យើងចូលមុនវៀតណាមចូល មុនសូវៀតទៅទៀត តែយើងនៅខ្វះលិខិតបទដ្ឋានមួយចំនួនទៀត ។យើងនៅមានចំណុច ខ្វះខាតមួយចំនួនដែលត្រូវធ្វើការកែលម្អនៅក្នុងសេដ្ឋកិច្ចរបស់យើងបន្តទៀត ។»៕