ដោយៈប.ខុន/ភ្នំពេញៈជ្រលងសម្ពាធខ្ពស់រុញមកពីអាស៊ីខាងកើតជាមួយនឹងខ្យល់មូសុងឦសានដែលបានមកដល់នៅក្នុងសប្តាហ៍នេះ វាមិនមែនជាសញ្ញាមកដល់នៃរដូវរំហើយនៅឡើយទេ ផ្ទុយទៅវិញភ្លៀងរដូវវស្សាឆ្នាំ២០២២នេះអាចនៅមានរហូតដល់ខែធ្នូ ដោយសារឥទ្ធិពលនៃបាតុភូតឡានីណាមាននៅដល់កម្រិត៦៥ភាគរយពីពេលនេះរហូតដល់ដំណាច់ខែ ធ្នូ។

លោក ចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣ខែតុលាឆ្នាំ២០២២ថា ពេលនេះខ្យល់ចាប់ផ្តើមរុញមកពីភាគឦសានហើយ តែវាមិនមែនជាសញ្ញាមកដល់នៃរដូវរំហើយនៅឡើយទេ។ លោកបានបន្តថា ជ្រលងសម្ពាធខ្ពស់ពេលនេះបានរុញចុះមកពីអាស៊ីខាងកើត ជាមួយនឹងខ្យល់មូសុងឦសានដែលមើលទៅវាដូចជាខ្យល់រដូវរំហើយមកដល់។ អ្នកនាំពាក្យក្រសួងជំនាញខាងលើនិយាយឱ្យដឹងទៀតថាខ្យល់ធ្លាក់មកពីភាគឦសាននេះអាចនឹងអស់ទៅវិញនៅពាក់កណ្តាលខែតុលាហើយត្រូវបានជំនួសដោយ ការធ្លាក់ភ្លៀងច្រើនជាថ្មី ដោយសារប្រព័ន្ធសម្ពាធទាបអូសកាត់ពីលើតំបន់អាងទន្លេមេគង្គរហូតទៅដល់តំបន់មីនដាណាវភាគខាងត្រូងប្រទេសហ្វីលីពីននិងការមកដល់នៃសម្ពាធ ទាបជាច្រើនរំកឹលចុះមកពីលើភាគខាងត្បូងនៃប្រទេសចិន ធ្វើឱ្យមានភ្លៀងភាគច្រើនកើតមាននៅពេលល្ងាចនិងយប់។ លោក ចាន់ យុត្ថា បញ្ជាក់ថា ភ្លៀងរដូវវស្សាឆ្នាំនេះអាចអូសបន្លាយរហូតដល់ខែធ្នូ ដោយសារពីដើមខែតុលានេះដល់ចុងខែធ្នូឥទ្ធិពលឡានីណា នៅមានកម្រិតរហូត៦៥ភាគរយ។ ក្រៅពីនៅមានភ្លៀងច្រើន អាកាសធាតុនៅក្នុងរដូវរំហើយខាងមុខក៏អាចនឹងចុះត្រជាក់ខ្លាំងដែរ៕