ដោយ៖ ដេប៉ូ/ភ្នំពេញ៖ ក្រសួងបរិស្ថាន និង ដៃគូបានធ្វើការ ផ្សព្វផ្សាយអំពីប្រកាសស្តីពីការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំក្នុងការ អនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចដែលមានទំហំផ្ទៃដីក្រោម ១០ ហិកតា ស្ថិតនៅក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ។

គួរបញ្ជាក់ ការផ្សព្វផ្សាយ និង ដាក់ឱ្យប្រើប្រាស់គម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចនេះបានធ្វើឡើងក្នុងសិក្ខាសាលានាព្រឹកថ្ងៃទី ០៣ ខែ តុលា ឆ្នាំ ២០២២នាទីស្តីក្រសួងបរិស្ថាន ដែល មានគោលបំណងដើម្បីផ្សព្វផ្សាយការយល់ដឹងអំពីប្រកាសឱ្យបានទូលំទូលាយដល់គ្រប់ភាគីពាក់ព័ន្ធ ជាពិសេសវិស័យឯកជនដែលទទួលបានការអនុញ្ញាតពីក្រសួងបរិស្ថានឱ្យអនុវត្តគម្រោងអភិវឌ្ឍន៍ទេសចរណ៍ផ្សារភ្ជាប់នឹងធម្មជាតិខ្នាតតូចក្នុងតំបន់ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ អាចបន្តនីតិវិធីតាមគោលការណ៍ណែនាំ។

លោក រ័ត្ន វិរៈ រដ្ឋលេខាធិការក្រសួងបរិស្ថានបានថ្លែងឱ្យដឹងថា៖ ទេសចរណ៍ត្រូវបានចាត់ទុកជា “មាសបៃតង” ដោយសារតែតួនាទីរបស់វិស័យនេះចូលរួមនៅក្នុង កំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតឱកាសការងារ ការរកប្រាក់ចំណូល ការលើកកម្ពស់ជីវភាពរស់នៅ និងការកាត់បន្ថយភាពក្រីក្រ ការអភិរក្ស បេតិកភណ្ឌធម្មជាតិ វប្បធម៌ និងប្រវត្តិសាស្ត្រ និងការចូលរួមកាត់បន្ថយការប្រែប្រួលអាកាសធាតុពិភពលោក។

លោកបានមានប្រសាសន៍ថា អេកូទេសចរណ៍ និងទេសចរណ៍វប្បធម៌បានរីកចម្រើនជាបន្តបន្ទាប់គួរឱ្យកត់សម្គាល់ និងបានរួមចំណែកជាង១០ភាគរយ នៅក្នុងផលិតផលដុលក្នុងស្រុកសរុប (ផ.ស.ស)ប្រចាំឆ្នាំ ហើយក្នុងផែនការយុទ្ធសាស្រ្តអភិវឌ្ឍន៍ទេសចរណ៍(២០១២-២០២០) បានកំណត់គោលដៅទុកជាមុនថា នៅឆ្នាំ២០២០ ភ្ញៀវទេសចរអន្តរជាតិមកទស្សនាប្រទេសកម្ពុជានឹងកើនឡើងដល់ ៧លាននាក់ ហើយនឹងបង្កើនចំណូលបានជាង ៥.០០០លាន ដុល្លាសហរដ្ឋអាមេរិក ហើយបង្កើតការងារបានប្រហែល១លានកន្លែង ។

ទាក់ទិនក្នុងរឿងនេះលោកបានបញ្ជាក់បន្ថែមថា ក្រសួងបរិស្ថានបានកំណត់តំបន់អេកូទេសចរណ៍អាទិភាពថ្នាក់ជាតិចំនួនប្រាំមួយ(៦) តំបន់ ដោយជ្រើសរើសចេញពីតំបន់ការពារធម្មជាតិ និងរបៀងអភិរក្សជីវៈចម្រុះ ដើម្បីជាមូលដ្ឋានក្នុងការជំរុញការអភិវឌ្ឍសកម្មភាពទេសចរណ៍ និងអេកូទេសចរណ៍ក្នុងតំបន់ ពិសេសការចូលរួមរបស់ភាគីពាក់ព័ន្ធ ទាំងផ្នែកសាធារណៈ ផ្នែកឯកជន និងដៃគូអភិវឌ្ឍន៍ ដែលតំបន់ទាំងនោះរួមមាន៖ ១.តំបន់អេកូទេសចរណ៍នៅឧទ្យានជាតិព្រះជ័យវរ្ម័ន-នរោត្តម «ភ្នំគូលែន» ២.តំបន់អេកូទេសចរណ៍ទេសភាពជួរភ្នំក្រវាញ ៣.តំបន់អេកូទេសចរណ៍ឆ្នេរ ៤.តំបន់អេកូទេសចរណ៍ឋាបនីយជីវៈមណ្ឌលបឹងទន្លេសាប ៥.តំបន់អេកូទេសចរណ៍ព្រៃឡង់ ៦.តំបន់អេកូទេសចរណ៍ភូមិភាគឥសាន្ត។

លោករដ្ឋលេខាធិការបានអះអាងថា “ការរៀបចំលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធ ជាពិសេសគោលការណ៍ណែនាំបច្ចេកទេស គឺជា សេចក្តីត្រូវការចាំបាច់ ក្នុងការតម្រង់ទិស និងចង្អុលបង្ហាញអំពីដំណើរការបំពេញបែបបទនីតិវិធី ការរៀបចំ និងអនុវត្តគម្រោង ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ការប្រើប្រាស់ដី ការត្រួតពិនិត្យ និងវាយតម្លៃ ដើម្បីធានាបាននូវការរៀបចំផលិតផល និងសេវាទេសចរណ៍ធម្មជាតិប្រកបដោយទទួលខុសត្រូវ ដោយមាននិរន្តរភាព និងធានាបាននូវតុល្យភាពរវាងការអភិវឌ្ឍ និងការអភិរក្ស”។

ជាមួយគ្នានេះ លោក ស៊ី រ៉ាមុនី អគ្គនាយករង នៃអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បច្ចុប្បន្នតាមរយៈកិច្ចខិតខំរួមគ្នានេះ កម្ពុជាបានបង្កើតតំបន់ការពារធម្មជាតិចំនួន៧៣ និងរបៀងអភិរក្សជីវៈចម្រុះប្រព័ន្ធតំបន់ការពារធម្មជាតិចំនួន០៣ (របៀងអភិរក្សជីវៈចម្រុះឦសាន របៀងអភិរក្សជីវៈចម្រុះឧត្តរ និងរបៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ) សរុបផ្ទៃដីមានប្រមាណជា ៧,២លានហិកតា ស្មើនឹង៤១% នៃផ្ទៃដីប្រទេសកម្ពុជាទាំងមូល ដែលនេះជាវិសាលភាពផ្ទៃដីដ៏ធំធេង ដែលត្រូវឱ្យមានការរៀបចំបែងចែកតំបន់ ការពង្រឹងការគ្រប់គ្រង និងទាញយកសក្តានុពលពីធនធានធម្មជាតិទាំងនោះមកបម្រើឱ្យសេដ្ឋកិច្ចសង្គម ប្រកបដោយ ទទួលខុសត្រូវ និងមាននិរន្តរភាព ជាពិសេសគឺការផ្តល់បរិយាកាសអំណោយផលសម្រាប់ការវិនិយោគលើទេសចរណ៍ធម្មជាតិ។

លោកស្រី សាលីម៉ាតា ហ្វូលៀ ( Salimata D. Follea )តំណាងធនាគារពិភពលោកបានឱ្យដឹងថា៖គម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជាឬហៅកាត់ CSLEPដែលបានអនុវត្តគម្រោងមួយនេះគឺក្នុងគោលបំណងក្នុងការលើកកម្ពស់គ្រប់គ្រងធនធានធម្មជាតិនៅកម្ពុជា និងក៏ដូចជា លើកកម្ពស់ជីវភាពប្រជាសហគមន៍តាមរយៈខ្សែសង្វាក់នៅតាមតំបន់បឹងនៅទន្លេសាប។ជាមួយគ្នានេះដែរគម្រោងនេះមានសមាសភាពចំនួន៣ គឺទី១រៀបចំគម្រោងក្នុងាករគ្រប់គ្រង។ទី២ការរៀបចំឱកាសក្នុងការអភិវឌ្ឍន៍ខ្សែសង្វាក់ផលិតកម្ម និងទី៣ការផ្សារភ្ជាប់ទីផ្សារ។

គួរបញ្ជាក់ថាគម្រោងនិរន្តភាពតំបន់ទេសភាពទេសចរណ៍ធម្មជាតិកម្ពុជាខេត្តគោលដៅដែលត្រូវអនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ធម្មជាតិកម្ពុជា» រួមមាន ខេត្តកំពង់ស្ពឺ កោះកុង កំពង់ឆ្នាំង ពោធិ៍សាត់ បាត់ដំបង សៀមរាប និងកំពង់ធំ និងនៅតាមតំបន់ការពារធម្មជាតិគោលដៅរួមមានដែនជម្រកសត្វព្រៃភ្នំឱរ៉ាល់ ឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង ដែនជម្រកសត្វព្រៃតាតៃ ដែនជម្រកសត្វព្រៃសំកុស របៀងអភិរក្សជីវៈចម្រុះជួរភ្នំក្រវាញ តំបន់ប្រើប្រាស់ច្រើនយ៉ាង បឹងទន្លេសាប និងតំបន់ការពារធម្មជាតិនៅក្បែរមួយចំនួនទៀត៕