​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ កង​ម៉ា​រី​ន​អាម៉េរិក​និង​ហ្វីលីពីន​ជាង ២.៥០០ នាក់​បាន​ចូលរួម​សមយុទ្ធ​ប្រយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា ដើម្បី​អាច​ឆ្លើយតប​ទៅ​នឹង​វិបត្តិ​ភ្លាមៗ​នៅក្នុង​តំបន់​មួយ ដែល​មាន​ជម្លោះ​អូសបន្លាយ​ពេល​យ៉ាង​យូរ​នៅ​ដែន​ទឹកសមុទ្រ​ចិន​ខាងត្បូង​និង​ការកើនឡើង​ភាព​តានតឹង​ជុំវិញ​កោះ​តៃវ៉ាន់​។​

​សមយុទ្ធ​យោធា​ប្រចាំឆ្នាំ​គឺជា​សមយុទ្ធ​ដ៏​ធំ​បំផុត​មួយ​រហូតមកទល់​ពេលនេះ​រវាង​សម្ពន្ធមិត្ត​សន្ធិសញ្ញា​ដ៏​យូរលង់​មួយ​នេះ ក្រោម​ការដឹកនាំ​របស់​ប្រធានាធិបតី​ហ្វីលីពីន​ជាប់ឆ្នោត​ថ្មី លោក ហ្វែរ​ឌីណ​ង់ ម៉ាកូ​ស ជូនៀ (Ferdinand Marcos Jr.) ជា​អ្នក​ស្នង​តំណែង​ពី​អ្នកដឹកនាំ​មុន​របស់​គាត់ គឺ​លោក រ៉ូ​ឌ្រី​ហ្គោ ឌុយ​ទែត ដែល​រិះគន់​ឥត​សំចៃមាត់​ចំពោះ​គោល​នយោបាយ​សន្តិសុខ​របស់​សហរដ្ឋ​អាម៉េរិក និង​ជំទាស់​សមយុទ្ធ​យោធា​ជាមួយ​កងកម្លាំង​អាម៉េរិក ដែល​គាត់​និយាយថា​អាច​បំពាន​ប្រទេស​ចិន​។​

​ក្រុម​មន្ត្រី​យោធា​អាម៉េរិក​និង​ហ្វីលីពីន​បាន​និយាយថា សមយុទ្ធ​ឈ្មោះថា Kamandag the Tagalog ដែល​មានន័យថា “​កិច្ចសហប្រតិបត្តិការ​អ្នក​ចម្បាំង​សមុទ្រ​”​មាន​ការចូលរួម​ពី​ទាហាន​ម៉ា​រី​ន​​អាម៉េរិក​ចំនួន ១.៩០០ នាក់ និង​សម​ភាគី​ហ្វីលីពីន​ជាង ៦០០ នាក់ នៅក្នុង​ឈុត​ឆាក​វាយលុក​និង​ប្រតិបត្តិការ​ពិសេស​មួយ​។ ពួកគេ​បាន​និយាយថា កាំ​ជ្រួច HIMARS​របស់​អាម៉េរិក​និង​យន្តហោះ​​ចម្បាំង​លឿន​ជាង​សំឡេង នឹង​ស្ថិត​ក្នុង​សមយុទ្ធ​បាញ់​គ្រាប់​ពិត ដែល​នឹង​បញ្ចប់​នៅ​ថ្ងៃទី ១៤ ខែតុលា​។​

​ទី​កន្លែង​ប្រមូលផ្តុំ​គឺ​នៅ​ខេត្ត​កោះ​ភាគ​ខាងលិច ផា​ឡា​វ៉ាន់ (Palawan) ទល់មុខ​នឹង​សមុទ្រ​ចិន​ខាងត្បូង និង​ភាគ​ខាងជើង​ប្រទេស​ហ្វីលីពីន ឆ្លងកាត់​ច្រក​សមុទ្រ​លូ​ហ្សុន (Luzon) ពី​តៃវ៉ាន់​។​

​មន្ត្រី​យោធា​អាម៉េរិក​បាន​និយាយ​ថា​សមយុទ្ធ​យោធា​នៅ​ក្នុងប្រទេស​ហ្វីលីពីន​កំពុង​ត្រូវបាន​ធ្វើឡើង​ក្នុងពេល​ដំណាលគ្នា​ជាមួយនឹង​សមយុទ្ធ​ប្រយុទ្ធ​រវាង​កង​ម៉ា​រី​ន​អាម៉េរិក​និង​កងកម្លាំង​ស្វ័យការពារ​​ជប៉ុន​នៅ​លើ​កោះ​ហុក​កៃដូ​ភាគ​ខាងជើង​ប្រទេស​ជប៉ុន ដែល​មាន​ការចូលរួម​ពី​បុគ្គលិក​យោធា​ប្រហែល ៣.០០០ នាក់​មក​ពី​ភាគី​ទាំងពីរ​៕

កង​ម៉ា​រី​ន​អាម៉េរិក​និង​ហ្វីលីពីន​ជាង ២.៥០០ នាក់​បាន​ចូលរួម​សមយុទ្ធ​ប្រយុទ្ធ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣​តុលា