​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ ពូជ​ឆ្កែ​រោម​ស្រ​ម៉ូ​វ ឈ្មោះ មី​ឈី និង ម៉ូ​ឈី (Michi និង Mochi) គឺ​ស្ថិត​ក្នុងចំណោម​គូ​ស្វាមីភរិយា​ជើង​បួន​ចំនួន ១៥ គូ​ដែល​បាន​ចង​ចំណង​អា​ពាហ៍​​ពិពាហ៍​ក្នុង​ពិធីមង្គលការ​សត្វ​ចិញ្ចឹម​មួយ​ក្នុងប្រទេស​ហ្វីលីពីន​កាលពី​ថ្ងៃអាទិត្យ​ទី​២​តុលា ដែល​ធ្វើឡើង​រួម​ជាមួយ​ការ​ជូនពរ​ពិសេស​ដល់​សត្វ​ចិញ្ចឹម​ដើម្បី​ប្រារព្ធ​ទិវា​សត្វ​ពិភពលោក​។​

​ម្ចាស់​ឈ្មោះ អា​យអេន ដឺ ហ្គៀ (Ianne De Guia) និង ប្រាយ​អែន ឡាហ្គោ (Bryan Largo) ដែល​បាន​ចូលរួម​ជាមួយ​អ្នក​ស្រឡាញ់​សត្វ​ចិញ្ចឹម​រាប់រយ​នាក់​ផ្សេង​ទៀត​សម្រាប់​ការ​ជូនពរ​សត្វ បាន​និយាយថា មី​ឈី និង​ម៉ូ​ឈី ដែល​ស្លៀកពាក់​ឈុត​រ៉ូ​បវែង​និង​ឈុត​អាវធំ​សម្រាប់​ឱកាស​នោះ អាច​ពង្រឹង​ភាពជា​គូស្នេហ៍​របស់​ពួក​វា បន្ទាប់​ពី​បង្កើត​បាន​កូន​ឆ្កែ​នាពេល​ថ្មីៗ​នេះ​។​

​គូ​ស្វាមីភរិយា​នេះ​បាន​ចុះ​លេង​នៅ​សួនច្បារ​ក្បែរ​ផ្សារ​ទំនើប​មួយ​កន្លែង ដែល​សត្វ​រាប់រយ​ក្បាល រួម​ទាំង​ឆ្មា ទន្សាយ និង​ជ្រូក​ហ្គី​ណេ​ក៏​បាន​ទទួលពរជ័យ​ក្នុង​ពិធីមង្គលការ​ជិះ​ចូល​តាម​ឡាន​ផ្ទាល់​ទៅ​​កាន់​លោក​អាចារ្យ ដែល​បាន​ប្រោះ​ទឹកមន្ត​ផងដែរ​។​

​វា​ជា​ពិធី​មង្គល​ដោយផ្ទាល់​លើកដំបូង​ចាប់តាំងពី​ជំងឺ​រាតត្បាត​ដើម្បី​ប្រារព្ធ​ទិវា​សត្វ​ពិភពលោក ដែល​ប្រារព្ធ​នៅ​ទូទាំង​ពិភពលោក​ដើម្បី​ទទួលស្គាល់​សិទ្ធិ​និង​សុខុមាលភាព​សត្វ ដែល​ត្រូវ​នឹង​ថ្ងៃទី ៤ ខែតុលា ក៏​ត្រូវ​ជា​បុណ្យ​របស់​ព្រះ​សេន​ហ្វ្រង់​ស៊ីស​នៃ​អា​សស៊ី​ស៊ី (Saint Francis of Assisi) ដែលជា​អ្នកការពារ​សត្វ​ផងដែរ​។​

​លោកស្រី ផូ​ឡា ផាស៊ី​ស (Paula Pacis) ដែល​បាន​យក​ឆ្កែ​របស់​គាត់​ឈ្មោះ ស៊ី ធី​ហ្សូ​ស (Shih Tzus) អាយុ​៥​ឆ្នាំ​មក​ទទួល​ពរជ័យ​ដែរនោះ បាន​និយាយថា “​ហេតុផល​ដែល​ពរជ័យ​ចំពោះ​សត្វ​ចិញ្ចឹម​មាន​សារៈសំខាន់​សម្រាប់​ពួក​យើង​គឺ​ដើម្បី​ការពារ​ពួកវា ទទួល​ការណែនាំ​ពី​ព្រះ ជាពិសេស​សុខភាព​ល្អ និង​អាយុ​យ៉ឺនយូរ ហើយ​សង្ឃឹមថា​ពួកវា​នឹង​មិន​ឈឺ​”៕

អាចារ្យ​កំពុង​ស្រោច​ទឹកមន្ត​ដល់​សត្វ​ចិញ្ចឹម​ដែល​ទើប​រៀបការ​ថ្មី​ថ្មោង